ព័ត៌មានអន្តរជាតិ

ប្រធានាធិបតី ទើបជាប់ឆ្នោត របស់អាហ្សង់ទីន បង្ហាញជំហរមិនចូលរួម ជាមួយក្រុម BRICS ដែលដឹកនាំដោយចិន

AFP

បរទេស ៖ រដ្ឋមន្ត្រីការបរទេសអាហ្សង់ទីន ដែលជាប់ឆ្នោតជាប្រធានាធិបតី គឺលោក Javier Milei បានប្រកាសថា អាហ្សង់ទីន នឹងមិនចូលរួមជាមួយ ក្រុមប្រទេស BRICS ដែលជាក្រុមអន្តរជាតិ នៃបណ្តាប្រទេស ដែលត្រូវបានគេមើលឃើញ កាន់តែខ្លាំងឡើងថា ត្រូវបានដឹកនាំដោយទីក្រុងប៉េកាំង ក្នុងគោលបំណងប្រកួតប្រជែង គំនិតផ្តួចផ្តើម ដែលដឹកនាំ ដោយប្រទេសប្រជាធិបតេយ្យ លោកខាងលិច។

យោងតាមសារព័ត៌មាន VOA ចេញផ្សាយនៅថ្ងៃទី១ ខែធ្នូ ឆ្នាំ២០២៣ បានឱ្យដឹងថា ការប្រកាសកាលពីថ្ងៃព្រហស្បតិ៍ដោយ លោកស្រី Diana Mondino បង្ហាញពីការច្រានចោល នៃការសម្រេចចិត្តដ៏សំខាន់ ដែលធ្វើឡើងដោយរដ្ឋាភិបាលដែលកំពុងដំណើរការ ដែលត្រូវបានគេមើលឃើញថា ជាការទាញរដ្ឋាភិបាលទីក្រុង Buenos Aries ឱ្យកាន់តែខិតទៅជិតគន្លងរបស់ប្រទេសចិន។ ការច្រានចោលនេះ ក៏កើតមានផងដែរ បើទោះបីជាមានលិខិតផ្ទាល់ខ្លួន របស់មេដឹកនាំកុម្មុយនិស្តចិន លោក ស៊ី ជិនពីង បានសរសេរ និងបានប្រគល់ដល់ដៃលោក Milei កាលពីសប្តាហ៍មុនក៏ដោយ ។

ជំហររបស់រដ្ឋាភិបាល លោកប្រធានាធិបតី Milei ដែលចូលមកលើ BRICS ត្រូវបានឃ្លាំមើលយ៉ាងដិតដល់។ នៅ​លើ​ដំណើរ​នៃ​យុទ្ធនាការ​នេះ លោក Milei គឺ​ជា​អ្នក​រិះគន់​យ៉ាង​ចាស់​ដៃ ​ចំពោះ​ប្រព័ន្ធ​នយោបាយ​របស់​ប្រទេស​ចិន ។ ផ្ទុយទៅវិញ គូប្រជែងរបស់គាត់គឺលោក Sergio Massa ដែលជារដ្ឋមន្ត្រី ទទួលបន្ទុកកិច្ចការសេដ្ឋកិច្ច នៅក្នុងរដ្ឋាភិបាល ដែលកំពុងជិតផុតអាណត្តិ បានស្វាគមន៍ការកើនឡើង នៃជំហានរបស់ប្រទេសចិន នៅក្នុងប្រទេស របស់ពួកគេដោយបើកចំហរ សូម្បីតែការនិយាយលេងអំពីសាធារណរដ្ឋថ្មីមួយក្រោមឈ្មោះ “Argenchina”, នេះបើតាមសារព័ត៌មាន Bloomberg និងប្រព័ន្ធផ្សព្វផ្សាយផ្សេងទៀត បានរាយការណ៍។

BRICS ជាអក្សរកាត់សម្រាប់ ប្រេស៊ីល រុស្ស៊ី ឥណ្ឌា ចិន អាហ្រ្វិកខាងត្បូង – ត្រូវបានគេមើលឃើញកាន់តែខ្លាំងឡើងថា ជាក្រុមភូមិសាស្ត្រនយោបាយ ដែលដឹកនាំដោយទីក្រុងប៉េកាំង ដែលស្វែងរកការពង្រីកឥទ្ធិពលរបស់ខ្លួន និងរៀបចំសណ្តាប់ធ្នាប់អន្តរជាតិឡើងវិញ។

កាល​ពី​ឆ្នាំ​មុន ឯកអគ្គរដ្ឋទូត​អាហ្សង់ទីន​ប្រចាំ​ប្រទេស​ចិន​បាន​លាតត្រដាង​ថា លោក ស៊ី បាន​បន្ត​ការ​អញ្ជើញ​អាហ្សង់ទីន​ឱ្យចូល​រួម​ជា​មួយ​ក្រុម។ ការអញ្ជើញនេះត្រូវបានធ្វើឡើងជាផ្លូវការនៅក្នុងកិច្ចប្រជុំកំពូល BRICS ថ្មីបំផុតដែលបានធ្វើឡើងនៅក្នុងខែសីហានៅទីក្រុង Johannesburg ប្រទេសអាហ្វ្រិកខាងត្បូង ដែលជាកន្លែងដែលវាត្រូវបានប្រកាសថា សមាជិកភាពរបស់អាហ្សង់ទីន រួមជាមួយអ៊ីរ៉ង់ អេហ្ស៊ីប អេត្យូពី អារ៉ាប៊ីសាអូឌីត និងអារ៉ាប់រួមនឹងចូលជាធរមាន នៅថ្ងៃទី១ ខែមករា ឆ្នាំ២០២៤ ៕
ប្រែសម្រួលៈ ណៃ តុលា

To Top