ភ្នំពេញ៖ សម្ដេចធិបតី ហ៊ុន ម៉ាណែត នាយករដ្ឋមន្ដ្រីនៃកម្ពុជា បានថ្លែងការកោតសរសើរចំពោះគ្រប់ភាគីពាក់ព័ន្ធទាំងអស់ បានសហការគ្នាក្នុងការរៀបចំព្រះរាជពិធីបុណ្យអុំទូក បណ្ដែតប្រទីប និងសំពះព្រះខែ អកអំបុក ឆ្នាំ២០២៣នេះ ប្រព្រឹត្តទៅដោយរលូន មានសន្តិសុខសណ្ដាប់ធ្នាប់ល្អ និងបង្កលក្ខណៈឱ្យប្រជាពលរដ្ឋសប្បាយរីករាយ។
តាមរយៈគេហទំព័រហ្វេសប៊ុក នាព្រឹកថ្ងៃទី២៩ ខែវិច្ឆិកា ឆ្នាំ២០២៣នេះ សម្ដេចធិបតី ហ៊ុន ម៉ាណែត បានសរសេរថា ឆ្នាំនេះ មានប្រជាពលរដ្ឋខ្មែរទាំងអ្នករាជធានីភ្នំពេញ និងអ្នកមកពីតាមបណ្ដាខេត្ត ក៏ដូចជាជនជាតិបរទេស ដែលមានវត្តមាននៅព្រះរាជាណាចក្រកម្ពុជាបានចូលរួមយ៉ាងច្រើនកុះករ ក្នុងរយៈពេល ៣ថ្ងៃនេះ សម្រាប់ព្រះរាជពិធីបុណ្យអុំទូក។
សម្ដេចធិបតី គូសបញ្ជាក់ថា «ខ្ញុំសូមធ្វើការកោតសរសើរនិងវាយតម្លៃខ្ពស់ចំពោះគណៈកម្មការរៀបចំពិធីបុណ្យអុំទូក បណ្តែតប្រទីប សាលារាជធានីភ្នំពេញ សមត្ថកិច្ចគ្រប់អង្គភាព និងរាល់ក្រសួង ស្ថាប័នពាក់ព័ន្ធ ដែលបានសហការគ្នាក្នុងការរៀបចំពិធី ដែលបានប្រព្រឹត្តទៅដោយរលូន មានសន្តិសុខសណ្ដាប់ធ្នាប់ល្អ ដែលបង្កលក្ខណៈឱ្យប្រជាពលរដ្ឋយើងបានចូលរួមសប្បាយរីករាយ»។
លើសពីនេះ សម្ដេចធិបតី ក៏បានសរសើរចំពោះគណៈកម្មការគ្រប់គ្រងការប្រកួត ក៏ដូចជា កីឡាករ កីឡាការនី ដែលចូលរួមក្នុងការប្រណាំងទូកនិងក្រុមការងារពាក់ព័ន្ធទាំងអស់ដែលបានខិតខំអស់កម្លាំងកាយចិត្តក្នុងការគ្រប់គ្រងការប្រកួត ក៏ដូចជាខិតខំប្រកួតដោយស្មារតីសាមគ្គីភាព និងគោរពគ្នាទៅវិញទៅមក ដែលធ្វើឱ្យការប្រកួតអុំទូកនេះមានភាពជោគជ័យជារួម ទោះជាលទ្ធផលយ៉ាងណាក៏ដោយសម្រាប់ទូកនីមួយៗ។
សម្ដេច នាយករដ្ឋមន្ដ្រី បានថ្លែងអរគុណដល់បណ្ដាក្រសួងស្ថាប័ន និងក្រុមហ៊ុនឯកជន ដែលបានចូលរួមរៀបចំប្រទីបស្អាតៗទាំងសោភ័ណភាព ទាំងអត្ថន័យល្អៗ ដើម្បីបង្ហាញដល់ប្រជាពលរដ្ឋ បានទស្សនាក្នុងពេលរាត្រី ក្រោយពេលប្រណាំងទូកបានបញ្ចប់ក្នុងថ្ងៃនីមួយៗ។ ជាមួយគ្នានេះដែរការរៀបចំកន្លែងកំសាន្ត និងការប្រគំតន្ត្រីជាច្រើនកន្លែង បានញ៉ាំងឱ្យពិធីនេះកាន់តែមានភាពអធិកអធម និងសប្បាយរីករាយសម្រាប់ប្រជាពលរដ្ឋយើង។
សូមបញ្ជាក់ថា ព្រះរាជពិធីបុណ្យអុំទូក បណ្តែតប្រទីប និងសំពះព្រះខែ អកអំបុក ឆ្នាំ២០២៣នេះ មានទូកចូលរួមប្រណាំង ចំនួន ៣៣៨ទូក និងមានចំណុះទូកជាង ២ម៉ឺននាក់ មកពីគ្រប់រាជធានី-ខេត្ត ហើយមានប្រទីបចូលរួមជាង៣០ ប្រទីប បណ្តែតតាមដងទន្លេសាប មុខព្រះបរមរាជវាំង៕