បរទេស ៖ យោងតាមការចេញផ្សាយរបស់ RT អនុរដ្ឋមន្ត្រីការបរទេសរុស្ស៊ី លោក Sergey Ryabkov បានអះអាងថា សហរដ្ឋអាមេរិក កំពុងផ្តោតការយកចិត្តទុក ដាក់កាន់តែខ្លាំងឡើងលើការបង្កភាព ចលាចលនៅក្នុង ប្រទេសរុស្ស៊ី និងមានបំណងដកតំណែង មេដឹកនាំរបស់ប្រទេសនេះ។
ទីភ្នាក់ងារព័ត៌មាន TASS ក៏បានដកស្រង់សម្តីលោក Ryabkov បាននិយាយកាលពីថ្ងៃអង្គារថា ការប្រឈមមុខដាក់គ្នារវាងទីក្រុងមូស្គូ និងវ៉ាស៊ីនតោនបានក្លាយជាការពិត ដែលត្រូវតែប្រឈមមុខ។
អនុរដ្ឋមន្ត្រីបាននិយាយថា សហរដ្ឋអាមេរិក មិនត្រឹមតែបានធ្វើសង្រ្គាមកូនកាត់ ជាមួយនឹងប្រទេសរុស្ស៊ីប៉ុណ្ណោះទេ ប៉ុន្តែថែមទាំងបង្ហាញពីការ យកចិត្តទុកដាក់ កាន់តែខ្លាំងឡើងលើការផ្លាស់ប្តូរការដឹកនាំនៅទីនេះ រៀបចំរដ្ឋប្រហារផ្ទៃក្នុងរុស្ស៊ីផងដែរ។
អ្នកនយោបាយលោកខាងលិច និងប្រព័ន្ធផ្សព្វផ្សាយនានា បានអបអរសាទរ ដោយបើកចំហនូវអ្វី ដែលពួកគេមើលឃើញថា ជាការគំរាមកំហែង ដល់ការគ្រប់គ្រងរបស់ប្រធានាធិបតី Vladimir Putinនៅពេល ដែលក្រុមយោធាឯកជន Wagner បានចាប់ផ្តើមការប៉ុនប៉ងបះបោរ ដែលបរាជ័យកាលពីរដូវក្តៅមុន ។
គួរឲ្យដឹងដែរថា ខណៈដែលទីក្រុងវ៉ាស៊ីនតោន បានបដិសេធការជាប់ពាក់ព័ន្ធណា មួយនៅក្នុងព្រឹត្តិការណ៍ទាំងនោះ របាយការណ៍ជាបន្តបន្ទាប់ បានអះអាងថា ភ្នាក់ងារចារកម្មលោកខាងលិច បានដឹងអំពីការបះបោរ ដែលបានគ្រោងទុកជាមុននេះ រួចទៅហើយ៕
ប្រែសម្រួល៖ស៊ុនលី
Warning: Attempt to read property "term_id" on false in /var/www/dap-news.com/htdocs/wp-content/themes/flex-mag/functions.php on line 999
