បរទេស៖ លោក Somchai Srisutthiyakorn ទីប្រឹក្សាគណៈកម្មាធិការសិក្សាថវិកា និងតាមដានការគ្រប់គ្រងថវិកា របស់សភាថៃ កំពុងទាមទារឱ្យរដ្ឋាភិបាលផ្តល់ព័ត៌មានថ្មីៗ អំពីបញ្ហាសុខភាពរបស់អតីតនាយករដ្ឋមន្ត្រី ដែលត្រូវបានកាត់ទោស គឺលោក ថាក់ស៊ីន ស៊ីណាវ៉ាត្រា និងបញ្ជាក់ពីបញ្ហាពាក់ព័ន្ធនឹងការ ជាប់ឃុំឃាំងរបស់លោកថែមទៀត។
យោងតាមសារព័ត៌មាន បាងកក ប៉ុស្តិ៍ របស់ថៃ ចេញផ្សាយនៅថ្ងៃទី១ ខែធ្នូ ឆ្នាំ២០២៣ បានឱ្យដឹងថា វាមានរយៈពេល ១០០ថ្ងៃហើយ ចាប់តាំងពីលោក ថាក់ស៊ីន ត្រូវបានដាក់ឱ្យព្យាបាលនៅក្នុងមន្ទីរពេទ្យប៉ូលីសទូទៅ Police General បន្ទាប់ពីការវិលត្រឡប់ចូល ប្រទេសថៃវិញរបស់លោកនៅថ្ងៃទី ២២ ខែសីហា និងការជាប់ពន្ធនាគារ។ លោកត្រូវបានគេដាក់ឱ្យនៅ ដាច់ដោយឡែកពីគេនៅពន្ធនាគារ Remand ទីក្រុងបាងកក ហើយត្រូវបានបញ្ជូនទៅមន្ទីរពេទ្យទូទៅ Police General បន្ទាប់ពីមានអាការៈឈឺទ្រូង លើសឈាម និងអុកស៊ីសែនក្នុងឈាមទាប។
លោក Somchai បាននិយាយនៅថ្ងៃព្រហស្បតិ៍តាមហ្វេសប៊ុកថា “លោកថាក់ស៊ីន បានស្ថិតក្នុងបន្ទប់ វីអាយភី នៅមន្ទីរពេទ្យទូទៅ Police General អស់រយៈពេល១០០ថ្ងៃហើយ”។ «ប្រសិនបើរដ្ឋាភិបាលមិនអាច បញ្ជាក់ការពិតអំពីឯកសិទ្ធិនេះទេ បញ្ហានឹងក្លាយជាវិបត្តិសម្រាប់រដ្ឋាភិបាល និងនាយករដ្ឋមន្ត្រីផងដែរ»។
លោក Somchai បាននិយាយទៀតថា កង្វះការបំភ្លឺរបស់រដ្ឋាភិបាលលើករណីនេះ បាននាំឱ្យមានការសន្មត់ជាសាធារណៈជាច្រើន។ លោកបានកត់សម្គាល់ថា គណបក្សភឿថៃដែលមានទំនាក់ទំនង ជាមួយលោកថាក់ស៊ីន ជាមេដឹកនាំរដ្ឋាភិបាល ហើយលោកនាយករដ្ឋមន្ត្រី សេដ្ឋា ថាវីស៊ីន ជាប់ពាក់ព័ន្ធនឹងការគ្រប់គ្រង របស់ប៉ូលិសភូមិន្ទថៃ ៕
ប្រែសម្រួលៈ ណៃ តុលា