បរទេស៖ យោងតាមការចេញផ្សាយរបស់ RT នាយកប្រតិបត្តិក្រុមហ៊ុន Tesla និង SpaceX លោក Elon Musk បានបដិសេធការអញ្ជើញរបស់មន្ត្រីជាន់ខ្ពស់របស់ហាម៉ាស់ ឱ្យទៅទស្សនាតំបន់ហ្គាហ្សា ដើម្បីមើលការដួលរលំ នៃការវាយប្រហាររបស់អ៊ីស្រាអែល ឥតឈប់ឈរលើក្រុមប៉ាឡេស្ទីន។
ប្រភពដដែលបានសរសេរទៀតថា មហាសេដ្ឋីអាហ្រ្វិកខាងត្បូង រូបនេះថ្មីៗនេះ បានទៅបំពេញទស្សនកិច្ចនៅអ៊ីស្រាអែល ហើយក្នុងអំឡុងពេលនោះដែរគាត់ក៏បានបង្ហាញជំហនិងការយល់ស្របថា ប្រទេសនេះមិនមានជម្រើសផ្សេងទៀតក្រៅពីការបំផ្លាញក្រុមហាម៉ាស នោះដែរ។
កាលពីថ្ងៃអង្គារ លោក Osama Hamdan សមាជិក នៃការិយាល័យនយោបាយហាម៉ាស បានប្រាប់សន្និសីទសារព័ត៌មាននៅទីក្រុង Beirut ប្រទេសលីបង់ថា ក្រុមប្រដាប់អាវុធប៉ាឡេស្ទីន នឹងរីករាយក្នុងការបង្ហាញ Musk នូវទំហំនៃការសម្លាប់រង្គាល និងការបំផ្លិចបំផ្លាញដែលបានប្រព្រឹត្តលើប្រជាជនហ្គាហ្សាដោយគោរពតាម ស្តង់ដារនៃវត្ថុបំណង និងភាពជឿជាក់។
នៅពេលដែលត្រូវបានសួរដោយអ្នកប្រើប្រាស់នៅលើ X (អតីត Twitter) ឱ្យធ្វើអត្ថាធិប្បាយលើការអញ្ជើញ Musk បានឆ្លើយតបថា៖វា ហាក់ដូចជាគ្រោះថ្នាក់បន្តិចនៅទីនោះឥឡូវនេះ។ លោកបានបន្ថែមថា៖ ប៉ុន្តែខ្ញុំជឿថា តំបន់ហ្កាហ្សាដែលមានភាពរុងរឿងរយៈពេលវែងគឺល្អសម្រាប់គ្រប់ភាគីទាំងអស់៕ ប្រែសម្រួល៖ស៊ុនលី