បរទេស ៖ ប្រធានាធិបតីចិន លោក ស៊ី ជិនពីង និងភរិយា នឹងទៅបំពេញទស្សនកិច្ចផ្លូវរដ្ឋ នៅប្រទេសវៀតណាម នៅថ្ងៃទី ១២-១៣ ខែធ្នូ។
យោងតាមសារព័ត៌មាន VN EXPRESS ចេញផ្សាយនៅថ្ងៃទី៧ ខែធ្នូ ឆ្នាំ២០២៣ បានឱ្យដឹងថា អគ្គលេខាបក្ស, ប្រធានាធិបតីចិន លោក ស៊ី ជិនពីង និងភរិយា នឹងទៅបំពេញទស្សនកិច្ចនៅវៀតណាមចាប់ពីថ្ងៃទី ១២ ដល់ថ្ងៃទី ១៣ ខែធ្នូ តបតាមការអញ្ជើញរបស់អគ្គលេខាបក្សវៀតណាមលោក ង្វៀន ភូទ្រុង និងភរិយា, ប្រធានាធិបតីវៀតណាមលោក វូ វ៉ាន់ ថូង និងភរិយា។ នេះបើតាមការប្រកាសនៅថ្ងៃនេះរបស់គណៈកម្មាធិការកិច្ចការបរទេសនៃគណៈកម្មាធិការមជ្ឈិមបក្ស ។
ដំណើរទស្សនកិច្ច របស់ប្រធានាធិបតីចិន ស៊ី ជិនពីង នៅវៀតណាម ធ្វើឡើងក្នុងបរិបទ នៃប្រទេសទាំងពីរប្រារព្ធខួបលើកទី ១៥ នៃការបង្កើតទំនាក់ទំនងដៃគូ យុទ្ធសាស្ត្រលើគ្រប់ជ្រុងជ្រោយ ។ នេះជាដំណើរទស្សនកិច្ចលើកទី៣ របស់លោក ស៊ី នៅវៀតណាម ក្នុងនាមជាអគ្គលេខាធិការ និងជាប្រធានាធិបតីចិន ។
សូមជម្រាបថា ប្រទេសចិន គឺជាដៃគូពាណិជ្ជកម្ម ដ៏ធំបំផុតរបស់វៀតណាម អស់រយៈពេលជាច្រើនឆ្នាំជាប់ៗគ្នា ហើយវៀតណាមគឺ ជាដៃគូធំបំផុតរបស់ចិន នៅក្នុងតំបន់អាស៊ាន ។ យោងតាមអគ្គនាយកដ្ឋាន គយរបស់វៀតណាម បរិមាណពាណិជ្ជកម្មទ្វេភាគី សរុបក្នុងឆ្នាំ ២០២២ នឹងឈានដល់ ១៧៥,៦ ពាន់លានដុល្លារអាមេរិក ដែលក្នុងនោះការនាំចេញ របស់វៀតណាមនឹងឈានដល់ ៥៧,៧ ពាន់លានដុល្លារ ហើយការនាំចូលនឹងកើនឡើងដល់ ១១៧,៨៧ ពាន់លានដុល្លារ ៕
ប្រែសម្រួលៈ ណៃ តុលា