បរទេស៖ ទិន្នន័យថ្មីៗបង្ហាញថា ប្រទេសថៃកំពុងជិតដល់កម្រិតប្រកាសអាសន្នរបស់អង្គការសុខភាពពិភពលោក (WHO) នៃការធ្វើអត្តឃាតចំនួន ៨ នាក់ក្នុងចំណោមមនុស្ស ១០០.០០០ នាក់។
យោងតាមសារព័ត៌មាន The Nation របស់ថៃ ចេញផ្សាយកាលពីថ្ងៃទី២៥ ខែវិច្ឆិកា ឆ្នាំ២០២៣ បានឱ្យដឹងថា ក្រសួងសុខភាពសាធារណៈរបស់ថៃ បានរាយការណ៍អំពីអត្រាធ្វើអត្តឃាត ៧,៩៧ ក្នុងចំណោមមនុស្ស ១០០,០០០ នាក់ក្នុងឆ្នាំ ២០២២ ដែលជានិន្នាការគួរឱ្យព្រួយបារម្ភចាប់តាំងពីឆ្នាំ ២០១៩ នៅពេលដែលអត្រានេះស្ថិតក្នុងតួលេខ ៦,៦៤ ។
ការកើនឡើងនៃការធ្វើអត្តឃាតចាប់តាំងពីឆ្នាំ ២០២០ ស្របពេលជាមួយនឹងជំងឺរាតត្បាត Covid-19 ដោយមានកត្តាជាច្រើនដូចជាសម្ពាធសង្គម បញ្ហាប្រឈមសេដ្ឋកិច្ច និងផលប៉ះពាល់នៃជំងឺរាតត្បាតដែលរួមចំណែកដល់គន្លងកើនឡើងនេះ។
ការកើនឡើងស្រដៀងគ្នានៃអត្រាធ្វើអត្តឃាតត្រូវបានគេឃើញបន្ទាប់ពីវិបត្តិសេដ្ឋកិច្ចអាស៊ីឆ្នាំ ១៩៩៧ ។
ជាមួយគ្នានេះដែរ ស្ថិតិបង្ហាញថា បុរសប្រឈមមុខនឹងហានិភ័យខ្ពស់ ដោយអត្រាធ្វើអត្តឃាតកើនឡើងដល់ ១២.២៧ ក្នុងចំណោមមនុស្ស ១០០.០០០ នាក់ បើធៀបនឹង ២.៦៨ សម្រាប់ស្ត្រី។
ការវិភាគលើការប៉ុនប៉ងធ្វើអត្តឃាតបានបញ្ជាក់ថា ក្មេងជំទង់ និងកុមារក្នុងវ័យសិក្សា គឺជាមនុស្សងាយរងគ្រោះបំផុត បន្ទាប់មកគឺមនុស្សដែលស្ថិតក្នុងអាយុធ្វើការ។
យោងតាមអ្នកជំនាញ មូលហេតុចម្បងមួយចំនួនគឺស្ថានភាពសុខភាពផ្លូវចិត្ត ជាពិសេសជំងឺធ្លាក់ទឹកចិត្តកាន់តែធ្ងន់ធ្ងរឡើងដោយសារឥទ្ធិពលអវិជ្ជមាន នៃប្រព័ន្ធផ្សព្វផ្សាយសង្គមដូចជា ការបញ្ចេញមតិប្រមាថមើលងាយ និងការគំរាមកំហែងមើលងាយតាមអ៊ីនធឺណិត៕ ប្រែសម្រួលៈ ណៃ តុលា