គៀវ៖ ស្ត្រីទីមួយរបស់ប្រទេសអ៊ុយក្រែន លោកស្រី Olena Zelenska បានឲ្យដឹងថា ការចាប់ពង្រត់កុមារប្រហែល ១៩,៥០០ នាក់ដោយប្រទេសរុស្ស៊ី គឺជា “អំពើប្រល័យពូជសាសន៍” ក្រោមច្បាប់អន្តរជាតិ ខណៈដែលលោកស្រី បានអំពាវនាវឱ្យប្រទេសដទៃទៀត គាំទ្រយ៉ាងខ្លាំងដល់កិច្ចខិតខំប្រឹងប្រែង ដើម្បីធានាឱ្យពួកគេត្រឡប់មកវិញ។
លោកស្រី Zelenska បានឲ្យដឹងនៅការិយាល័យប្រធានាធិបតីក្នុងទីក្រុងគៀវថា “នេះគឺជាការលុបបំបាត់អត្តសញ្ញាណ ការលុបចោល នូវក្រមវប្បធម៌ និងការចងចាំ។ ពួកគេក្លាយជាកូនជនជាតិរុស្ស៊ី។ នេះជាអ្វីដែលរុស្ស៊ី ចង់ធ្វើ” ។
លោកស្រី Zelenska បានលើកឡើងថា កុមារទាំងនោះត្រូវបានផ្តល់ឯកសារអត្តសញ្ញាណថ្មី និងមានអក្ខរាវិរុទ្ធនៃឈ្មោះរបស់ពួកគេ បានផ្លាស់ប្តូរទៅជារចនាប័ទ្មរុស្ស៊ី ដែលធ្វើឱ្យអាជ្ញាធរអ៊ុយក្រែន មានការលំបាកក្នុងការតាមដានពួកគេ ដោយបន្ថែមថា រហូតមកដល់ពេលនេះមានកុមារតែ 386 នាក់ប៉ុណ្ណោះដែលត្រូវបានបញ្ជូនមកវិញ។
យោងតាមអនុសញ្ញារបស់អង្គការសហប្រជាជាតិ ការផ្ទេរកុមារពីក្រុមមួយទៅក្រុមមួយដោយបង្ខំដោយចេតនា “បំផ្លាញរាងកាយជាតិ ពូជសាសន៍ ឬសាសនា” បង្កើតជាអំពើប្រល័យពូជសាសន៍។
លោកស្រី Zelenska បានសង្កត់ធ្ងន់បន្ថែមទៀតអំពីការលំបាក ដែលកុមារអ៊ុយក្រែនកំពុងជួបប្រទះក្នុងអំឡុងពេលសង្រ្គាម រួមទាំងការពិតដែលថា មានតែមួយភាគបីប៉ុណ្ណោះ ដែលអាចចូលរៀនបានដោយកាយសម្បទាដោយសារតែខ្វះទីជំរកគ្រាប់បែកនៅសាលារៀន។
លោកស្រីក៏បាននិយាយអំពី “ទំនួលខុសត្រូវ ដែលមិនអាចពិពណ៌នាបាន” ស្វាមីរបស់លោកស្រី គឺប្រធានាធិបតីអ៊ុយក្រែនលោក វូឡូឌីមៀ ហ្សេឡិនស្គី កាន់តំណែងជាមេដឹកនាំប្រទេស ដែលមានសង្រ្គាមជាមួយនឹងភារកិច្ចរបស់លោក ដែលអនុញ្ញាតឱ្យលោកមានពេលវេលា ដើម្បីជួបជាមួយកូនស្រីអាយុ ១៩ឆ្នាំនិងអាយុ ១០ឆ្នាំ និងកូនប្រុសត្រឹមតែម្តង ឬពីរដងប៉ុណ្ណោះក្នុងមួយសប្តាហ៍៕ ប្រែសម្រួល ឈូក បូរ៉ា