បរទេស៖ ប្រទេសតួកគី និងវៀតណាមបានព្រមព្រៀងគ្នា ក្នុងការជំរុញភាពជាដៃគូរវាងវិស័យឯកជន ក្នុងការផលិតរថយន្តអគ្គិសនីនៅក្នុង កិច្ចប្រជុំកម្រិតខ្ពស់នាពេលថ្មីៗនេះ។
យោងតាមសារព័ត៌មាន VN Express ចេញផ្សាយនៅថ្ងៃទី១ ខែធ្នូ ឆ្នាំ២០២៣ បានឱ្យដឹងថា រដ្ឋមន្ត្រីក្រសួងឧស្សាហកម្ម និងបច្ចេកវិទ្យា របស់តួកគីលោក Fatih Kacir កាលពីថ្ងៃព្រហស្បតិ៍បានយល់ព្រម ជាមួយនឹងសំណើរបស់នាយករដ្ឋមន្ត្រី លោក ផាម មិញជីញ ក្នុងការជំរុញកិច្ចសហប្រតិបត្តិការ ឧស្សាហកម្មរថយន្តអគ្គិសនី (EV) របស់ពួកគេដោយប្រើប្រាស់ អត្ថប្រយោជន៍ទាំងពីរ។
លោក Fatih Kacir បានប្រាប់លោក ផាម មិញជីញ ដែលកំពុងនៅទីក្រុង អង់ការ៉ា ក្នុងដំណើរទស្សនកិច្ចផ្លូវការថា តំបន់ផ្សេងទៀតដែលតួកគី ចង់ធ្វើជាដៃគូក្នុងប្រទេសវៀតណាម គឺសួនឧស្សាហកម្មនិងបច្ចេកវិទ្យាខ្ពស់ដែល “ពោរពេញដោយសក្តានុពល” ។ លោកបានបន្ថែមថា ស្វ័យប្រវត្តិកម្ម និងសន្តិសុខ គឺជាផ្នែកផ្សេងទៀតដែលពួកគេ អាចដំណើរការបាន។
លោក ផាម មិញជីញ បាននិយាយថា តួកគីដែលមានសួនឧស្សាហកម្ម បច្ចេកវិទ្យាខ្ពស់ជាង ១០០ គឺអាចវិនិយោគនៅវៀតណាម និងចែករំលែកបទពិសោធន៍របស់ខ្លួន ក្នុងការគ្រប់គ្រងពួកគេ ៕
ប្រែសម្រួលៈ ណៃ តុលា
Warning: Attempt to read property "term_id" on false in /var/www/dap-news.com/htdocs/wp-content/themes/flex-mag/functions.php on line 999
