បរទេស៖ ទាហានអ៊ីស្រាអែលបានបើកការបាញ់ប្រហារទៅលើជនស៊ីវិលប៉ាឡេស្ទីនដែលព្យាយាមត្រឡប់ទៅផ្ទះរបស់ពួកគេវិញនៅភាគខាងជើងហ្គាហ្សា ភ្លាមៗបន្ទាប់ពីការចាប់ផ្តើមនៃបទឈប់បាញ់រយៈពេល៤ថ្ងៃរវាងអ៊ីស្រាអែល និងក្រុមហាម៉ាស, នេះបើតាមអ្នកសារព័ត៌មាន AP បានរាយការណ៍ពីកន្លែងកើតហេតុ។ កងកម្លាំងការពារអ៊ីស្រាអែល (IDF) មុននេះ បានព្រមានអ្នកផ្លាស់ទីលំនៅនៅតំបន់ហ្គាហ្សា ប្រឆាំងនឹងការប៉ុនប៉ងផ្លាស់ទីទៅភាគខាងជើងនៃតំបន់នោះ។
យោងតាមសារព័ត៌មាន RT ចេញផ្សាយនៅថ្ងៃទី២៤ ខែវិច្ឆិកា ឆ្នាំ២០២៣ បានឱ្យដឹងដោយផ្អែកតាមទីភ្នាក់ងារសារព័ត៌មានបានអះអាងកាលពីថ្ងៃសុក្រថា យ៉ាងហោចណាស់មនុស្ស២នាក់បានស្លាប់ និង១១នាក់ផ្សេងទៀតបានរងរបួសក្នុងអំឡុងពេលឧបទ្ទវហេតុនេះ។
អ្នកនាំពាក្យយោធាអ៊ីស្រាអែលបានប្រាប់សារព័ត៌មាន Haaretz ថា របាយការណ៍នៃការប្រើប្រាស់ការបាញ់ប្រហារដោយទាហាន IDF ប្រឆាំងនឹងប៉ាឡេស្ទីនកំពុងត្រូវបានស៊ើបអង្កេត។
យោងតាមកាសែតនេះ ចំនួនជនស៊ីវិលដែលរងរបួសដោយ “ការបាញ់ប្រហាររបស់អ៊ីស្រាអែល” ក្នុងអំឡុងពេលការប៉ុនប៉ងរបស់ពួកគេដើម្បីទៅដល់ភាគខាងជើងនៃតំបន់ហ្គាហ្សាមានចំនួន ១៥នាក់ ។ ពួកគេត្រូវបានបញ្ជូនទៅមន្ទីរពេទ្យនៅ Deir al-Balah នៅកណ្តាលហ្គាហ្សាដើម្បីព្យាបាល។
កាសែត The Times of Israel ក៏បានរាយការណ៍ផងដែរថា មនុស្សមួយចំនួនកំពុងព្យាយាមចេញពីផ្នែកខាងត្បូងនៃតំបន់ជុំវិញនោះ។ ទោះយ៉ាងណាក៏ដោយ កាសែតនេះបានសរសេរថា កងទ័ព IDF បានប្រើមធ្យោបាយបំបែកក្រុមនោះដើម្បីធ្វើឱ្យពួកគេវិលត្រឡប់មកវិញ។