ព័ត៌មានអន្តរជាតិ

បទវិភាគ ៖ កិច្ចសហប្រតិបត្តិការ សំខាន់ជាងការខ្វែងគំនិតគ្នា កិច្ចសហប្រតិបត្តិការ រវាងប្រទេសទាំងបី ចិន ជប៉ុននិងកូរ៉េខាងត្បូង ត្រូវបានរំពឹងថា នឹងវិលត្រឡប់ ទៅរកផ្លូវត្រឹមត្រូវ ឡើងវិញ

បន្ទាប់ពីបានខកខាន អស់រយៈពេលជាង ៤ ឆ្នាំ រដ្ឋមន្រ្តីការបរទេសចិន ជប៉ុននិងកូរ៉េខាងត្បូង បានជួបសន្ទនាម្តងទៀត ។ កាលពីថ្ងៃទី ២៦ ខែវិច្ឆិកា នៅក្នុងកិច្ចប្រជុំ ថ្នាក់រដ្ឋមន្រ្តីការបរទេសចិន ជប៉ុននិងកូរ៉េខាងត្បូង លើកទី ១០ ដែលបើកធ្វើនៅក្រុងប៊ូសាន នៃប្រទេសកូរ៉េខាងត្បូង ប្រទេសទាំងបី បានឈានដល់គំនិតឯកភាពរួមមួយចំនួន ស្តីពីការធ្វើឱ្យ ស៊ីជម្រៅ នូវកិច្ចសហប្រតិបត្តិការត្រីភាគី ហើយបានផ្លាស់ប្តូរមតិយោបល់ជុំវិញ បញ្ហាអន្តរជាតិនិង តំបន់ដែលយកចិត្ត ទុកដាក់ដូចគ្នា ។ មតិអន្តរជាតិសម្គាល់ឃើញជាទូទៅថា កិច្ចប្រជុំថ្នាក់រដ្ឋមន្រ្តីការបរទេស នៃប្រទេសទាំងបី លើកនេះបានបង្ក លក្ខណសម្បត្តិ និងបរិយាកាសសម្រាប់ការបើកធ្វើកិច្ចប្រជុំ កំពូលរវាងចិន ជប៉ុននិងកូរ៉េខាងត្បូង ក្នុងដំណាក់កាលបន្ទាប់ ។

ទំនាក់ទំនងរវាងប្រទេស ទាំងបី ចិន ជប៉ុននិងកូរ៉េខាងត្បូង គឺពឹងផ្អែកគ្នាទៅវិញទៅមក ក៏ដូចជាផ្តល់ផលប្រយោជន៍ ដល់គ្នាទៅវិញទៅមកនិងឈ្នះ-ឈ្នះ ។ ចំនួនប្រជាជនសរុប និងទំហំសរុប នៃផលិតផលក្នុងស្រុកសរុប (GDP) របស់ប្រទេសទាំងបី ប្រហែលត្រូវជា ៧០ ភាគរយនិង ៩០ ភាគរយ នៃតំបន់អាស៊ីបូព៌ា ដោយឡែកពីគ្នា ប្រទេសទាំងបី គឺ ជាដៃគូអភិវឌ្ឍន៍ ដ៏សំខាន់ទៅវិញទៅមក ដែលមានលក្ខណៈបំពេញ បន្ថែមគ្នាខាងសេដ្ឋកិច្ចនិង កម្រិតស៊ីសង្វាក់គ្នា នៃ ឧស្សាហកម្មយ៉ាងខ្លាំងក្លា ដោយឡែកប្រទេសទាំងបី សុទ្ធតែគាំទ្រយ៉ាងមុតមាំ នូវពហុភាគីនិយមនិងពាណិជ្ជកម្ម សេរីដែលជាកម្លាំងដ៏រឹងមាំ នៃសេដ្ឋកិច្ចអាស៊ីបូព៌ា និងជាកម្លាំងជំរុញដ៏សំខាន់ នៃការធ្វើសមាហរណកម្ម សេដ្ឋកិច្ចក្នុងតំបន់ ។ កិច្ចសហប្រតិបត្តិការរវាងចិន ជប៉ុននិងកូរ៉េខាងត្បូង បាននាំមកនូវឱកាសពាណិជ្ជកម្ម និងផលប្រយោជន៍ជាក់ស្តែងដ៏ធំធេង ដល់មជ្ឈដ្ឋានពាណិជ្ជកម្ម និងប្រជាជននៃប្រទេសរៀងខ្លួន ហើយក៏បានដើរតួនាទីយ៉ាងសកម្ម ក្នុងការជំរុញការអភិវឌ្ឍក្នុងតំបន់ ក៏ដូចជាលើកទឹកចិត្ត ដល់សេដ្ឋកិច្ចសកលផងដែរ ។

