ព័ត៌មានអន្តរជាតិ

មន្ទីរបញ្ចកោណថា កងកម្លាំងជើងទឹកអាមេរិក ស្ទាក់ដំណើររបស់យន្តហោះ គ្មានមនុស្សបើកអ៊ីរ៉ង់ នៅឈូងសមុទ្រពែក្ស

AFP

បរទេស៖ បញ្ជាការកណ្តាលអាមេរិក (CENTCOM) បាននិយាយកាលពីថ្ងៃសៅរ៍ថា យន្តហោះកងទ័ពជើងទឹកអាមេរិក បានស្ទាក់ដំណើររបស់យន្តហោះ គ្មានមនុស្សបើករបស់អ៊ីរ៉ង់ (UAV ) ដែលកំពុងហោះហើរលើឈូងសមុទ្រពែក្ស។

យោងតាមសារព័ត៌មាន RT ចេញផ្សាយនៅថ្ងៃទី៣ ខែធ្នូ ឆ្នាំ២០២៣ បានឱ្យដឹងថា បញ្ជាការ CENTCOM បាននិយាយនៅលើ X (អតីត Twitter) ថា យន្តហោះគ្មានមនុស្សបើករបស់អ៊ីរ៉ង់ “កំពុងប្រតិបត្តិការក្នុងលក្ខណៈមិនមានសុវត្ថិភាព និងគ្មានវិជ្ជាជីវៈ” នៅជិតក្រុមវាយប្រហារដែល ដឹកនាំដោយនាវាផ្ទុកយន្តហោះ USS Dwight D. Eisenhower ។ យោធាបាននិយាយថា ក្រុមអាមេរិកត្រូវបានដាក់ពង្រាយដើម្បីគាំទ្រ “សន្តិសុខ និងស្ថិរភាពដែនសមុទ្រនៅក្នុងតំបន់មជ្ឈិមបូព៌ា”។

ការជួបប្រទះគ្នាដែលត្រូវបានគេរាយការណ៍នេះ ធ្វើឡើងបន្ទាប់ពីឧប្បត្តិហេតុមួយចំនួន ដែលពាក់ព័ន្ធនឹងកប៉ាល់ក្នុងតំបន់ ចាប់តាំងពីសង្គ្រាមបានផ្ទុះឡើង រវាងក្រុមសកម្មប្រយុទ្ធប៉ាឡេស្ទីន ហាម៉ាស និងអ៊ីស្រាអែលនៅថ្ងៃទី ៧ ខែតុលា។

កាលពីថ្ងៃពុធ យន្តហោះគ្មានមនុស្សបើកមួយគ្រឿង បានហោះចេញពីតំបន់គ្រប់គ្រង ដោយក្រុមឧទ្ទាមហ៊ូធីនៃប្រទេសយេម៉ែន និងត្រូវបានបាញ់ទម្លាក់លើសមុទ្រក្រហម ដោយនាវាពិឃាតរបស់កងទ័ពជើងទឹកអាមេរិក USS Carney ។ មន្ទីរបញ្ចកោណបាននិយាយថា យន្តហោះគ្មានមនុស្សបើក ផលិតដោយអ៊ីរ៉ង់កំពុងធ្វើដំណើ រឆ្ពោះទៅកាន់នាវាចម្បាំង។ នាវាអាមេរិកក៏បានបាញ់ទម្លាក់ យន្តហោះគ្មានមនុស្សបើក ដែលបាញ់ចេញពីប្រទេសយេម៉ែនកាលពីខែតុលា។

សហរដ្ឋអាមេរិកបានបញ្ជូនក្រុមវាយប្រហារ នាវាផ្ទុកយន្តហោះពីរក្រុមទៅកាន់មជ្ឈិមបូព៌ាក្នុងខែតុលា ដើម្បីបង្ហាញការគាំទ្រដល់អ៊ីស្រាអែល ក្នុងសង្គ្រាមប្រឆាំងនឹងក្រុមហាម៉ាស។ មន្ទីរបញ្ចកោណបាននិយាយនៅពេលនោះថា ខ្លួនកំពុងផ្ញើ “សារនៃការរារាំងដល់អ៊ីរ៉ង់ និងក្រុមសកម្មប្រយុទ្ធលីបង់ ហេសស្បូឡា” ៕

ប្រែសម្រួលៈ ណៃ តុលា

To Top