KHARTOUM៖ ប្រភពពីទីភ្នាក់ងារ Xinhua បានផ្សព្វផ្សាយនៅថ្ងៃទី៩ ខែធ្នូ ឆ្នាំ២០២៣ថា ទីភ្នាក់ងារសារព័ត៌មាន SUNA ផ្លូវការបានដកស្រង់សម្តីរបស់គណៈកម្មការជំនួយមនុស្សធម៌របស់ប្រទេសស៊ូដង់បានឲ្យដឹងកាលពីថ្ងៃសុក្រថា អង្គការមនុស្សធម៌ជាង៣.០០០ដែលកំពុងប្រតិបត្តិការនៅក្នុងប្រទេសស៊ូដង់បានឈប់ដំណើរការទាំងស្រុងគិតចាប់តាំងពីសង្រ្គាមស៊ីវិលរហូតដល់បច្ចុប្បន្នដែលបានកើតឡើងនៅពាក់កណ្តាលខែមេសា ។
គណៈកម្មការខាងលើនេះបានឲ្យដឹងថា “ទាំងនេះរួមមានអង្គការជាតិប្រហែល២.៩០០អង្គការបរទេសចំនួន១១០និងភ្នាក់ងារមនុស្សធម៌របស់អង្គការសហប្រជាជាតិ និងអង្គការក្នុងតំបន់ច្រើនជាង១០ទៀត” ដោយចង្អុលទៅផលប៉ះពាល់អវិជ្ជមាននៃសង្រ្គាមដែលផ្តោតលើស្ថានភាពមនុស្សធម៌នៅក្នុងប្រទេសនេះ ។
គណៈកម្មការបានបង្ហាញឲ្យដឹងថា ៨៥ភាគរយនៃបុគ្គលិកជំនួយអន្តរជាតិបានចាកចេញពីប្រទេសស៊ូដង់ដោយសារតែការកើនឡើងនៃហានិភ័យ ។
គួររំលឹកថា កាលពីថ្ងៃព្រហស្បតិ៍ ការិយាល័យអង្គការសហប្រជាជាតិសម្រាប់ការសម្របសម្រួលកិច្ចការមនុស្សធម៌ ហៅកាត់ថា (OCHA) បានឲ្យដឹងនៅក្នុងសេចក្តីថ្លែងការណ៍មួយថា អស្ថិរភាពសង្គម បណ្តាញទំនាក់ទំនងមិនល្អ កង្វះបុគ្គលិក និងឧបសគ្គខាងការិយាធិបតេយ្យបាននិងកំពុងប៉ះពាល់ដល់ការផ្តល់ជំនួយមនុស្សធម៌នៅក្នុងផ្នែកជាច្រើននៃប្រទេសស៊ូដង់ ។
ប្រទេសស៊ូដង់ បាននិងកំពុងត្រូវបានគេមើលឃើញអំពីការប៉ះទង្គិចគ្នាយ៉ាងខ្លាំងរវាងកងកម្លាំងប្រដាប់អាវុធស៊ូដង់ ហៅកាត់(SAF) និងកងកម្លាំងគាំទ្ររហ័សប៉ារ៉ាយោធា ហៅថា (RSF) នៅទីក្រុង Khartoum និងតំបន់ផ្សេងទៀតគិតចាប់តាំងពីថ្ងៃទី១៥ ខែមេសា ៕ ប្រែសម្រួលដោយ៖ ម៉ៅ បុប្ផាមករា