វ៉ាស៊ីនតោន៖ Kissinger Associates Inc បានឲ្យដឹងនៅក្នុងសេចក្តីថ្លែងការណ៍មួយលោក Henry Kissinger អតីតអ្នកការទូតអាមេរិក បានទទួលមរណភាពកាលពីថ្ងៃពុធក្នុងវ័យ ១០០ឆ្នាំ ដោយអ្នកឈ្នះរង្វាន់ណូបែលសន្តិភាពដ៏ចម្រូងចម្រាស និងជាមហាអំណាចការទូតបាន ទទួលមរណភាពនៅផ្ទះរបស់លោកក្នុងរដ្ឋ Connecticut ។
លោក Kissinger បានបន្សល់ទុកនូវសញ្ញាណ ដែលមិនអាចលុបចោលបាន ចំពោះគោលនយោបាយការបរទេស របស់សហរដ្ឋអាមេរិក ហើយបានសកម្មជាងមួយរយឆ្នាំរបស់លោក ចូលរួមកិច្ចប្រជុំនៅសេតវិមាន បោះពុម្ពសៀវភៅ ស្តីពីរចនាប័ទ្មភាពជាអ្នកដឹកនាំ និងផ្តល់សក្ខីកម្មនៅ ចំពោះមុខគណៈកម្មាធិការព្រឹទ្ធសភាអំពី ការគំរាមកំហែងនុយក្លេអ៊ែរ ដែលបង្កឡើងដោយកូរ៉េខាងជើង។ នៅខែកក្កដា ឆ្នាំ២០២៣ លោកបានធ្វើទស្សនកិច្ចដ៏គួរឱ្យ ភ្ញាក់ផ្អើលមួយទៅកាន់ទីក្រុងប៉េកាំង ដើម្បីជួបជាមួយប្រធានាធិបតីចិនលោក ស៊ី ជីនពីង។
ក្នុងទសវត្សរ៍ឆ្នាំ១៩៧០ លោកបានចូលរួមក្នុងព្រឹត្តិការណ៍ពិភពលោក ដែលផ្លាស់ប្តូរសម័យកាលជាច្រើនទសវត្សរ៍ ខណៈពេលដែលលោកបម្រើការ ជារដ្ឋលេខាធិការក្រោមការដឹកនាំ របស់ប្រធានាធិបតីសាធារណរដ្ឋលោក Richard Nixon ។
កិច្ចខិតខំប្រឹងប្រែងរបស់ជនភៀសខ្លួនជ្វីហ្វ ដើមកំណើតអាល្លឺម៉ង់ បាននាំទៅដល់ការបើកការទូតរបស់ប្រទេសចិន កិច្ចចរចាគ្រប់គ្រងអាវុធអាមេរិក-សូវៀត ពង្រីកទំនាក់ទំនងរវាងអ៊ីស្រាអែល និងប្រទេសជិតខាងអារ៉ាប់ និងកិច្ចព្រមព្រៀងទីក្រុងប៉ារីស ជាមួយវៀតណាមខាងជើង។
រជ្ជកាលរបស់លោក Kissinger ជាស្ថាបត្យករសំខាន់នៃគោលនយោបាយ ការបរទេសរបស់សហរដ្ឋអាមេរិក បានធ្លាក់ចុះជាមួយនឹងការ លាលែងពីតំណែងរបស់លោក Nixon ក្នុងឆ្នាំ១៩៧៤។ យ៉ាងណាក៏ដោយ លោកនៅតែបន្តធ្វើជាកម្លាំង ការទូតក្រោមការដឹកនាំរបស់ប្រធានាធិបតី Gerald Ford និងធ្វើការជាអ្នកផ្តល់មតិពេញមួយជីវិតរបស់លោក។
ខណៈពេលដែលមនុស្សជាច្រើនបានសាទរ ចំពោះលោក Kissinger សម្រាប់ភាពវៃឆ្លាត និងបទពិសោធន៍ដ៏ទូលំទូលាយរបស់លោក អ្នកផ្សេងទៀតបានចាត់ទុកលោកថា ជាឧក្រិដ្ឋជនសង្គ្រាម សម្រាប់ការគាំទ្ររបស់លោក ចំពោះរបបផ្តាច់ការប្រឆាំងកុម្មុយនិស្ត ជាពិសេសនៅអាមេរិកឡាទីន។
ក្នុងប៉ុន្មានឆ្នាំចុងក្រោយនេះ ការធ្វើដំណើររបស់គាត់ត្រូវបានបិទបាំង ដោយការខិតខំប្រឹងប្រែង ដោយប្រទេសផ្សេងទៀត ដើម្បីចាប់ខ្លួន ឬសាកសួរលោកអំពីគោលនយោបាយ ការបរទេសរបស់សហរដ្ឋអាមេរិកកាលពីអតីតកាល។
សមាជិកពីររូបនៃគណៈកម្មាធិការ ណូបែលបានលាលែងពីតំណែង ជុំវិញការជ្រើសរើស និងសំណួរកើតឡើងអំពីការទម្លាក់គ្រាប់បែក សម្ងាត់របស់សហរដ្ឋអាមេរិក លើប្រទេសកម្ពុជា។
លោក Ford បានហៅលោក Kissinger ថាជា “អ្នកការទូតជាន់ខ្ពស់” ប៉ុន្តែក៏បានកត់សម្គាល់ផងដែរនូវភាពព្រងើយកន្តើយ និងការធានាលើខ្លួនឯង ដែលអ្នករិះគន់ទំនងជាហៅថា ភាពវង្វេងស្មារតី និងអត្មានិយម សូម្បីតែលោក Ford បានលើកឡើងថា “លោក Henry នៅក្នុងគំនិតរបស់លោក គឺមិនដែលធ្វើខុសទេ”៕
ប្រែសម្រួល ឈូក បូរ៉ា