បរទេស៖ ភាពតានតឹងនៅជុំវិញបញ្ហាកោះតៃវ៉ាន់ បានកើនឡើងបន្ទាប់ពីដំណើរទស្សនកិច្ចរបស់អតីតប្រធានសភាអាមេរិក លោកស្រី Nancy Pelosi ទៅកាន់កោះនេះក្នុងឆ្នាំ ២០២២។ ទីក្រុងប៉េកាំងបានថ្កោលទោសការធ្វើដំណើរនេះ ដោយហៅទស្សនកិច្ចនេះថា ជាកាយវិការនៃការគាំទ្រចំពោះការបំបែកខ្លួន ហើយចិនក៏បានធ្វើសមយុទ្ធយោធាដ៏ធំនៅជិតកោះតៃវ៉ាន់ក្នុងសកម្មភាពសងសឹក។
យោងតាមសារព័ត៌មាន Sputnik ចេញផ្សាយនៅថ្ងៃទី៥ ខែធ្នូ ឆ្នាំ២០២៣ បានឱ្យដឹងថា កងទ័ពជើងទឹកអាមេរិកគ្រោងនឹងចាប់ផ្តើមបំពាក់នាវាមុជទឹករបស់ខ្លួនជាមួយនឹងកាំជ្រួចប្រឆាំងនាវា Tomahawk នៅឆ្នាំក្រោយ នេះបើយោងតាមសារព័ត៌មាន Bloomberg ដោយដកស្រង់សម្តីលោកឧត្តមនាវីឯក Jon Michael Hersey ដែលជាអ្នកគ្រប់គ្រងកម្មវិធី Tomahawk Weapon Systems ថ្មីបាននិយាយ។
លោកបាននិយាយថា កំណែ “Maritime Strike” របស់មីស៊ីល Tomahawk ដែលត្រូវបានរចនាឡើងដំបូងសម្រាប់ការវាយលុកគោលដៅដី គឺនឹងត្រូវដាក់ឱ្យដំណើរការបន្ទាប់ពីថ្ងៃទី ១ ខែតុលា ឆ្នាំ ២០២៤។
យោងតាមលោក Jon Michael Hersey, ម៉ូដែល Tomahawk ចុងក្រោយបង្អស់នឹងត្រូវបានបំពាក់ដោយប្រព័ន្ធណែនាំថ្មី ដែលអនុញ្ញាតឱ្យកាំជ្រួច “វាយប្រហារគោលដៅចល័តនៅសមុទ្របាន” ។
មីស៊ីលថ្មីនេះត្រូវបានគេរំពឹងថានឹងដំឡើងនៅលើនាវាមុជទឹកនៅ Los Angeles- និង Virginia-class ដែលមានសមត្ថភាពផ្ទុកគ្រាប់មីស៊ីល Tomahawks វាយប្រហារដីចំនួន ១២ គ្រឿងក្នុងមួយគ្រឿងៗ។ កំណែទម្រង់នៃនាវាមុជទឹកថ្នាក់ Virginia-class នឹងផ្ទុកមីស៊ីលបាន ៤០ គ្រាប់។ ចម្ងាយប៉ាន់ស្មានរបស់ Tomahawk គឺហោះបានប្រហែល ១៦០០ គីឡូម៉ែត្រ ៕ ប្រែសម្រួលៈ ណៃ តុលា