ក្នុងកិច្ចប្រជុំថ្នាក់រដ្ឋមន្រ្តីការបរទេសចិន ជប៉ុននិងកូរ៉េខាងត្បូងលើកនេះ ប្រទេសចិនបានផ្តោតទៅលើអនាគត ដែលបានលើកឡើងនូវគំនិតផ្តួចផ្តើម ៥ ចំណុច ជុំវិញការធ្វើឱ្យស៊ីជម្រៅនូវកិច្ចសហប្រតិបត្តិការ រវាងប្រទេសទាំងបី គំនិតផ្តួចផ្តើមទាំងនេះ ពាក់ព័ន្ធនឹងគ្រប់វិស័យ ដូចជា សេដ្ឋកិច្ចនិងពាណិជ្ជកម្ម វិទ្យាសាស្ត្រ និង បច្ចេកវិទ្យា វប្បធម៌មនុស្សជាតិ សង្គមនិងការអភិវឌ្ឍជានិរន្តរភាពជាដើម ដែលជាវិស័យដែលចិន ជប៉ុននិងកូរ៉េខាងត្បូង សុទ្ធតែផ្តោត ការយកចិត្តទុក ដាក់យ៉ាងខ្លាំងហើយមានចន្លោះ សហប្រតិបត្តិការយ៉ាងធំទូលាយ ដែលទទួលបានការឆ្លើយតបវិជ្ជមានពីប្រទេសទាំងពីរ ជប៉ុននិងកូរ៉េខាងត្បូង ។

និន្នាការសហប្រតិបត្តិការនៃចិន ជប៉ុន និងកូរ៉េខាងត្បូង គឺបានមកដោយមិនងាយទេដែលគួរតែថែរក្សាឱ្យបានល្អ ។ ក្នុងប៉ុន្មានឆ្នាំចុងក្រោយនេះ ទីក្រុងវ៉ាស៊ីនតោនបាននិង កំពុងពន្លឿន ការជំរុញអ្វីដែលហៅថា “យុទ្ធសាស្ត្រឥណ្ឌូ-ប៉ាស៊ីហ្វិក” ដើម្បីឡោមព័ទ្ធនិងទប់ស្កាត់ ការអភិវឌ្ឍរបស់ចិន ដែលបានបង្កផលប៉ះពាល់យ៉ាងខ្លាំង ដល់ទិសដៅនៃគោលនយោបាយ ចំពោះប្រទេសចិន របស់ជប៉ុននិងកូរ៉េខាងត្បូង ។ ទាក់ទងនឹងរឿងនេះ ក្នុងស្រុកជប៉ុននិង កូរ៉េខាងត្បូង សុទ្ធតែមានសំឡេងប្រកប ដោយវិចារណញ្ញាណមួយចំនួន ដោយអំពាវនាវថា ប្រសិនបើអាជ្ញាធរ នៃប្រទេសទាំងពីរ ធ្វើតាមគោលនយោបាយ របស់សហរដ្ឋអាមេរិក តាមតែទំនើងចិត្តនិងបោះបង់ចោលគោល នយោបាយប្រកបដោយវិចារណញ្ញាណ និងភាពប្រាកដប្រជា ចំពោះប្រទេសចិន នោះ ទីបំផុតពួកគេនឹងបំផ្លិចបំផ្លាញ ដល់ផលប្រយោជន៍ផ្ទាល់ខ្លួន ហើយក៏នឹងបង្កប់គ្រោះថ្នាក់ លាក់កំបាំងដ៏ធ្ងន់ធ្ងរ សម្រាប់សន្តិភាពនិងស្ថិរភាព នៅតំបន់អាស៊ីបូព៌ា ។

