ព័ត៌មានអន្តរជាតិ

វិមានក្រឹមឡាំង៖ សម័យកាល ដែលអាមេរិក ជាអ្នកគ្រប់គ្រង ពិភពលោក ជិតដល់ទីបញ្ចប់ហើយ

រូបភាព៖ Afp

បរទេស៖ យោងតាមការចេញផ្សាយ របស់ RT លោក Dmitry Peskov អ្នកនាំពាក្យ របស់វិមានក្រឹមឡាំង បាននិយាយថា ពិភពលោកដែលគ្រប់គ្រង់ដោយអាមេរិកឬ The American-centric world កំពុងឈានទៅដល់ទីបញ្ចប់ ហើយនិងផ្តល់មកវិញ នូវផ្លូវទៅកាន់សម័យកាលថ្មី នៃភាពចម្រុះនៅក្នុងសេដ្ឋកិច្ច និងផ្នែកផ្សេងទៀត នៃទំនាក់ទំនងអន្តរជាតិ។

លោកPeskov បានធ្វើការកត់សម្គាល់បែបនេះកាលពីថ្ងៃសៅរ៍ ជាការឆ្លើយតបទៅនឹងអត្ថបទមួយនៅក្នុងកាសែត Financial Times ដែលក្នុងនោះឧបការីរដ្ឋមន្ត្រីការបរទេសសហរដ្ឋអាមេរិកទទួលបន្ទុកធនធានថាមពលលោក Geoffrey Pyatt បានបង្ហាញថាទីក្រុងវ៉ាស៊ីនតោនមានគោលបំណងកាត់បន្ថយប្រាក់ចំណូលប្រេង និងឧស្ម័នរបស់រុស្ស៊ីពាក់កណ្តាលនៅឆ្នាំ ២០៣០។

លោក Pyatt ដែលបានបម្រើការជាឯកអគ្គរដ្ឋទូតសហរដ្ឋអាមេរិកក្នុងទីក្រុងគៀវ ក្នុងអំឡុងរដ្ឋប្រហារ Maidan ឆ្នាំ ២០១៤ ក៏បាននិយាយផងដែរថា ការដាក់ទណ្ឌកម្មរបស់អាមេរិកប្រឆាំងនឹងទីក្រុងម៉ូស្គូនឹងនៅដដែលសម្រាប់ឆ្នាំខាងមុខ ដរាបណាវាបន្តប្រតិបត្តិការយោធារបស់ខ្លួនក្នុងប្រទេសអ៊ុយក្រែន។

អ្នកនាំពាក្យវិមានក្រឹមឡាំងរូបនេះក៏បានទទូចថា ការរឹតបន្តឹងដោយសហរដ្ឋអាមេរិក និងសម្ព័ន្ធមិត្តលោកខាងលិចមិនសំខាន់សម្រាប់រុស្ស៊ីទេ ព្រោះប្រទេសនេះមានដៃគូពាណិជ្ជកម្មជាច្រើនទៀតនៅលើឆាកអន្តរជាតិ។

គាត់បានប្រាប់អ្នកកាសែតទៀតថា៖សហរដ្ឋអាមេរិកប្រហែលជាធំជាងគេ ប៉ុន្តែវាមិនមែនជាសេដ្ឋកិច្ចតែមួយគត់នៅក្នុងពិភពលោកនោះទេ។ ចិន​កំពុង​ឈរ​ជើង​នៅក្បែរតំណែងរបស់​អាមេរិកហើយក៏នៅ មានមហាអំណាច​សេដ្ឋកិច្ច​រីក​ចម្រើនផ្សេងទៀតដែលកំពុង​មាន​តម្រូវ​ការ​ផ្ទាល់​ខ្លួន​សម្រាប់​ធនធាន​ថាមពលដែរ៕

ប្រែសម្រួល៖ស៊ុនលី

To Top