ហ្គាហ្សា៖ ប្រភពពីទីភ្នាក់ងារ Xinhua បានផ្សព្វផ្សាយនៅថ្ងៃទី៤ ខែធ្នូ ឆ្នាំ២០២៣ថា ក្រសួងសុខាភិបាលដែលគ្រប់គ្រងដោយក្រុមហាម៉ាស់បានឲ្យដឹងកាលពីថ្ងៃអាទិត្យថា ចំនួនអ្នកស្លាប់ជនជាតិប៉ាឡេស្ទីនពីការវាយប្រហាររបស់អ៊ីស្រាអ៊ែល មកលើតំបន់ហ្គាហ្សាស្ទ្រីបចាប់តាំងពីថ្ងៃទី៧ ខែតុលាមកដល់ពេលនេះបានកើនឡើងដល់ ១៥.៥២៣នាក់ហើយ ។
លោក Ashraf al-Qidra អ្នកនាំពាក្យក្រសួង បានឲ្យដឹងនៅក្នុងសន្និសីទសារព័ត៌មានមួយថា ចំនួនអ្នករងរបួសប៉ាឡេស្ទីនបានកើនឡើងលើសពី៤១.០០០នាក់ ស្របពេលមានការដួលរលំនៃសេវាថែទាំសុខភាពផងដែរ ។
លោក Al-Qidra បានបញ្ជាក់ថា អ្នករងរបួសរាប់រយនាក់កំពុងត្រូវបានព្យាបាលនៅលើដី ជាមួយនឹងធនធានវេជ្ជសាស្រ្តមានកម្រិតខ្លាំង ខណៈដែលមន្ទីរពេទ្យនៅភាគខាងជើងតំបន់ហ្គាហ្សា “បានក្លាយទៅជាអសមត្ថភាពកាន់តែខ្លាំងឡើងក្នុងការផ្តល់ការថែទាំសុខភាពចាំបាច់” ។
លោកបានឲ្យដឹងទៀតថា មន្ទីរពេទ្យទាំងអស់នៅតំបន់ហ្គាហ្សាស្ទ្រីប មានសភាពទ្រុឌទ្រោមហួសពីសមត្ថភាពព្យាបាល និងគ្រែរបស់ពួកគេ ដោយខ្វះធនធានវះកាត់ចាំបាច់ ដើម្បីដោះស្រាយករណីធ្ងន់ធ្ងរ ។
លោក Al-Qidra បានថ្កោលទោសយន្តការយឺតយ៉ាវ សម្រាប់ការអនុញ្ញាតឱ្យអ្នករបួសទៅព្យាបាលនៅបរទេសដោយបានលើកឡើងថា មានតែមនុស្ស៤០៣នាក់តែប៉ុណ្ណោះដែលត្រូវបានអនុញ្ញាតឱ្យចាកចេញពីតំបន់ហ្គាហ្សាស្ទ្រីបចាប់តាំងពីការចាប់ផ្តើមនៃជម្លោះរវាងអ៊ីស្រាអ៊ែល និងក្រុមហាម៉ាស់ ៕ ប្រែសម្រួលដោយ៖ ម៉ៅ បុប្ផាមករា