បរទេស ៖ អ៊ីស្រាអែល បាននិយាយថា ចំណាប់ខ្មាំងកាន់តែច្រើន ដែលត្រូវបានក្រុមហាម៉ាស់ចាប់ ចាប់តាំងពីការវាយប្រហារ ឆ្លងព្រំដែនរបស់ក្រុមសកម្ម ប្រយុទ្ធកាលពីថ្ងៃទី ៧ ខែតុលា នឹងត្រូវបានផ្លាស់ប្តូរ ជាមួយអ្នកទោសប៉ាឡេស្ទីន នៅក្នុងអ្វីដែលជាថ្ងៃទីពីរ នៃកិច្ចព្រមព្រៀងបទឈប់បាញ់ ដែលបានអនុញ្ញាតឱ្យផ្តល់ជំនួយមនុស្សធម៌ ដ៏សំខាន់ចូលទៅក្នុងតំបន់ហ្គាហ្សា ។
យោងតាមសារព័ត៌មាន RT ចេញផ្សាយ នៅថ្ងៃទី២៥ ខែវិច្ឆិកា ឆ្នាំ២០២៣ បានឱ្យដឹងថា កាលពីថ្ងៃសុក្រ ដែលជាថ្ងៃដំបូង នៃបទឈប់បាញ់ ដែលមានរយៈពេលបួនថ្ងៃ ក្នុងការផ្អាកការទម្លាក់គ្រាប់បែក ដ៏ខ្លាំងក្លាលើតំបន់ឡោមព័ទ្ធនោះ ក្រុមហាម៉ាសបានដោះលែងចំណាប់ខ្មាំង ២៤ នាក់ ក្នុងចំណោមចំណាប់ខ្មាំង ប្រហែល ២៤០ នាក់ ដែលត្រូវបានចាប់ខ្លួន ដោយពួកសកម្មប្រយុទ្ធរបស់ខ្លួន ចាប់តាំងពីការវាយប្រហារដ៏ គួរឱ្យភ្ញាក់ផ្អើលដែលបង្ក ឱ្យមានសង្រ្គាមប្រាំពីរ សប្តាហ៍មកទល់ពេលនេះ ។ ជាថ្នូរនឹងគ្នា អ៊ីស្រាអែលបានដោះលែងប៉ាឡេស្ទីន ៣៩នាក់។ ចំណាប់ខ្មាំងដែលត្រូវបានដោះលែងពីការចាប់ខ្លួននៅតំបន់ហ្កាហ្សា រួមមានជនជាតិអ៊ីស្រាអែល ១៣ នាក់ ថៃ ១០ នាក់ និងហ្វីលីពីនម្នាក់។
សេវាពន្ធនាគារ របស់អ៊ីស្រាអែល បាននិយាយកាលពីថ្ងៃសៅរ៍ថា ខ្លួនកំពុងរៀបចំសម្រាប់ការដោះលែងអ្នកទោស ប៉ាឡេស្ទីន ចំនួន ៤២ នាក់បន្ថែមទៀត ខណៈដែលក្រុមហាម៉ាស់ ត្រូវបានគេរំពឹងថា នឹងផ្លាស់ប្តូរចំណាប់ខ្មាំង អ៊ីស្រាអែល ១៤ នាក់ ។ ក្រោមលក្ខខណ្ឌ នៃបទឈប់បាញ់រយៈពេល ៤ ថ្ងៃ ក្រុមហាម៉ាសបានយល់ព្រមដោះលែងចំណាប់ខ្មាំងអ៊ីស្រាអែលម្នាក់សម្រាប់អ្នកទោសប៉ាឡេស្ទីន ៤ នាក់ ដែលត្រូវបានដោះលែងពីគុកអ៊ីស្រាអែល។
ពេញមួយបទឈប់បាញ់រយៈពេល ៤ថ្ងៃ ក្រុមហាម៉ាស់ ត្រូវបានគេរំពឹងថា នឹងដោះលែងអ្នកចាប់ជនជាតិ អ៊ីស្រាអែល ប្រហែល ៥០ នាក់ ខណៈដែលអ៊ីស្រាអែល គ្រោងនឹងប្រគល់ទៅវិញ នូវជនជាតិប៉ាឡេស្ទីនចំនួន ១៥០ នាក់ ដែលសុទ្ធតែជាស្ត្រី និងកុមារ។ អ៊ីស្រាអែលក៏បានបង្ហាញដែរថា បទឈប់បាញ់ អាចត្រូវបានពង្រីកថែមមួយថ្ងៃទៀត សម្រាប់ចំណាប់ខ្មាំង១០នាក់ ដែលក្រុមហាម៉ាស បានដោះលែង៕
ប្រែសម្រួលៈ ណៃ តុលា