បរទេស៖ យោងតាមការចេញផ្សាយរបស់ RTប្រេសិតរបស់ទីក្រុងប៉េកាំង ប្រចាំទីភ្នាក់ងារថាមពលបរមាណូអន្តរជាតិ (IAEA) បាននិយាយថា សហគមន៍អន្តរជាតិត្រូវតែដោះស្រាយ ហានិភ័យនៃការសាយភាយនុយក្លេអ៊ែរ ដែលបង្កឡើងដោយកិច្ចព្រមព្រៀង AUKUS ដែលមានការចូលរួមដោយសហរដ្ឋអាមេរិក ចក្រភពអង់គ្លេស និងអូស្ត្រាលី។
ថ្លែងនៅចំពោះមុខគណៈអភិបាល IAEA កាលពីថ្ងៃសុក្រ បេសកជនចិន Li Song បានអះអាងថា កិច្ចព្រមព្រៀង AUKUSគឺជាដំណើរការផ្ទុយពីគោលបំណង នៃសន្ធិសញ្ញាស្តីពីការមិនរីកសាយភាយអាវុធនុយក្លេអ៊ែរ ឬNPTនិងគំរាមកំហែងដល់តំបន់អាស៊ីប៉ាស៊ីហ្វិកទាំងមូលផងដែរ។
លោក Li បានបន្តអំពាវនាវឱ្យមានឲ្យមានការពិភាក្សាគ្នាជាអន្តររដ្ឋាភិបាល ជាផ្លូវការលើបញ្ហារវាងរដ្ឋជាសមាជិក IAEA ដោយនិយាយថា ពួកគេមានប្រាជ្ញាគ្រប់គ្រាន់ ការអត់ធ្មត់ និងការប្តេជ្ញាចិត្តក្នុងការឆ្លើយតបយ៉ាងត្រឹមត្រូវចំពោះហានិភ័យនៃការរីកសាយភាយដែលទាក់ទងនឹង AUKUS ។
គួរឲ្យដឹងដែរថាAUKUS ត្រូវបានបង្កើតឡើងក្នុងឆ្នាំ២០២១រវាងទីក្រុងវ៉ាស៊ីនតោន កង់បេរ៉ា និងទីក្រុងឡុងដ៍ជាផ្នែកមួយដើម្បីជួយសម្រួលដល់ការផ្ទេរបច្ចេកវិទ្យាយោធាក្នុងចំណោមសម្ព័ន្ធមិត្តទាំងបី ដោយយោធាអាមេរិកបានសន្យាថានឹងជួយអូស្ត្រាលីឱ្យទទួលបាននាវាមុជទឹកដើរដោយថាមពលនុយក្លេអ៊ែរផងដែរ៕ ប្រែសម្រួល៖ស៊ុនលី