បរទេស ៖ អាជ្ញាធរអាល្លឺម៉ង់ កាលពីថ្ងៃព្រហស្បតិ៍ បានធ្វើការវាយឆ្មក់ ពាក់ព័ន្ធនឹងការហាមឃាត់ក្រុមសកម្ម ប្រយុទ្ធប៉ាឡេស្ទីន ហាម៉ាស និងក្រុម Samidoun ដែលគាំទ្រប៉ាឡេស្ទីន ។
យោងតាមសារព័ត៌មាន VOA ចេញផ្សាយនៅថ្ងៃទី២៣ ខែវិច្ឆិកា ឆ្នាំ២០២៣ បានឱ្យដឹងថា ក្រសួងមហាផ្ទៃរបស់ប្រទេសអាល្លឺម៉ង់បានឱ្យដឹងថា ការវាយឆ្មក់បានធ្វើឡើងនៅទីតាំងចំនួន ១៥ ដែលជាអចលនទ្រព្យនៅក្នុងរដ្ឋចំនួន ៤ ។
រដ្ឋមន្ត្រីមហាផ្ទៃអាល្លឺម៉ង់ លោកស្រី Nancy Faeser បាននិយាយនៅក្នុងសេចក្តីថ្លែងការណ៍មួយថា “ជាមួយនឹងការហាមប្រាមលើក្រុម ហាម៉ាស និង Samidoun នៅក្នុងប្រទេសអាល្លឺម៉ង់ គឺយើងបានបញ្ជូន សញ្ញាយ៉ាងច្បាស់ថា យើងនឹងមិនអត់ឱនឱ្យមានការលើកតម្កើង ឬការគាំទ្រ ចំពោះភេរវកម្មដ៏ព្រៃផ្សៃ របស់ក្រុម ហាម៉ាស ប្រឆាំងនឹងអ៊ីស្រាអែលឡើយ” ។
ក្រសួងមហាផ្ទៃអាល្លឺម៉ង បានឱ្យដឹងដែរថា មានសមាជិកក្រុមហាម៉ាស់ ប្រហែល ៤៥០ នាក់នៅក្នុងប្រទេសអាល្លឺម៉ង់ ហើយថាពួកគេបានចូលរួម ក្នុងការឃោសនា និងកិច្ចខិតខំប្រឹងប្រែងរៃអង្គាសប្រាក់ ៕
ប្រែសម្រួលៈ ណៃ តុលា
