ព័ត៌មានអន្តរជាតិ

បទវិភាគ ៖ ចិនអភិវឌ្ឍន៍ ជានិរន្តរភាព ពិភពលោក ទើបអាចកាន់តែមានវិបុលភាព

“នៅមជ្ឈមណ្ឌលរថយន្តអគ្គិសនីមួយ របស់ប្រទេសចិន វិស្វករទាំងឡាយ នៃក្រុមហ៊ុនរថយន្ត Volkswagen របស់អាល្លឺម៉ង់ កំពុងស្វែងរកការបំផុស គំនិតនិងបទពិសោធន៍ ដើម្បីស្វែងយល់ ពីតើធ្វើយ៉ាងម៉េច ទើបអាចពន្លឿនល្បឿនផលិតកម្ម ។ ”ពេលថ្មីៗកន្លងទៅនេះ វេបសាយនៃកាសែត《The Wall Street Journal 》 របស់អាមេរិក បានចេញផ្សាយ អត្ថបទមួយ ក្រោមចំណងជើងថា 《សហគ្រាសរថយន្តប្រទេស ប៉ែកខាងលិចរៀនសូត្រ និងដេញតាមសហគ្រាស រថយន្តអគ្គិសនីរបស់ចិន》 បានពិពណ៌នាអំពីទិដ្ឋភាព ដូចពោលខាងលើ ។

ក្នុងរយៈពេល៨ឆ្នាំ ជាប់ៗគ្នា ចំនួនលក់ដូរ រថយន្តថាមពលថ្មីរបស់ចិន បានជាប់ចំណាត់ថ្នាក់លេខ១លើពិភពលោក ។ នេះជារូបភាពមួយ នៃការអភិវឌ្ឍ សេដ្ឋកិច្ច ប្រទេសចិន ដ៏ផុលផុស ។ បើឈរលើមុំអន្តរជាតិ អ្នកផងទាំងពួង នឹងយល់ច្បាស់ ពីសេដ្ឋកិច្ចរបស់ចិន ថែមមួយកម្រិតទៀត ។
ល្បឿនកំណើន សេដ្ឋកិច្ច ជាសន្ទស្សន៍ ដែលយើងអាចមើល ឃើញដោយផ្ទាល់ ។ ក្នុងរយៈពេល៣ត្រីមាសដំបូងនៃឆ្នាំនេះ សេដ្ឋកិច្ចរបស់ចិន បានកើនឡើង៥,២ភាគរយ បើប្រៀបធៀប នឹង រយៈពេលដូចគ្នានាឆ្នាំទៅ ។ ក្នុងពេលដំណាលគ្នា ល្បឿនកំណើនសេដ្ឋកិច្ច របស់សហរដ្ឋអាមេរិក និងតំបន់ប្រើប្រាស់ ប្រាក់អឺរ៉ូគឺ២,៤ភាគរយ និងប្រហែល០,៥ភាគរយ ដោយឡែកពីគ្នា ។ “សេដ្ឋកិច្ចរបស់ចិនកើនឡើង៥ភាគរយ មានគេនិយាយថា ជិតនឹងដួលរលំហើយ តែសេដ្ឋកិច្ចសហរដ្ឋអាមេរិក កើនឡើង ២ភាគរយ គេបែរជានិយាយថា ប្រកបដោយវិបុលភាពទៅវិញ ។
”ចំពោះមតិ ដែលគ្មាន សុទិដ្ឋិនិយម ចំពោះសេដ្ឋកិច្ចរបស់ចិន ទាំងនោះ លោក Neil Bush ស្ថាបនិកនិង ជាប្រធានក្រុមប្រឹក្សាភិបាល នៃមូលនិធិ ទំនាក់ទំនង រវាងអាមេរិក និងចិន George Bush មិនឯកភាពទេ ។ នេះបានតំណាងមតិ របស់ឥស្សរជន និងអង្គការអន្តរជាតិជាច្រើន ។
ពេលថ្មីៗកន្លងទៅនេះ អង្គការមូលនិធិរូបិយ វត្ថុអន្តរជាតិ និងអង្គការសហប្រតិបត្តិការ និងការអភិវឌ្ឍសេដ្ឋកិច្ចបានដំឡើង ការប៉ាន់ប្រមាណ ចំពោះកំណើនសេដ្ឋកិច្ចរបស់ចិន ឆ្នាំ២០២៣ ឡើងដល់៥,៤ភាគរយនិង៥,២ភាគរយ ។ អង្គការពាណិជ្ជកម្មជាច្រើនដូចជា ក្រុមហ៊ុន JP Morgan ក្រុមហ៊ុន Morgan Stanley និងក្រុមសាជីវកម្ម Citi ជា ដើមក៏បានដើរ តាមបន្តទៀត ដែលសុទ្ធតែដំឡើងការប៉ាន់ ប្រមាណ ចំពោះកំណើនសេដ្ឋកិច្ចរបស់ចិន ឆ្នាំនេះលើសពី ៥ភាគរយ ។ អង្គការមូលនិធិរូបិយវត្ថុអន្តរជាតិ ក៏បានព្យាករណ៍ថា អត្រារួមចំណែកនៃសេដ្ឋកិច្ចចិន ចំពោះកំណើន សេដ្ឋកិច្ច ពិភពលោកឆ្នាំនេះ នឹងលើស ពី៣០ភាគរយ ។ តើអនាគតសេដ្ឋកិច្ចរបស់ចិននឹងមានសភាពយ៉ាងណា? អង្គការអន្តរជាតិភាគច្រើន សុទ្ធតែបានផ្តល់ការវិនិច្ឆ័យ ជាឯកច្ឆ័ន្ទ ។

