ព័ត៌មានអន្តរជាតិ

Update៖ អ៊ុយក្រែន គ្រោងនឹងផលិតប្រព័ន្ធការពារ ដែនអាកាសដែលអាចស្ទាក់ចាប់ ការគំរាមកំហែងស្ថិតនៅចម្ងាយ ១០០គីឡូម៉ែត្រ

Photo: Jens Büttner/Zentralbild/dpa.

គៀវ៖ ប្រភពពីទីភ្នាក់ងារ Xinhua បានផ្សព្វផ្សាយនៅថ្ងៃទី២ ខែធ្នូ ឆ្នាំ២០២៣ថា ទីភ្នាក់ងារសារព័ត៌មាន Ukrinform របស់រដ្ឋាភិបាលបានរាយការណ៍ កាលពីថ្ងៃសុក្រថា ប្រទេសអ៊ុយក្រែន បានកំណត់ផែនការផលិត ប្រព័ន្ធការពារដែនអាកាស ដែលមានសមត្ថភាពស្ទាក់ចាប់ការគំរាមកំហែង ពីលើដែនអាកាសនៅចម្ងាយ ១០០គីឡូម៉ែត្រ ។

លោក Ivan Havryliuk អនុរដ្ឋមន្ត្រីការពារជាតិអ៊ុយក្រែន បានលើកឡើងថា នៅឆ្នាំក្រោយ អ៊ុយក្រែន នឹងផ្តោតលើការផលិតប្រព័ន្ធ ការពារដែនអាកាសប្រភេទ Koral ដែលមានរយៈចម្ងាយឆ្ងាយជាង ១០០គីឡូម៉ែត្រ រួមជាមួយនឹងប្រព័ន្ធមីស៊ីល ប្រឆាំងយន្តហោះចល័តផងដែរ ។

លោក Havryliuk បានបញ្ជាក់ថា នៅឆ្នាំ២០២៤ ប្រទេសអ៊ុយក្រែន នឹងបែងចែកប្រាក់សរុបចំនួន ១៧៥ពាន់លាន hryvnias ស្មើនឹងប្រហែល៤,៨ពាន់លានដុល្លារសហរដ្ឋអាមេរិក សម្រាប់ការទិញមីស៊ីល និងគ្រាប់រំសេវ ស្របពេលមានជម្លោះជាមួយរុស្ស៊ី ។

គួរបញ្ជាក់ថា ប្រព័ន្ធការពារដែនអាកាសត្រូវបាន បង្កើតឡើងដោយការិយាល័យ Luch ហើយ Koral គឺជាមីស៊ីលប្រឆាំងយន្តហោះដែលមាន សមត្ថភាពបំផ្លាញយន្តហោះ ឧទ្ធម្ភាគចក្រ គ្រាប់មីស៊ីល មីស៊ីលផ្លោង និងយន្តហោះគ្មានមនុស្សបើក ហើយគំរូដើមរបស់មីស៊ីល Koral ត្រូវបានដាក់បង្ហាញជាសាធារណៈ ជាលើកដំបូងនៅក្នុងឆ្នាំ២០២១ ។

បច្ចុប្បន្ននេះ ប្រទេសអ៊ុយក្រែន ពឹងផ្អែកភាគច្រើនលើប្រព័ន្ធការពារដែនអាកាស របស់បរទេសដើម្បីការពារដែនអាកាស ពីការបាញ់មីស៊ីល និងវាយប្រហារដោយយន្តហោះគ្មានមនុស្សបើក ៕

ប្រែសម្រួលដោយ៖ ម៉ៅ បុប្ផាមករា

To Top