បរទេស ៖ យោងតាមការចេញ ផ្សាយរបស់ RT ប្រធានាធិបតីតួកគីលោក Recep Tayyip Erdogan បានព្យាករណ៍ថា មេដឹកនាំអ៊ីស្រាអែល Benjamin Netanyahuនឹង ត្រូវប្រឈមមុខទៅនឹងការចោទប្រកាន់ ពីបទឧក្រិដ្ឋកម្មសង្គ្រាម នៅក្នុងតុលាការឧក្រិដ្ឋកម្មអន្តរជាតិ (ICC)ជាមិនខាន។
លោកបញ្ជាក់ថា វាគឺជាលទ្ធផល ដែលបានមកពីការវាយលុក របស់ប្រទេសអ៊ីស្រាអែល ទៅលើតំបន់ហ្គាហ្សា ខណៈដែលលោកបានថ្កោលទោស ភាពអសកម្ម របស់លោកខាងលិច នៅជុំវិញសកម្មភាពយោធា ដែលកំពុងបន្តរបស់អ៊ីស្រាអែល នៅក្នុងតំបន់នេះនៅឡើយនោះ។
គិតមកទល់ពេលនេះមនុស្សជាង ១៥៨០០នាក់ ហើយ ដែលភាគច្រើនជាស្ត្រី និងកុមារត្រូវបាន សម្លាប់នៅក្នុងការវាយប្រហារ តាមផ្លូវអាកាសដោយ អ៊ីស្រាអែល បន្ទាប់ពី លោក Netanyahu បានប្តេជ្ញាថានឹង កម្ចាត់ក្រុមហាម៉ាស់ឲ្យអស់ ជាការឆ្លើយតបទៅនឹងការ វាយប្រហារឆ្លងព្រំដែន កាលពីថ្ងៃទី ៧ខែតុលា របស់ក្រុមសកម្មប្រយុទ្ធប៉ាឡេស្ទីន ដែលបានសម្លាប់មនុស្ស ប្រហែល១២០០នាក់ ហើយបានឃើញចំណាប់ខ្មាំង ២៤០នាក់ផង។
គួរឲ្យដឹងដែរថាទោះបីជាយ៉ាងណាក្តីភាគី ជម្លោះទាំងពីរបានចូលរួមនៅក្នុងបទឈប់បាញ់មួយ ដើម្បីជួយសម្រួលដល់ការដាក់ពង្រាយ ជំនួយអន្តរជាតិនៅក្នុង តំបន់ហ្គាហ្សាកាលពីសប្តាហ៍មុន ក៏ដូចជាត្រួតពិនិត្យការ ដោះលែងចំណាប់ខ្មាំង ដែលកាន់កាប់ដោយក្រុមហាម៉ាស ជាថ្នូរនឹងអ្នកទោសដែលត្រូវបានឃុំខ្លួន នៅក្នុងពន្ធនាគាររបស់អ៊ីស្រាអែលដែរ៕
ប្រែសម្រួល៖ស៊ុនលី