ព័ត៌មានអន្តរជាតិ

Update: អ៊ីស្រាអែល ​បន្តការវាយប្រហារ​នៅ​ហ្គាហ្សា មួយថ្ងៃមុន​បទ​ឈប់​បាញ់ ​ត្រូវ​បានចាប់ផ្ដើម

ហ្គាហ្សា៖ អ៊ីស្រាអែល បានបន្តការវាយប្រហាររបស់ខ្លួននៅតំបន់ហ្គាហ្សាស្ទ្រីបនៅព្រឹកថ្ងៃព្រហស្បតិ៍ ចាប់តាំងពីកិច្ចព្រមព្រៀងបទឈប់បាញ់ឈានដល់រវាងប្រទេសនេះ និងចលនាហាម៉ាស ដែលគ្រប់គ្រងតំបន់ហ្គាហ្សា មិនបានដូចការរំពឹងទុកនឹងចូលជាធរមាននៅថ្ងៃព្រហស្បតិ៍។

កិច្ចព្រមព្រៀង ស្តីពីបទឈប់បាញ់បណ្តោះអាសន្នរយៈពេល ៤ ថ្ងៃនៅតំបន់ហ្គាហ្សា សម្រាប់ការផ្លាស់ប្តូរចំណាប់ខ្មាំងយ៉ាងហោចណាស់ ៥០ នាក់ដែលត្រូវបានចាប់ពង្រត់នៅតំបន់ហ្គាហ្សា និងអ្នកឃុំឃាំងប៉ាឡេស្ទីនប្រហែល ១៥០ នាក់ដែលត្រូវបានឃុំខ្លួនក្នុងប្រទេសអ៊ីស្រាអែល ក៏ដូចជាជំនួយមនុស្សធម៌បន្ថែមទៀត ដើម្បីចូលទៅក្នុងក្របខណ្ឌប៉ាឡេស្ទីន ដែលរងគ្រោះដោយសង្រ្គាមត្រូវបានព្រមព្រៀងជាដំបូង​ ដោយភាគីជម្លោះទាំងពីរនៅថ្ងៃពុធ ហើយគ្រោងចូលជាធរមាននៅថ្ងៃព្រហស្បតិ៍។

ទោះបីជាយ៉ាងណាក៏ដោយ នៅក្នុងសេចក្តីប្រកាសមួយកាលពីល្ងាចថ្ងៃពុធ នាយកក្រុមប្រឹក្សាសន្តិសុខជាតិរបស់អ៊ីស្រាអែល លោក Tzachi Hanegbi បានឲ្យដឹងថា កិច្ចព្រមព្រៀងសម្របសម្រួលដោយកាតាត្រូវបានពន្យារពេល ខណៈដែលការវាយប្រហាររបស់អ៊ីស្រាអែល កំពុងបន្តពេញមួយយប់នៅហ្គាហ្សា។

អ្នកនាំពាក្យកងទ័ពអ៊ីស្រាអែលបានរាយការណ៍នៅក្នុងសេចក្តីថ្លែងការណ៍មួយថា ការប្រយុទ្ធគ្នាយ៉ាងធ្ងន់ធ្ងរបានបន្តនៅក្នុងតំបន់ Jabalia និង Beit Hanoun នៅភាគខាងជើងហ្គាហ្សាស្ទ្រីប ដោយបន្ថែមថាទីតាំងជាង ៣០០ ត្រូវបានវាយប្រហារក្នុងរយៈពេលមួយថ្ងៃកន្លងមក។

កងកម្លាំងការពារអ៊ីស្រាអែល (IDF) បានប្រកាសកាលពីរសៀលថ្ងៃព្រហស្បតិ៍ម្សិលមិញនេះថា ខ្លួនបានចាប់ខ្លួននាយកមន្ទីរពេទ្យ Al-Shifa ដ៏ធំបំផុតនៅហ្គាហ្សា លោក Mohammed Abu Selmeia ដោយចោទប្រកាន់លោកថា បានអនុញ្ញាតឱ្យក្រុមហាម៉ាសកេងចំណេញមន្ទីរពេទ្យជាមជ្ឈមណ្ឌលបញ្ជា និងគ្រប់គ្រង។

នៅលើការផ្សាយរបស់ទូរទស្សន៍អ៊ីស្រាអែល ពពកខ្មៅដ៏ធំត្រូវបានគេមើលឃើញថា បានហក់ឡើងពីលើតំបន់ហ្គាហ្សាភាគខាងជើង នេះបើយោងតាមការចុះផ្សយរបស់ទីភ្នាក់ងារសារព័ត៌មានចិនស៊ិនហួ។

កងទ័ព​បាន​ចេញ​ការ​អំពាវ​នាវ​ជា​ថ្មី​ឱ្យ​អ្នក​ក្រុង​ហ្គាហ្សា​ជម្លៀស​ចេញ​ទៅ​ភាគ​ខាង​ត្បូង។ IDF បានសរសេរជាភាសាអារ៉ាប់នៅលើវេទិកាប្រព័ន្ធផ្សព្វផ្សាយសង្គម X ថា “យើងនិយាយទៅកាន់អ្នករស់នៅទីក្រុងហ្គាហ្សា ជាពិសេសនៅក្នុងសង្កាត់នៃ Jabalia និង Shuja’iyya ឱ្យជម្លៀសចេញជាបន្ទាន់ ដើម្បីសុវត្ថិភាពផ្ទាល់ខ្លួនរបស់អ្នក” ។

ប្រធានបុគ្គលិក IDF លោក Herzi Halevi បានជួបជាមួយមេបញ្ជាការនៅខាងក្នុងតំបន់ហ្គាហ្សាស្ទ្រីប ដើម្បីវាយតម្លៃស្ថានភាពនៅលើទីវាល ហើយនៅក្នុងវីដេអូ ដែលចេញផ្សាយដោយកងទ័ព ​មេបញ្ជាការបានប្រាប់ថា “យើងមិនបញ្ចប់សង្រ្គាមទេ  យើងនឹងបន្តរហូតដល់យើងទទួលបានជ័យជំនះ”។

យោងតាមតួលេខផ្លូវការរបស់ប៉ាឡេស្ទីនបានឱ្យដឹងថា ជម្លោះនេះបាននាំឱ្យមានការបំផ្លិចបំផ្លាញដ៏ធំនៅក្នុងតំបន់ហ្គាហ្សា រួមទាំងសង្កាត់ទាំងមូល ដែលត្រូវបានបំផ្លាញដោយការវាយប្រហាររបស់អ៊ីស្រាអែល និងការសម្លាប់មនុស្សយ៉ាងហោចណាស់ ១៤,៥៣២នាក់ ដែលភាគច្រើនជាជនស៊ីវិល។ យោងតាមតួលេខរបស់អ៊ីស្រាអែល មនុស្សប្រហែល ១,២០០នាក់ត្រូវបានសម្លាប់ ហើយប្រហែល ២៤០ នាក់ផ្សេងទៀតត្រូវបានចាប់ធ្វើជាចំណាប់ខ្មាំងក្នុងអំឡុងពេលការវាយប្រហាររបស់ពួកហាម៉ាស លើភាគខាងត្បូងអ៊ីស្រាអែល កាលពីថ្ងៃទី០៧ ខែតុលា ដែលបង្កឱ្យមានជម្លោះ៕ ប្រែសម្រួល ឈូក បូរ៉ា

To Top