ប៉េកាំង៖ ប្រធានាធិបតីចិន លោក ស៊ី ជីនពីង បានសង្កត់ធ្ងន់ថា មេរៀនដ៏ជូរចត់នៃវដ្ដនៃជម្លោះប៉ាឡេស្ទីន និងអ៊ីស្រាអែល បង្ហាញយ៉ាងពេញលេញថា មានតែការរក្សាគោលគំនិតនៃសន្តិសុខរួមប៉ុណ្ណោះ ទើបអាចសម្រេចបាននូវ សន្តិសុខប្រកបដោយនិរន្តរភាព។
បញ្ហាប៉ាឡេស្ទីន គឺជាចំណុចស្នូលនៃបញ្ហាមជ្ឈិមបូព៌ា ហើយចំណុចស្នូលនៃជម្លោះប៉ាឡេស្ទីន-អ៊ីស្រាអែល គឺស្ថិតនៅក្នុងការសម្រេចបាន យូរអង្វែងនៃសិទ្ធិជាតិស្របច្បាប់ របស់ប្រជាជនប៉ាឡេស្ទីន ក្នុងការបង្កើតរដ្ឋឯករាជ្យ។ លោកស៊ី បានឲ្យដឹងនៅក្នុងសារមួយដើម្បីរំលឹក ទិវាអន្តរជាតិនៃសាមគ្គីភាព ជាមួយប្រជាជនប៉ាឡេស្ទីន។
នៅក្នុងនោះដែរ ប្រធានាធិបតីចិនលោក ស៊ី ជីនពីង កាលពីថ្ងៃពុធ បានអំពាវនាវដល់សហគមន៍អន្តរជាតិ ឱ្យចាត់វិធានការជាបន្ទាន់ដើម្បីដោះស្រាយ ជម្លោះប៉ាឡេស្ទីន-អ៊ីស្រាអែល នេះបើយោងតាមការចុះផ្សាយ របស់ទីភ្នាក់ងារសារព័ត៌មានចិនស៊ិនហួ។
លោកបានជំរុញឲ្យក្រុមប្រឹក្សាសន្តិសុខ អង្គការសហប្រជាជាតិ ផ្តល់ការទទួលខុសត្រូវរបស់ខ្លួន និងខិតខំប្រឹងប្រែង ដើម្បីសម្រួលដល់បទឈប់បាញ់ ធានាសុវត្ថិភាពជនស៊ីវិល និងបញ្ឈប់គ្រោះមហន្តរាយមនុស្សធម៌។
លើសពីនេះ កិច្ចចរចាសន្តិភាពប៉ាឡេស្ទីន-អ៊ីស្រាអែល គួរតែត្រូវបានចាប់ផ្តើមឡើងវិញ ឱ្យបានឆាប់តាមដែលអាចធ្វើទៅបាន ហើយសិទ្ធិរបស់ប្រជាជនប៉ាឡេស្ទីន ក្នុងភាពជារដ្ឋ និងការរស់រានមានជីវិត និងសិទ្ធិនៃការវិលត្រឡប់របស់ពួកគេគួរតែ ត្រូវបានស្ដារឡើងវិញឱ្យបានឆាប់ តាមដែលអាចធ្វើទៅបាន ៕