បរទេស៖ យោងតាមការចេញផ្សាយរបស់ RT មន្ទីរបញ្ចកោណបាននិយាយថា នាវាចម្បាំងអាមេរិកមួយគ្រឿង និងនាវាពាណិជ្ជកម្មជាច្រើនគ្រឿង បានរងការវាយប្រហារ នៅសមុទ្រក្រហមកាលពីថ្ងៃអាទិត្យ នៅក្នុងអ្វីដែលត្រូវបានគេមើលឃើញថា ជាការវាយប្រហារចុងក្រោយបំផុត នៅក្នុងដែនសមុទ្រជាបន្តបន្ទាប់លើ ផ្លូវដឹកជញ្ជូនក្នុងតំបន់ដែលមានការពាក់ព័ន្ធ ទៅនឹងសង្គ្រាមអ៊ីស្រាអែល-ហាម៉ាស។
ទោះបីជាយ៉ាងណាក្តី នៅក្នុងសេចក្តីថ្លែងការណ៍ដែលចេញផ្សាយ ដោយក្រសួងការពារជាតិ មន្ត្រីអាមេរិកមិនបានកំណត់ អត្តសញ្ញាណភ្លាមៗពីប្រភពនៃ ការវាយប្រហារកាលពីថ្ងៃអាទិត្យនោះទេ។
ប៉ុន្តែភ្លាមៗនោះ ក្រុមឧទ្ទាម Houthi ដែលគាំទ្រដោយអ៊ីរ៉ង់ របស់ប្រទេសយេម៉ែន បាននិយាយថា នាវាពីរគ្រឿង ដែលកំពុងបំពេញការងារគាំទ្រអ៊ីស្រាអែល ត្រូវបានវាយប្រហារដោយកងកម្លាំងរបស់ខ្លួន ជាមួយនឹងយន្តហោះគ្មានមនុស្សបើក និងមីស៊ីលមួយគ្រាប់ ប៉ុន្តែមិនទទួលស្គាល់ថា បានកំណត់គោលដៅលើនាវា កងទ័ពជើងទឹកអាមេរិកនោះទេ។
គួរឲ្យដឹងដែរថាក្រុមសកម្មប្រយុទ្ធ Houthi ធ្លាប់បានបាញ់មីស៊ីលផ្លោង និងយន្តហោះគ្មានមនុស្សបើកបំពាក់ដោយអាវុធ ទៅកាន់គោលដៅរបស់អ៊ីស្រាអែល ហើយបានសន្យាថានឹងបន្តកំណត់គោលដៅ លើនាវាអ៊ីស្រាអែលនៅក្នុងតំបន់ទៀតផង ៕
ប្រែសម្រួល៖ ស៊ុន លី