ព័ត៌មានអន្តរជាតិ

បទវិភាគ ៖ ប្រជាជនចិន នឹងមិនបំភ្លេច នូវការរួមចំណែក ជាប្រវត្តិសាស្ត្រ របស់លោក Kissinger ក្នុងការជំរុញអភិវឌ្ឍ ទំនាក់ទំនង រវាងចិន និងអាមេរិកទេ

ថ្ងៃទី២៩ខែវិច្ឆិកាតាមម៉ោង ក្នុងតំបន់ លោកKissingerដែលជាមិត្តចាស់ របស់ប្រជាជនចិន និងជាអតីតរដ្ឋមន្ត្រី ការបរទេសអាមេរិក បានទទួលមរណភាព ក្នុងជន្មាយុ១០០ឆ្នាំ ។ ក្នុងនាមជា អ្នកការទូត ដ៏ល្បីល្បាញបំផុត របស់អាមេរិក បន្ទាប់ ពីសង្គ្រាមលោកលើកទី២ លោកKissinger បានរួមចំណែកយ៉ាងលេចធ្លោ ក្នុងវិស័យជាច្រើន ដូចជាជំរុញទំនាក់ទំនង ការទូតរវាងចិន និង អាមេរិក និងធ្វើកិច្ចសម្របសម្រួល ស្ថានការណ៍ នៅមជ្ឈិមបូព៌ាជាដើម ។ ថ្ងៃទី៣០ ខែវិច្ឆិកា តាមម៉ោងប៉េកាំង លោកXi Jinping ប្រធានរដ្ឋចិន បានផ្ញើសាររំលែកទុក្ខ ទៅកាន់លោកBiden ប្រធានាធិបតីអាមេរិក ចំពោះដំណឹងមរណភាព របស់លោក Kissinger ដោយលើកឡើងថា ឈ្មោះរបស់លោក Kissinger នឹងផ្សារភ្ជាប់ជាមួយទំនាក់ទំនង រវាងចិនអាមេរិកជាដរាប ហើយលោកបណ្ឌិតKissinger នឹងត្រូវប្រជាជនចិនចងចាំ និងនឹករលឹកជារៀងរហូត ។

មានការសិក្សាជាច្រើន បានបង្ហាញថា លោកKissinger គឺជាឥស្សរជនពិសេសមួយរូប ដែលបានចាប់បដិសន្ធិ នៅក្នុងសម័យប្រវត្តិសាស្ត្រដ៏ពិសេស។ ប៉ុន្តែភាពពិសេសបែបនេះ មិនអាចមិនឱ្យអ្នកទាំងអស់ កោតសរសើរចំពោះប្រាជ្ញាការទូត របស់គាត់ ក៏ដូចជាការទទួលស្គាល់ ចំពោះការរួមចំណែក ដើម្បីសន្តិភាពនិងស្ថិរភាព ពិភពលោក របស់គាត់នោះឡើយ ។ ប្រាជ្ញាការទូតរបស់ លោកKissinger គឺកើតចេញពីការយល់ដឹង យ៉ាងស៊ីជម្រៅ របស់គាត់ ចំពោះប្រវត្តិសាស្រ្ត ពិភពលោក និងការក្ដាប់ជាប់យ៉ាងត្រឹមត្រូវ របស់គាត់អំពីក្រឹត្យក្រម នៃទំនាក់ទំនងអន្តរជាតិ ។ លោកKissinger អាចយកឈ្នះ លើទស្សនៈលំអៀង ខាងមនោគមវិជ្ជា រំដោះចេញភាព តូចចង្អៀត នៃគោលនយោបាយ ក្នុងស្រុករបស់អាមេរិក និងអនុវត្តសកម្មភាពការទូត ប្រកបដោយប្រាជ្ញា ដោយឈរលើផល ប្រយោជន៍ជាតិ ពិតប្រាកដរបស់អាមេរិក ។

