ព័ត៌មានអន្តរជាតិ

រុស្ស៊ីបាញ់ផ្លោង សម្លាប់មនុស្ស៤នាក់ នៅអ៊ុយក្រែន ក្នុងពេលដែលអ៊ុយក្រែន វាយប្រហារដោយដ្រូន សម្លាប់អ្នកកាសែតរុស្ស៊ីម្នាក់

AFP

បរទេស៖ មន្ត្រីអ៊ុយក្រែនបាននិយាយថា មនុស្ស ៤ នាក់បានស្លាប់ និង ៥នាក់ទៀតបានរងរបួសនៅក្នុងការបាញ់ផ្លោងរបស់រុស្ស៊ីនៅក្នុងតំបន់ ឃែសុន ភាគខាងត្បូងប្រទេសអ៊ុយក្រែនកាលពីថ្ងៃព្រហស្បតិ៍។

យោងតាមសារព័ត៌មាន VOA ចេញផ្សាយនៅថ្ងៃទី២៣ ខែវិច្ឆិកា ឆ្នាំ២០២៣ បានឱ្យដឹងថា រដ្ឋមន្ត្រីក្រសួងមហាផ្ទៃអ៊ុយក្រែន លោក អ៊ីហ័រ លីមិនកូ បាននិយាយថា អគារលំនៅដ្ឋាន និងហេដ្ឋារចនាសម្ព័ន្ធជាង ៦០ ត្រូវបានខូចខាតនៅក្នុង ការវាយប្រហារនោះ។

លោក អេនដ្រី យើរម៉ាក ប្រធានការិយាល័យប្រធានាធិបតីអ៊ុយក្រែនបាននិយាយនៅលើ Telegram ថា “វាត្រូវបានគេដឹងជាបឋមថា ការបាញ់ផ្លោងត្រូវបានធ្វើឡើងដោយគ្រាប់បែកចង្កោម” ។ VOA មិន​អាច​បញ្ជាក់​ដោយ​ឯករាជ្យ​លើ​របាយការណ៍​វាយប្រហារនេះ បានទេ។

កងទ័ពរុស្ស៊ីបានបោះបង់ចោលទីក្រុង ឃែរសុន កាលពីចុងឆ្នាំមុន ប៉ុន្តែនៅតែកំណត់គោលដៅជាប្រចាំ នៅតំបន់នេះពីច្រាំងខាងកើតនៃទន្លេ ឌីនីប្រូ ។

ជាមួយគ្នានេះ ទូរទស្សន៍រដ្ឋរុស្ស៊ីបានផ្សាយកាលពីថ្ងៃព្រហស្បតិ៍ថា អ្នកកាសែតរបស់ខ្លួនម្នាក់ បានស្លាប់ បន្ទាប់ពីរងរបួសនៅក្នុងការ វាយប្រហារដោយយន្តហោះគ្មានមនុស្ស បើករបស់អ៊ុយក្រែននៅក្នុងតំបន់ ហ្សាប៉ូរីសៀ ដែលកាន់កាប់ដោយរុស្ស៊ី ភាគខាងត្បូងអ៊ុយក្រែន។

បណ្តាញរុស្ស៊ីបានប្រកាស ពីការស្លាប់របស់អ្នកកាសែតឈ្មោះ បូរីស ម៉ាកស៊ូដូវ មួយថ្ងៃបន្ទាប់ពីក្រសួងការពារជាតិរុស្ស៊ីបាននិយាយថា គាត់ត្រូវបានគេវាយប្រហារ ខណៈកំពុងធ្វើការនៅ ហ្សាប៉ូរីសៀ ។

ប្រធានាធិបតីអ៊ុយក្រែន លោក Volodymyr Zelenskyy បានប្រើប្រាស់ផ្នែកនៃសុន្ទរកថា ពេលយប់របស់លោកកាលពីថ្ងៃពុធ ដើម្បីបង្ហាញពីកញ្ចប់ ជំនួយយោធាថ្មី ពីសម្ព័ន្ធមិត្ត ដែលលោកបាននិយាយថា រួមមានជំនួយសម្រាប់ការពារដែន អាកាសរបស់ប្រទេសអ៊ុយក្រែនផងដែរ។

លោក Zelenskyy បាននិយាយថា ជំនួយនេះនឹងការពារទីក្រុង និងទីប្រជុំជនរបស់អ៊ុយក្រែន បានប្រសើរជាងមុនពីការ វាយប្រហាររបស់រុស្ស៊ី ហើយថា “ខែលការពារអាកាសរបស់អ៊ុយក្រែន កាន់តែមានថាមពលខ្លាំងជារៀងរាល់ខែ” ៕
ប្រែសម្រួលៈ ណៃ តុលា

To Top