ប្រទេសទាំងបី ចិន ជប៉ុននិងកូរ៉េខាងត្បូងមានការខ្វែង គំនិតគ្នា វាជារឿងធម្មតាណាស់ ប៉ុន្តែ អ្វីដែលមានសារសំខាន់គឺ គួររក្សាការយល់ដឹង ដ៏ត្រឹមត្រូវ ចំពោះគ្នា ទៅវិញទៅមក និងកុំឱ្យការខ្វែងគំនិតគ្នា រារាំងដល់ស្ថានការណ៍ទូទៅ នៃកិច្ចសហប្រតិបត្តិការ ។ ប្រទេសចិន បាននិងកំពុង គោរពប្រទេសជប៉ុន និងកូរ៉េខាងត្បូង ដែលបានអភិវឌ្ឍ ទំនាក់ទំនង ជាមួយបណ្តា ប្រទេស នានាលើពិភពលោក ប៉ុន្តែទំនាក់ទំនង ណាមួយសុទ្ធតែមិន អាចត្រូវប្រើប្រាស់ ក្នុងការឡោមព័ទ្ធ រហូតដល់ទប់ស្កាត់ ការអភិវឌ្ឍ របស់ប្រទេសជិតខាងនោះទេ ។ ក្នុងកិច្ចប្រជុំថ្នាក់រដ្ឋមន្រ្តីការ បរទេសចិន ជប៉ុននិងកូរ៉េខាងត្បូងលើកនេះ ប្រទេសចិនបានលើកឡើង នូវបញ្ហាជាគោលការណ៍មួយចំនួន ដែលបូករួមទាំងគោរព ផ្លូវអភិវឌ្ឍន៍និងផលប្រយោជន៍ ជាស្នូលរៀងៗខ្លួន ដោះស្រាយបញ្ហារសើប ឱ្យបានសមរម្យ ប្រឆាំងនឹងការកំណត់ខ្សែ បន្ទាត់តាមមនោគមវិជ្ជា ធ្វើពហិការ ចំពោះកិច្ចសហប្រតិបត្តិការ ក្នុងតំបន់ជាក្រុម គួរតែដើរតួនាទីជា”ម៉ាស៊ីនលំនឹង” សម្រាប់គាំពារសន្តិភាព និង សន្តិសុខក្នុងតំបន់ ក៏ដូចជាប្រកាន់ខ្ជាប់ការ ដោះស្រាយការខ្វែងគំនិតគ្នា និងវិវាទដោយ សន្តិវិធី តាមរយៈកិច្ចសន្ទនានិងការពិគ្រោះពិភាក្សាគ្នា ។

ចិនរំពឹងថា ប្រទេសទាំងពីរជប៉ុន និងកូរ៉េខាងត្បូង អាចចាត់ប្រតិបតិ្តការជាក់ស្តែង ដើម្បីតាំងមូលដ្ឋានគ្រឹះ សម្រាប់ជំរុញកិច្ចសហប្រតិបត្តិការ រវាងប្រទេសទាំងបី ឱ្យវិលត្រឡប់ទៅរកផ្លូវត្រឹមត្រូវឡើងវិញ ។ ជានិច្ចកាល ប្រទេសចិនតែងតែរាប់អាន ជាមួយប្រទេស ជិតខាង និងចាត់ទុកប្រទេសជិត ខាងជាដៃគូ សង្ឃឹមថា ប្រទេសជប៉ុន និងកូរ៉េខាងត្បូង នឹងបង្ហាញពីឆន្ទៈនិងការប្តេជ្ញាចិត្តដូចគ្នា បង្ហាញពីភាពម្ចាស់ការ ខាងយុទ្ធសាស្ត្រ កាន់តែច្រើន ហើយដើរឆ្ពោះទៅរកទិសដៅ ដូចគ្នាជាមួយភាគីចិនដើម្បីជំរុញ ឱ្យកិច្ចសហប្រតិបត្តិការ រវាងប្រទេសទាំងបី ចាប់ដំណើរការឡើងវិញ ដោយគ្រប់ជ្រុងជ្រោយព្រមទាំង អាចដើរកាន់តែឆ្ងាយនិងកាន់តែរឹងមាំ ៕ អត្ថបទ និងរូបភាព ដោយវិទ្យុមិត្តភាពកម្ពុជាចិន

To Top