វ៉ាស៊ីនតោន៖ សហរដ្ឋអាមេរិក បានដាក់ទណ្ឌកម្មបន្ថែមលើ ប្រទេសកូរ៉េខាងជើង បន្ទាប់ពីការបាញ់បង្ហោះផ្កាយរណបចារកម្ម កាលពីសប្តាហ៍មុន នេះបើយោងតាមការចុះផ្សាយ របស់ទីភ្នាក់ងារសារព័ត៌មានក្យូដូជប៉ុន។
នៅក្នុងការសម្របសម្រួល ជាមួយប្រទេសអូស្ត្រាលី ជប៉ុន និងកូរ៉េខាងត្បូង ក្រសួងរតនាគារសហរដ្ឋអាមេរិកបានឲ្យដឹងថា បុគ្គលចំនួន ៨នាក់ ដែលសម្របសម្រួលការគេចវេសពីទណ្ឌកម្ម ដើម្បីជួយដល់ការអភិវឌ្ឍន៍អាវុធរបស់កូរ៉េខាងជើង និងក្រុមលួចស្តាប់មួយក្រុម ដែលប្រមូលព័ត៌មានសម្ងាត់ សម្រាប់ទីក្រុងព្យុងយ៉ាង នឹងត្រូវកំណត់គោលដៅ។
នាយកដ្ឋានបានឲ្យដឹងថា អ្នកទាំង ៨នាក់បានធ្វើការនៅក្នុងប្រទេសដូចជាចិន និងរុស្ស៊ី ជាភ្នាក់ងារសម្រាប់កូរ៉េខាងជើង ដោយបានជួយប្រទេសនេះ ក្នុងការទទួលបានប្រាក់ និងបច្ចេកវិទ្យា ដែលចាំបាច់សម្រាប់ការអភិវឌ្ឍមីស៊ីលផ្លោង និងអាវុធផ្សេងៗទៀត។
ក្រុមចារកម្មតាមអ៊ីនធឺណិតគឺ Kimsuky ដែលមានទំនាក់ទំនងជាមួយការិយាល័យ ត្រួតពិនិត្យទូទៅរបស់ប្រទេសកូរ៉េខាងជើង ដែលនាយកដ្ឋានសហរដ្ឋអាមេរិកបានឲ្យដឹងថា ទទួលបន្ទុកក្នុងការលួចព័ត៌មានរសើបពីមនុស្ស ដែលជួលដោយទីភ្នាក់ងាររដ្ឋាភិបាល អ្នកគិត និងប្រព័ន្ធផ្សព្វផ្សាយនៅក្នុងប្រទេស ដូចជាប្រទេសជប៉ុន កូរ៉េខាងត្បូង និងសហរដ្ឋអាមេរិក។
លោក Brian Nelson អនុរដ្ឋលេខាធិការនៃ នាយកដ្ឋានទទួលបន្ទុកភេរវកម្ម និងចារកម្មហិរញ្ញវត្ថុបានឲ្យដឹង នៅក្នុងសេចក្តីថ្លែងការណ៍មួយថា ការប្រើប្រាស់របស់កូរ៉េខាងជើង លើ “ពលករក្រៅប្រទេស អ្នកលាងលុយ ចារកម្មតាមអ៊ីនធឺណិត និងការផ្តល់មូលនិធិខុសច្បាប់នៅតែបន្ត គំរាមកំហែងដល់សន្តិសុខអន្តរជាតិ និងសម្ព័ន្ធមិត្តរបស់យើងនៅក្នុងតំបន់” ៕
ប្រែសម្រួល ឈូក បូរ៉ា