ULAN BATOR ៖ ប្រភពទីភ្នាក់ងារ Xinhua បានផ្សព្វផ្សាយនៅថ្ងៃទី២៣ ខែវិច្ឆិកា ឆ្នាំ២០២៣ថា ទីភ្នាក់ងារគ្រប់គ្រងគ្រោះមហន្តរាយជាតិ ហៅកាត់ (NEMA) បានឲ្យដឹងនៅល្ងាចថ្ងៃពុធថា មនុស្សយ៉ាងតិច ចំនួន៤៦នាក់ ដែលភាគច្រើនជាគង្វាលពនេចរ បានបាត់ខ្លួននៅក្នុងប្រទេស ម៉ុងហ្គោលីភាគខាងកើត ដោយសារតែព្រិលធ្លាក់ខ្លាំង និងព្យុះទឹកកក ។
ទីភ្នាក់ងារ NEMA បានឲ្យដឹងនៅក្នុងសេចក្តីថ្លែងការណ៍មួយថា ការស្វែងរកអ្នកបាត់ខ្លួននៅក្នុងខេត្ត Sukhbaatar, Khentii, Dornod និង Dornogovi កំពុងដំណើរការ ។
សេចក្តីថ្លែងការណ៍បានដាក់ថា ព្យុះទឹកកក និងធូលីដ៏ខ្លាំង បានចាប់ផ្តើមបោកបក់ពាសពេញផ្នែកធំ នៃប្រទេសនេះកាលពីថ្ងៃអង្គារ ជាពិសេសនៅក្នុងខេត្ត Gobi ស្ថិតនៅភាគខាងកើត និងភាគខាងត្បូង ដែលបណ្តាលឱ្យមានការមើល ឃើញស្ថានភាពមិនល្អ ។
សេចក្តីថ្លែងការណ៍បានដាក់ថា អាកាសធាតុប្រែប្រួលត្រូវបានគេរំពឹងថា នឹងបន្តពេញមួយសប្តាហ៍នេះ ដោយបានព្រមានសាធារណជន ជាពិសេសអ្នកចិញ្ចឹមសត្វ និងអ្នកបើកបរឱ្យមានការប្រុងប្រយ័ត្នបន្ថែម ចំពោះគ្រោះមហន្តរាយដែលអាចកើតមាន ។
ព្យុះព្រិលធ្លាក់ខ្លាំង និងខ្យល់ព្យុះបានបោកបក់លើផ្នែកធំៗ ក្នុងប្រទេសម៉ុងហ្គោលីកាលពីដើមខែនេះ ដោយបានសម្លាប់អ្នកចិញ្ចឹមសត្វចំនួន៨នាក់ ។
ម៉ុងហ្គោលី មានអាកាសធាតុនៅលើទ្វីបដ៏អាក្រក់ ដោយសារខ្យល់បក់បោកខ្លាំង និងព្យុះធូលីកើតឡើងដែលជារឿងធម្មតា ជាពិសេសនៅរដូវផ្ការីក ៕
ប្រែសម្រួលដោយ៖ ម៉ៅ បុប្ផាមករា