ព័ត៌មានអន្តរជាតិ

បំណែកយន្ដហោះ Osprey ត្រូវបានប្រគល់ឲ្យអាមេរិក វិញ ​បន្ទាប់​ពីជួបគ្រោះថ្នាក់ នៅក្នុង​ប្រទេស​ជប៉ុន

រូបភាពពី៖​ Kyodo

តូក្យូ៖ អាជ្ញាធរជប៉ុនបានឲ្យដឹងថា បំណែកនៃយន្តហោះយោធា Osprey ដែលបានធ្លាក់ក្នុងដែនទឹក ភាគនិរតីនៃប្រទេសជប៉ុន ត្រូវបានប្រគល់ទៅឱ្យយោធាសហរដ្ឋអាមេរិកកាលពីថ្ងៃអាទិត្យ ខណៈដែលការស្វែងរកនៅជុំវិញ នៅតែបន្ត ដើម្បីស្វែងរកសមាជិកនាវិកចំនួន ៧នាក់ទៀតដែលបាត់ខ្លួន។

បំណែកបាក់បែកត្រូវបានប្រមូលដោយកប៉ាល់មកពីទីស្នាក់ការឆ្មាំសមុទ្រក្នុងតំបន់ទី១០ ក្នុងខេត្តកាហ្គោស៊ីម៉ា និងដោយអ្នកនេសាទមកពីទីប្រជុំជនយូគូស៊ីម៉ា បន្ទាប់ពីយន្តហោះ tilt-rotor បានធ្លាក់កាលពីថ្ងៃពុធក្នុងអំឡុងពេលសមយុទ្ធហ្វឹកហាត់នៅជិតទីប្រជុំជនកោះ។

ការប្រគល់​បំណែក​យន្តហោះ ​ដោយ​អនុលោម​តាម​កិច្ចព្រមព្រៀង​ស្ថានភាព​កងកម្លាំង​ជប៉ុន​-​អាមេរិក​មានន័យថា វា​នឹង​មិនអាច​អនុវត្តបាន​សម្រាប់​ជប៉ុន ​ក្នុង​ការស៊ើបអង្កេត​ពី​មូលហេតុ​នៃ​ឧបទ្ទវហេតុ​នេះបាននោះទេ នេះបើយោងតាមការចុះផ្សាយរបស់ទីភ្នាក់ងារសារព័ត៌មានក្យូដូជប៉ុន។

សាកសព​តែ​មួយ​គត់​ដែល​រក​ឃើញ​ពី​យន្តហោះ​ត្រូវ​បាន​គេ​កំណត់​អត្តសញ្ញាណ​ថា ​ជា​បុគ្គលិក​លោក Jacob Galliher អាយុ ២៤ឆ្នាំ ជាប្រតិបត្តិករជំនួយផ្ទាល់ ដែលត្រូវបានចាត់ឱ្យទៅក្រុមស៊ើបការណ៍សម្ងាត់ទី៤៣ ដែលជាបញ្ជាការប្រតិបត្តិការពិសេសរបស់កងទ័ពអាកាសសហរដ្ឋអាមេរិក​។

បញ្ជាការបានឲ្យដឹងថា ប្រតិបត្តិការស្វែងរក និងជួយសង្គ្រោះ ដែលធ្វើឡើងដោយសហការជាមួយកងកម្លាំងការពារជាតិជប៉ុន និងឆ្មាំឆ្នេរសមុទ្រ ក៏ដូចជាអ្នកស្ម័គ្រចិត្តស៊ីវិល កំពុងបន្ត ហើយនៅតែជាអាទិភាពកំពូល។ ប្រភពបានឲ្យដឹងថា នាវាផ្ទុកយន្តហោះអាមេរិក Carl Vinson ដែលស្លាបអាកាសរបស់ខ្លួន និងទ្រព្យសម្បត្តិផ្សេងទៀតដូចជាយានគ្មានមនុស្សបើក និងអ្នកមុជទឹកបានចូលរួម។

ឧត្តមសេនីយ Tony Bauernfeind មេបញ្ជាការប្រតិបត្តិការពិសេសរបស់កងទ័ពអាកាសបានឲ្យដឹងនៅក្នុងសេចក្តីថ្លែងការណ៍មួយថា “ការផ្តោតរបស់យើង គឺធ្វើឱ្យប្រតិបត្តិការស្វែងរក និងជួយសង្គ្រោះ២៤/៧ ដែលកំពុងបន្ត ​ ខណៈពេលដែលយើងយកចិត្តទុកដាក់ ចំពោះគ្រួសារ និងមនុស្សជាទីស្រលាញ់ ដែលរងផលប៉ះពាល់ដោយឧបទ្ទវហេតុនេះ” ៕ ប្រែសម្រួល ឈូក បូរ៉ា

To Top