គ្មានអ្វីគួរឱ្យសង្ស័យឡើយ ការជំរុញឱ្យបំបែកភាព ជាប់គាំង នៃទំនាក់ទំនងរវាងចិន និងអាមេរិក គឺជាសមិទ្ធផល គួរឱ្យចាប់អារម្មណ៍បំផុត ក្នុងជីវិតជាអ្នកការទូត របស់លោកKissinger ។ នៅឆ្នាំ១៩៧១ លោកKissingerបានបំពេញទស្សនកិច្ច នៅប្រទេសចិនដោយស្ងាត់ៗ ហើយបានពួតដៃ ជាមួយភាគីចិនសម្រេចបាននូវដំណើរទស្សនកិច្ច របស់លោកNixon អតីតប្រធានាធិបតីអាមេរិក នៅប្រទេសចិនក្នុងឆ្នាំ១៩៧២ ដែលសម្រេចបាននូវ” ការចាប់ដៃគ្នា ដែលឆ្លង កាត់មហាសមុទ្រប៉ាស៊ីហ្វិក” ។ ក្នុងរយៈពេល៥០ឆ្នាំកន្លងមកនេះ លោកKissinger បានបំពេញទស្សនកិច្ច នៅប្រទេសចិន ជាង១រយដង ហើយត្រូវបានគេហៅថាជា”មិត្តចាស់”របស់ប្រជាជនចិន ។

ក្នុងបរិបទដែលទំនាក់ទំនងរវាងចិន និងអាមេរិក កំពុងជួបនឹងការ លំបាក និងបញ្ហាប្រឈម អាមេរិកត្រូវការអ្នកនយោបាយ ដូចលោកKissinger បែបនេះ កាន់តែច្រើន ដែលអាចយក ឈ្នះលើភាព បែកបាក់ខាងនយោបាយ ក្នុងប្រទេសអាមេរិក យោគយល់និង កោតសរសើរ ចំពោះប្រវត្តិសាស្ត្រនិងវប្បធម៌ ប្រទេសចិន និងពិនិត្យមើលដោយសត្យានុម័ត នូវផលប្រយោជន៍រួមរបស់ចិន និងអាមេរិក ដើម្បីបង្កើតការយល់ដឹងយ៉ាងត្រឹមត្រូវ ចំពោះប្រទេសចិន ក៏ដូចជាជំរុញទំនាក់ទំនងរវាងចិន និងអាមេរិក ឱ្យពុះពារឧបសគ្គនិង បន្ដដំណើរឆ្ពោះទៅមុខ ។

មរតកដ៏ថ្លៃថ្លាដែល លោកKissinger បានបន្សល់ទុកឱ្យអាមេរិក គឺថាទោះបីជាប្រទេសទាំងពីរចិន និងអាមេរិកមានភាពខុសប្លែកពីគ្នាក៏ដោយ ប៉ុន្តែយុទ្ធសាស្ត្រការទូត ដ៏ឆ្លាតវៃអាចពុះពារភាពខុសប្លែកពីគ្នាទាំងនេះ ព្រមទាំងធ្វើការប្រាស្រ័យទាក់ទង និងកិច្ចសហប្រតិបត្តិការជាមួយគ្នា ដើម្បីបង្កើតទំនាក់ទំនងទ្វេភាគី ដោយឈរលើមូលដ្ឋាន នៃការផ្ដល់ផលប្រយោជន៍ដល់គ្នា ។ ការធ្វើបែបនេះ គឺសមស្របនឹងផលប្រយោជន៍ រួមរវាងចិននិងអាមេរិក ហើយក៏ត្រូវបានស្វាគមន៍ ដោយសហគមន៍អន្តរជាតិផងដែរ ។

ប្រជាជនចិន យកចិត្ត ទុកដាក់លើមនោសញ្ចេតនា និងសច្ចភាព ហើយមិនអាចបំភ្លេចមិត្តចាស់ មិនបំភ្លេចការរួមចំណែក ជាប្រវត្តិសាស្ត្រ របស់លោក Kissinger ដើម្បីជំរុញការអភិវឌ្ឍទំនាក់ទំនង រវាងចិន និងអាមេរិក បានឡើយ ។ ប្រជាជនចិន ក៏សង្ឃឹមផងដែរថា អ្នកកាន់អំណាច របស់អាមេរិកអាចយល់ដឹងថា ពិភពលោក បានប្រែប្រួល ទទួលស្នងនូវមរតកប្រាជ្ញាការទូត របស់លោកKissinger អនុវត្តគំនិតឯកភាពរួម ដ៏សំខាន់នៃកិច្ចជំនួប របស់ប្រមុខរដ្ឋចិន និងអាមេរិកនៅសាន់ហ្វ្រាន់ស៊ីស្កូ និងជំរុញឱ្យចិននិងអាមេរិក ទទួលសមិទ្ធផលទៅវិញទៅមកនិង វិបុលភាពរួមគ្នាក្នុងយុគសម័យ ប្រវត្តិសាស្ត្រថ្មី ៕ អត្ថបទ និងរូបភាពដោយ វិទ្យុមិត្តភាពកម្ពុជាចិន

To Top