ព័ត៌មានអន្តរជាតិ

Update៖ កូរ៉េខាងជើង ព្រមាននឹងតបតទៅ នឹងការវាយប្រហារណាមកលើទ្រព្យសម្បត្តិ អវកាសរបស់ខ្លួន

AFP

សេអ៊ូល៖ ប្រភពព័ត៌មានពីទីភ្នាក់ងារ Xinhua បានផ្សព្វផ្សាយនៅថ្ងៃទី៣ ខែធ្នូ ឆ្នាំ២០២៣ថា ទីភ្នាក់ងារសារព័ត៌មានកណ្តាលកូរ៉េ ហៅកាត់ថា (KCNA) បានរាយការណ៍មកថា ក្រសួងការពារជាតិនៃសាធារណរដ្ឋប្រជាធិបតេយ្យប្រជាមានិតកូរ៉េ ហៅថា (កូរ៉េខាងជើង) បានព្រមាននៅក្នុងសេចក្តីថ្លែងការណ៍មួយកាលពីថ្ងៃសៅរ៍ថា “ការវាយប្រហារណាមួយប្រឆាំងនឹងទ្រព្យសម្បត្តិអវកាសរបស់ប្រទេសខ្លួននឹងត្រូវចាត់ទុកថា ជាការប្រកាសសង្គ្រាម” ។

បើតាមសេចក្តីថ្លែងការណ៍បានដាក់ថា ការព្រមាននេះបានធ្វើឡើងក្រោយពីមន្ត្រីម្នាក់មកពីបញ្ជាការអវកាសសហរដ្ឋអាមេរិកនាពេលថ្មីៗនេះបានថ្លែងថា សហរដ្ឋអាមេរិក អាចកាត់បន្ថយសមត្ថភាពប្រតិបត្តិការអវកាសខាងក្រៅរបស់ប្រទេសសត្រូវដោយប្រើប្រាស់វិធីសាស្រ្តចម្រុះ “អាចបញ្ច្រាស់បាន និងមិនអាចត្រឡប់វិញបាន” ដោយបង្ហាញពីចេតនារបស់សហរដ្ឋអាមេរិក ក្នុងការវាយប្រហារដោយយោធាលើផ្កាយរណបឈ្លបយកការណ៍របស់កូរ៉េខាងជើង ដែលមានឈ្មោះថា “Malligyong -1” ។

សេចក្តីថ្លែងការណ៍បានដាក់ថា ដោយបានកត់សម្គាល់អំពីផ្កាយរណបឈ្លបយកការណ៍គឺជា “ផ្នែកមួយនៃទឹកដីរបស់កូរ៉េខាងជើង ដែលអធិបតេយ្យភាពរបស់ខ្លួនត្រូវបានអនុវត្ត” ។ ជំហររបស់សហរដ្ឋអាមេរិកគឺជា “ការប្រឈមចំពោះអធិបតេយ្យភាពរបស់កូរ៉េខាងជើង ហើយច្បាស់ជាងនោះគឺថា ការប្រកាសសង្រ្គាមប្រឆាំងនឹងករណីនេះអាចកើតមានឡើង” ។

នៅក្នុងសេចក្តីថ្លែងការណ៍បានបញ្ជាក់ឲ្យដឹងច្បាស់ថា “វាគឺជាបេសកកម្មរបស់កងកម្លាំងប្រដាប់អាវុធរបស់ប្រទេសកូរ៉េខាងជើង ក្នុងការអនុវត្តការរារាំងសង្គ្រាមរបស់ពួកគេ ដើម្បីការពារអធិបតេយ្យភាពរដ្ឋ និងបូរណភាពទឹកដី ក្នុងករណីដែលការវាយប្រហារដោយយោធាដ៍សាហាវត្រូវបានធ្វើឡើងប្រឆាំងនឹងទ្រព្យសម្បត្តិយុទ្ធសាស្ត្ររបស់ប្រទេសខ្លួន ឬវាត្រូវបានវិនិច្ឆ័យថា ការវាយប្រហារនេះគឺអាចខិតជិតមកដល់ហើយ” ៕

ប្រែសម្រួលដោយ៖ ម៉ៅ បុប្ផាមករា

To Top