ក្រឡេកមកមើល សហគ្រាស ពហុជាតិវិញ ពីខែមករាដល់ខែតុលាឆ្នាំនេះ ចិនបានបង្កើតសហគ្រាសថ្មី ដែលវិនិយោគទុន ដោយសហគ្រាស បរទេសចំនួន៤១៩៤៧ ដែលបានកើនឡើង៣២,១ភាគរយបើប្រៀបធៀប នឹងរយៈពេលដូចគ្នានៃឆ្នាំមុន ។ ក្នុងចក្ខុវិស័យនៃសហគ្រាសពហុជាតិជាច្រើន “ធ្វើពាណិជ្ជកម្មជាមួយ ប្រទេសចិន” គឺមានន័យថា ងាយស្រួល ។ ឧស្សាហកម្មផលិតកម្មរបស់ចិន មានប្រភេទឧស្សាហកម្មច្រើនបំផុត និងប្រព័ន្ធឧស្សាហកម្មពេញលេញបំផុតលើទូទាំងពិភពលោក ហើយទ្រង់ទ្រាយឧស្សាហកម្មផលិតកម្ម របស់ចិនបានកាន់លំដាប់ថ្នាក់ទី១ លើពិភពលោក ក្នុងរយៈពេល១៣ឆ្នាំជាប់ៗគ្នា ។ ចិនបានរក្សាឋានៈជាប្រទេសពាណិជ្ជកម្មទំនិញ ឈានមុខគេលើពិភពលោកក្នុងរយៈពេល៦ឆ្នាំជាប់ៗគ្នា ។ បរិមាណសរុប នៃបុគ្គលិកសិក្សាស្រាវជ្រាវអភិវឌ្ឍន៍របស់ចិនបានរក្សាចំណាត់ថ្នាក់ទី១លើពិភពលោកក្នុងរយៈពេលច្រើនឆ្នាំកន្លងទៅនេះ ដែលបានបំផុសកម្លាំង ច្នៃប្រឌិតថ្មីជាបន្តបន្ទាប់ ។

ក្រៅពីនេះ ការវិនិយោគផ្ទាល់ នៅប្រទេសចិនពីប្រទេសអភិវឌ្ឍន៍មួយ ចំនួនបានកើនឡើងជាច្រើន ។ ពីខែមករាដល់ខែតុលាឆ្នាំនេះ ការវិនិយោគជាក់ស្តែង ចំពោះប្រទេសចិនរបស់ប្រទេសកាណាដា អង់គ្លេស បារាំង ស្វីសនិង ហូឡង់បានកើនឡើង១១០,៣ភាគរយ ៩៤,៦ភាគរយ ៩០ភាគរយ ៦៦,១ភាគរយ និង៣៣ភាគរយដោយឡែកពីគ្នា ។ អ្វីដែលកាន់តែសំខាន់គឺ នាពេលបច្ចុប្បន្ននេះ ប្រទេសចិនមិនត្រឹមតែជា “រោងចក្រពិភពលោក”ប៉ុណ្ណោះទេ ។ ចិនកំពុងក្លាយជា “អ្នកនាំផ្លូវ”ក្នុងវិស័យការអភិវឌ្ឍបៃតង និងសេដ្ឋកិច្ចឌីជីថលជាដើម ក៏ដូចជាបាននាំមកនូវកម្លាំងចលករថ្មី ដល់សេដ្ឋកិច្ចពិភពលោកផងដែរ ។

បើឈរលើមុំអន្តរជាតិ មជ្ឈដ្ឋានខាងក្រៅមើលកាន់ តែច្បាស់ ចំពោះសេដ្ឋកិច្ចរបស់ចិន ។ យ៉ាងណាក៏ដោយ ការប្រកាន់ទុទិដ្ឋិនិយម ចំពោះប្រទេសផ្សេងទៀត មិនអាចនាំឱ្យខ្លួនឯងរីកចម្រើន កាន់តែល្អប្រសើរនោះទេ ចិនអភិវឌ្ឍន៍ជានិរន្តរភាព ពិភពលោកទើបអាចកាន់តែមានវិបុលភាព ៕
អត្ថបទ និងរូបភាពដោយ វិទ្យុមិត្តភាពកម្ពុជាចិន

To Top