ព័ត៌មានអន្តរជាតិ

ថៃ៖ កូនកម្លោះ បាញ់សម្លាប់កូនក្រមុំ ម្តាយ ប្អូនស្រី និង​ភ្ញៀវម្នាក់ទៀត ក្នុងថ្ងៃមង្គលការខ្លួនឯង

Photo: Prasit Tangprasert

បរទេស៖ កូនកំលោះម្នាក់បានផ្ទុះអាវុធ ដោយបានបាញ់សម្លាប់មនុស្ស ៤នាក់ រួមទាំងបាញ់សម្លាប់កូនក្រមុំ និង បាញ់បុរសម្នាក់ទៀតឱ្យរងរបួសយ៉ាងធ្ងន់ធ្ងរ មុនពេលបាញ់សម្លាប់ខ្លួនឯងក្នុង ពិធីមង្គលការខ្លួនឯងកាលពីយប់ថ្ងៃសៅរ៍។

យោងតាមសារព័ត៌មាន បាងកក ប៉ុស្តិ៍ របស់ថៃ ចេញផ្សាយនៅថ្ងៃទី២៧ ខែវិច្ឆិកា ឆ្នាំ២០២៣ បានឱ្យដឹងថា អ្នក​បាញ់​ប្រហារត្រូវ​បាន​ គេ​កំណត់​អត្តសញ្ញាណ​ថា​ ឈ្មោះ Chaturong Suksuk ជា​អតីត​ទាហាន និង​អត្តពលិក​ប៉ារ៉ាឡាំពិក។

ឧបទ្ទវហេតុបាញ់ប្រហារនេះ បានកើតឡើងនៅម៉ោងប្រហែល ១១ និង២៥នាទី យប់នៅផ្ទះមួយក្នុងសង្កាត់ Wang Nam Khieo នៃខេត្ត Nakhon Ratchasima ដែលជាកន្លែងពិធីរៀបអាពាហ៍ពិពាហ៍មួយរបស់ឈ្មោះ Chaturong អាយុ ២៩ ឆ្នាំ និងកូនក្រមុំឈ្មោះ Kanchana Pachunthuek អាយុ ៤៤ ឆ្នាំ។

នៅ​ព្រឹក​ថ្ងៃ​សៅរ៍​នេះ ពិធី​មង្គលការ​មួយ​ត្រូវ​បាន​ធ្វើ​ឡើង​ នៅ​គេហដ្ឋាន​រវាង​លោក Chaturong និង Kanchana។ អ្នក​ទាំង​ពីរ​បាន​រស់នៅ​ជាមួយ​គ្នា​ ជា​ប្តី​ប្រពន្ធ​អស់​រយៈពេល​៣​ឆ្នាំ ​មុន​សម្រេចចិត្ត​រៀប​ការ ។

ពិធី​រៀបអាពាហ៍ពិពាហ៍​មួយ​ ត្រូវ​បាន​ធ្វើ​ឡើង​នៅ​យប់​នោះ។ ក្នុង​ពិធី​នោះ ភ្ញៀវ​និង​សាច់​ញាតិ​បាន​កត់​សម្គាល់​ថា Chaturong ហាក់​មិន​សប្បាយ​ចិត្ត​ឡើយ។ នៅ​យប់​ជ្រៅ លោក Chaturong បាន​ចេញ​ពី​ពិធី​ហើយទៅ​កាន់​រថយន្ត​របស់​គាត់។ មួយសន្ទុះក្រោយមក គាត់បានត្រឡប់មកវិញ ដោយកាន់កាំភ្លើងខ្លី ហើយបានបាញ់សម្លាប់កូនក្រមុំ ម្តាយ ប្អូនស្រី និងភ្ញៀវម្នាក់ ចំណែក ភ្ញៀវ​ម្នាក់​ទៀត​រង​របួស​ធ្ងន់។

Chaturong បន្ទាប់មកបាញ់សម្លាប់ខ្លួនឯង ហើយបានស្លាប់ភ្លាមៗ។

ប៉ូលិស​បាន​និយាយ​ថា គ្រាប់​កាំភ្លើង​ចំនួន ១១ គ្រាប់​ត្រូវ​បាន​រក​ឃើញ​ពី​កន្លែង​ កើត​ហេតុ​នៃ​ការ​បាញ់​ប្រហារ ៕

ប្រែសម្រួលៈ ណៃ តុលា

To Top