ព័ត៌មានអន្តរជាតិ

​អ៊ីរ៉ង់ អំពាវនាវឲ្យមានបទឈប់បាញ់ជាអចិន្ត្រៃយ៍ បន្ទាប់ពីអ៊ីស្រាអែល និងក្រុមហាម៉ាស យល់ព្រមលើបទឈប់បាញ់រយៈពេល 4 ថ្ងៃ​

Xinhua

តេអេរ៉ង់៖ រដ្ឋមន្ត្រីការបរទេសអ៊ីរ៉ង់ លោក Hossein Amir-Abdollahian បានព្រមាន​ថា ស្ថានភាពនៅក្នុងតំបន់នឹងកាន់តែអាក្រក់ទៅៗ ប្រសិនបើក្រុមហាម៉ាស និង អ៊ីស្រាអែល បរាជ័យក្នុងការឈានដល់បទឈប់បាញ់ប្រកបដោយនិរន្តរភាព នេះបើយោងតាមសេចក្តី ថ្លែងការណ៍ចេញផ្សាយដោយ ទីស្តីការគណៈរដ្ឋមន្ត្រីរបស់ប្រទេសលីបង់។

ក្នុងអំឡុងពេលជំនួបជាមួយ នាយករដ្ឋមន្ត្រីលីបង់ លោក Najib Mikati ក្នុងទីក្រុងប៉េរ៉ូត អ្នកការទូតកំពូលអ៊ីរ៉ង់ បានសរសើរបទឈប់បាញ់ មនុស្សធម៌រយៈពេល ៤ថ្ងៃដែលបានឈានដល់រវាងក្រុមហាម៉ាស និងអ៊ីស្រាអែល នៅព្រឹកថ្ងៃព្រហស្បតិ៍នេះ ហើយបានសង្កត់ធ្ងន់លើតម្រូវការ ដើម្បីឈានដល់បទឈប់បាញ់ជាអចិន្ត្រៃយ៍។

ចំណែកលោក Mikati បានសង្កត់ធ្ងន់លើតម្រូវការនៃការឈានដល់បទឈប់បាញ់ដ៏ទូលំទូលាយមួយ បញ្ចប់ការវាយប្រហាររបស់អ៊ីស្រាអែល លើតំបន់ហ្គាហ្សា និងឆ្ពោះទៅរកដំណោះស្រាយប្រកបដោយនិរន្តរភាព និងសន្តិភាព។

លោកក៏បានអំពាវនាវដល់ “បណ្តាប្រទេសមានឥទ្ធិពល ឱ្យដាក់សម្ពាធលើអ៊ីស្រាអែល ឱ្យបញ្ឈប់ការឈ្លានពានរបស់ខ្លួនប្រឆាំងនឹងលីបង់ភាគខាងត្បូង និងបញ្ឈប់ការផ្តោតគោលដៅលើជនស៊ីវិល និងអ្នកកាសែត ជាពិសេស”។

លោក Abdollahian បានមកដល់ទីក្រុងប៉េរ៉ូត កាលពីថ្ងៃពុធ ដើម្បីពិភាក្សាជាមួយមន្ត្រីលីបង់ អំពីវិធីស្តារស្ថិរភាពក្នុងតំបន់ និងលើកកម្ពស់សិទ្ធិរបស់ប៉ាឡេស្ទីន នេះបើយោងតាមការចុះផ្សាយ របស់ទីភ្នាក់ងារសារព័ត៌មានចិនស៊ិនហួ។

បទឈប់បាញ់មនុស្សធម៌ត្រូវបានឈានដល់រវាងអ៊ីស្រាអែល និងក្រុមប្រដាប់អាវុធប៉ាឡេស្ទីនហាម៉ាស នៅតំបន់ហ្គាហ្សាស្ទ្រីប។ ការិយាល័យនាយករដ្ឋមន្ត្រីអ៊ីស្រាអែលលោក បេនចាមីន ណេតាន់យ៉ាងហ៊ូ បានឲ្យដឹងកាលពីថ្ងៃពុធថា នៅក្រោមកិច្ចព្រមព្រៀងបទឈប់បាញ់ ចំណាប់ខ្មាំង ៥០ នាក់ភាគច្រើនជាកុមារ និងស្ត្រី នឹងត្រូវបានដោះលែងសម្រាប់ការដោះលែងអ្នកទោសប៉ាឡេស្ទីនជាស្ត្រី និងក្មេងជំទង់ប្រហែល ១៥០នាក់ពីពន្ធនាគារអ៊ីស្រាអែល។

ក្រសួងការបរទេសរបស់ប្រទេសលីបង់បានស្វាគមន៍កាលពីថ្ងៃពុធចំពោះកិច្ចព្រមព្រៀងបទឈប់បាញ់មនុស្សធម៌ដោយសង្ឃឹមថា វានឹងដើរតួជាច្រកមួយ ដើម្បីសម្រេចបានបទឈប់បាញ់ពេញលេញ និងជាអចិន្ត្រៃយ៍នៅក្នុងតំបន់ហ្គាហ្សាស្ទ្រីប និងការសម្របសម្រួលដល់ការចូលជាបន្ទាន់ និងដោយគ្មានលក្ខខណ្ឌនៃជំនួយមនុស្សធម៌៕
ប្រែសម្រួល ឈូក បូរ៉ា

To Top