គែរ៖ ប្រភពពីទីភ្នាក់ងារព័ត៌មាន Reuters បានផ្សព្វផ្សាយនៅថ្ងៃទី១០ ខែធ្នូ ឆ្នាំ២០២៣ថា អ៊ីស្រាអ៊ែល បានបញ្ជាឱ្យពលរដ្ឋចេញពីកណ្តាលក្រុង Khan Younis ដែលស្ថិតនៅភាគខាងត្បូងនៃតំបន់ហ្គាហ្សា កាលពីថ្ងៃសៅរ៍ ខណៈអ៊ីស្រាអ៊ែលបានបន្ថយចម្ងាយនៃតំបន់ព័ទ្ធជុំវិញ បន្ទាប់ពីសហរដ្ឋអាមេរិកបានប្រើវេតូរបស់ក្រុមប្រឹក្សាសន្តិសុខអង្គការសហប្រជាជាតិ ដើម្បីការពារសម្ព័ន្ធមិត្តរបស់ខ្លួនពីការទាមទារឱ្យមានបទឈប់បាញ់គ្នា ។
គិតចាប់តាំងពីបទឈប់បាញ់បានផុតរលត់កាលពីសប្តាហ៍មុន អ៊ីស្រាអ៊ែលបានពង្រីកការវាយលុកលើដីរបស់ខ្លួនទៅកាន់ពាក់កណ្តាលភាគខាងត្បូងនៃតំបន់ហ្គាហ្សា ស្ទ្រីប ដោយរុញចូលទៅក្នុង Khan Younis ក្នុងពេលដំណាលគ្នានេះដែរ ភាគីទាំង២បានរាយការណ៍ពីការកើនឡើងនៃការប្រយុទ្ធគ្នានៅតំបន់ភាគខាងជើង ។
អ៊ីស្រាអ៊ែល បានឲ្យដឹងថា យុទ្ធនាការរបស់ខ្លួនកំពុងដំណើរការ ។ ទីប្រឹក្សាសន្តិសុខជាតិ Tzachi Hanegbi បានឲ្យដឹងថា កងកម្លាំងអ៊ីស្រាអ៊ែល បានសម្លាប់ពួកសកម្មប្រយុទ្ធហាម៉ាស់យ៉ាងហោចណាស់៧.០០០នាក់គិតមកដល់ពេលនេះ ដោយមិនបានប្រាប់ពីរបៀបដែលការប៉ាន់ប្រមាណនោះត្រូវបានធ្វើឡើងឡើយ ហើយមេបញ្ជាការយោធាឧត្តមសេនីយ៍ឯក លោក Herzi Halevi បានប្រាប់ដល់ទាហានថា “យើងត្រូវតែប្រឹងប្រែងបន្ថែមទៀត” ។
ចំនួនអ្នកស្លាប់ជាផ្លូវការនៅតំបន់ហ្គាហ្សាដែលប្រមូលដោយក្រសួងសុខាភិបាលប៉ាឡេស្ទីននៅក្នុងតំបន់ដែលគ្រប់គ្រងដោយក្រុមហាម៉ាស់បានកើនឡើងលើសពី១៧.៧០០០នាក់កាលពីថ្ងៃសៅរ៍ ដោយមនុស្សជាច្រើនពាន់នាក់ទៀតបានបាត់ខ្លួន និងសន្មតថា បានស្លាប់នៅក្រោមគំនរបាក់បែក ។ ក្រសួងធ្លាប់បានបញ្ជាក់ថា ប្រហែល៤០ភាគរយនៃអ្នកស្លាប់គឺជាកុមារអាយុក្រោម១៨ឆ្នាំ ៕ ប្រែសម្រួលដោយ៖ ម៉ៅ បុប្ផាមករា