បរទេស ៖ សេវាសន្តិសុខសហព័ន្ធ (FSB) របស់រុស្ស៊ី បានប្រកាសថា ភ្នាក់ងារអនុវត្តច្បាប់របស់រុស្ស៊ី បានចាប់ខ្លួនអ្នកបំផ្លិចបំផ្លាញ ជនជាតិអ៊ុយក្រែនម្នាក់ ដែលត្រូវបានចោទប្រកាន់ថា មានផែនការនឹងធ្វើឃាតមន្ត្រីយោធា ជាន់ខ្ពស់នៅភាគខាងលិច នៃប្រទេស ។
យោងតាមសារព័ត៌មាន RT ចេញផ្សាយនៅថ្ងៃទី២៣ ខែវិច្ឆិកា ឆ្នាំ២០២៣ បានឱ្យដឹងថា នៅក្នុងសេចក្តីថ្លែងការណ៍មួយកាលពីថ្ងៃព្រហស្បតិ៍ ទីភ្នាក់ងារនេះបាននិយាយថា ខ្លួនបានរារាំងសកម្មភាពខុសច្បាប់ ដោយពលរដ្ឋអ៊ុយក្រែនអាយុ ២៨ ឆ្នាំម្នាក់ដែលជាប់ពាក់ព័ន្ធ ក្នុងការដាក់មូលដ្ឋាន សម្រាប់សកម្មភាព “ភេរវករបំផ្លិចបំផ្លាញ” នៅទីក្រុង Voronezh ដែលជាទីក្រុងចម្ងាយប្រហែល ២៥០ គីឡូម៉ែត្រពីព្រំដែនអ៊ុយក្រែន។ គោលដៅរបស់គាត់ត្រូវបានគេនិយាយថា ជាសមាជិកជាន់ខ្ពស់ មិនបញ្ចេញឈ្មោះនៃកងកម្លាំងប្រដាប់អាវុធរុស្ស៊ី។
FSB បាននិយាយថា ឃាតកដែលនឹងត្រូវបានជ្រើសរើសដោយ អគ្គនាយកដ្ឋានស៊ើបការណ៍សម្ងាត់ (GUR) របស់ទីក្រុងគៀវ ក្នុងខែកញ្ញា ឆ្នាំ២០២២ នៅក្នុងតំបន់ Kharkov របស់ប្រទេសអ៊ុយក្រែន ជាប់ព្រំដែនជាមួយប្រទេសរុស្ស៊ី ហើយបានទទួលការបណ្តុះបណ្តាលចារកម្ម និងការបំផ្លិចបំផ្លាញ។ មន្ត្រីបានអះអាងថា បន្ទាប់មកគាត់ត្រូវបានបញ្ជូនទៅប្រទេសរុស្ស៊ី ជាកន្លែងដែលគាត់ត្រូវបានបញ្ជា ឱ្យធ្វើការវាយប្រហារភេរវកម្មដោយប្រើឧបករណ៍បំផ្ទុះ។
យោងតាមទីភ្នាក់ងារនេះ ក្នុងអំឡុងពេលប្រតិបត្តិការ វាយឆ្មក់ នោះ ក្រុមប្រតិបត្តិការបានរឹបអូស យកគ្រាប់បែក ដែលផលិតនៅក្នុងស្រុកដែលមានផ្នែកតូចៗ នៃគ្រាប់បែក ឧបករណ៍បំផ្ទុះជាច្រើន និងលិខិតឆ្លងដែនរុស្ស៊ីក្លែងក្លាយ ដែលសន្មតថាអនុញ្ញាត ឱ្យជនសង្ស័យរត់ចេញពីប្រទេស បន្ទាប់ពីការវាយប្រហារ ៕
ប្រែសម្រួលៈ ណៃ តុលា