យេរូសាឡឹម/ដូហា៖ ប្រភពពីទីភ្នាក់ងារ Xinhua បានផ្សព្វផ្សាយនៅថ្ងៃទី២៥ ខែវិច្ឆិកា ឆ្នាំ២០២៣ថា ទីភ្នាក់ងារសន្តិសុខផ្ទៃក្នុង Shin Bet របស់អ៊ីស្រាអ៊ែល កាលពីថ្ងៃសុក្រ បានទទួលចំណាប់ខ្មាំងចំនួន១៣នាក់ដំបូងដែលត្រូវបានដោះលែងចេញពីតំបន់ហ្គាហ្សាស្ទ្រីប ។
លោក Daniel Hagari អ្នកនាំពាក្យកងកម្លាំងការពារអ៊ីស្រាអ៊ែល ហៅកាត់ថា (IDF) បានឲ្យដឹងនៅក្នុងសេចក្តីថ្លែងការណ៍មួយថា បន្ទាប់ពីការវាយតម្លៃផ្នែកវេជ្ជសាស្រ្តដំបូង ចំណាប់ខ្មាំងកំពុងត្រឡប់ទៅកាន់ប្រទេសអ៊ីស្រាអ៊ែលវិញ ដែលត្រូវបានអមដោយកងកម្លាំងសន្តិសុខ ។
ចំណាប់ខ្មាំងទាំង១៣នាក់ ជាកុមារ និងស្ត្រីទាំងអស់ ត្រូវបានបញ្ជូនទៅកាន់ប្រទេសអេហ្ស៊ីប ចេញពីតំបន់ហ្គាហ្សា ហើយបន្ទាប់មកឆ្ពោះទៅប្រទេសអ៊ីស្រាអ៊ែល។ កងកម្លាំង IDF បានឲ្យដឹងនៅមុននេះបន្តិចថា ពួកគេនឹងត្រូវបានផ្ទេរទៅកាន់មូលដ្ឋានទ័ពមួយនៅភាគខាងត្បូងប្រទេសអ៊ីស្រាអ៊ែល ជាកន្លែងដែលពួកគេនឹងឆ្លងកាត់ការត្រួតពិនិត្យរាងកាយ និងផ្លូវចិត្ត មុនពេលបញ្ជូនទៅមន្ទីរពេទ្យសម្រាប់ការថែទាំវេជ្ជសាស្រ្តចាំបាច់ ។
ក្រុមគ្រួសាររបស់ចំណាប់ខ្មាំងទាំងនេះកំពុងរង់ចាំពួកគេនៅឯមន្ទីរពេទ្យ ។
ទន្ទឹមនឹងនេះដែរ ក្រសួងការបរទេសរបស់ប្រទេសកាតា បានប្រកាសនៅលើវេទិកាប្រព័ន្ធផ្សព្វផ្សាយសង្គម X ថា ពលរដ្ឋថៃ ចំនួន១០នាក់ និងហ្វីលីពីនម្នាក់ទៀតក៏ត្រូវបានក្រុមហាម៉ាស់ ដោះលែងកាលពីថ្ងៃសុក្រផងដែរ ។
គួរបញ្ជាក់ថា កិច្ចព្រមព្រៀងនៃបទឈប់បាញ់រវាងអ៊ីស្រាអ៊ែល និងក្រុមហាម៉ាស់ ដែលសម្របសម្រួលដោយប្រទេសកាតា និងអេហ្ស៊ីប បានចូលជាធរមានកាលព្រឹកនៅម៉ោង៧ព្រឹក ម៉ោងក្នុងស្រុក ត្រូវនឹងម៉ោង៥និង០០នាទីម៉ោងសកល ។ ជាផ្នែកនៃកិច្ចព្រមព្រៀងនេះ អ៊ីស្រាអ៊ែល នឹងដោះលែងអ្នកទោសប៉ាឡេស្ទីនចំនួន៣៩នាក់ នៅថ្ងៃសុក្រ បន្ទាប់ពីទទួលបានចំណាប់ខ្មាំង ។
កាលពីយប់ថ្ងៃសុក្រ រថយន្តដឹកអ្នកទោសប៉ាឡេស្ទីនប្រហែល៣៩នាក់បានចាកចេញពីពន្ធនាគារ Ofer របស់ប្រទេសអ៊ីស្រាអ៊ែល នៅជិតទីក្រុង Ramallah ស្ថិតនៅភាគខាងលិចនៃទីក្រុង Ramallah ៕ ប្រែសម្រួលដោយ៖ ម៉ៅ បុប្ផាមករា