ព័ត៌មានអន្តរជាតិ

សមាជិកអឺរ៉ុប សំខាន់មួយព្រមាន អំពីការផ្តល់ជំនួយថ្មី ឲ្យទៅអ៊ុយក្រែន

AFP

បរទេស ៖ យោងតាមការចេញផ្សាយរបស់ RT រដ្ឋមន្ត្រីការបរទេស អេស្បាញលោក Jose Manuel Albares បានធ្វើការលើកឡើង នៅក្នុងបទសម្ភាសន៍មួយ ជាមួយកាសែត El Pais ដែលបានចុះផ្សាយ កាលពីថ្ងៃអាទិត្យថាសហភាបអឺរ៉ុប ប្រហែលជាមិនមានមូលនិធិគ្រប់គ្រាន់ ដើម្បីបន្តការគាំទ្រ ផ្នែកហិរញ្ញវត្ថុរបស់ខ្លួនដល់ អ៊ុយក្រែននោះទេ។

យោងតាមការបញ្ជាក់បន្ថែមលោក Albares ដែលបានធ្វើអត្ថាធិប្បាយលើគម្រោង បែងចែកកញ្ចប់ជំនួយថ្មីចំនួន៥០ពាន់លានអឺរ៉ូឬត្រូវជា៥៣,៨ ពាន់លានដុល្លារទៅដល់ទីក្រុងគៀវ ប្លុកនេះអាចនឹងត្រូវពិនិត្យឡើង វិញនូវអាទិភាព របស់ខ្លួនឲ្យបានច្បាស់លាស់ជាងនេះ។

លោកបន្តថា៖យើងកំពុងស្ថិតក្នុង ដំណាក់កាលដំបូងនៃការពិភាក្សាអំពីក្របខ័ណ្ឌ ហិរញ្ញវត្ថុច្រើនមុខនៅឆ្នាំនេះ។ អ៊ុយក្រែន​មាន​តម្រូវ​ការ​សំខាន់​ខ្លាំង​ណាស់​ដែល​យើង​បាន​និង​កំពុង​គ្រប​ដណ្តប់​រហូត​ដល់​ពេល​នេះប៉ុន្តែ​ថវិកា​នៅ​មាន​កម្រិត ហើយ​អាទិភាព​ត្រូវ​តែ​ត្រូវ​បាន​វិភាគសាជាថ្មី​។

លោក Albares បានបន្ថែមថា ដំណោះស្រាយចំពោះជម្លោះក្នុងប្រទេសអ៊ុយក្រែន គឺជាការសម្រេចចិត្តដែលស្ថិតនៅក្នុងដៃរបស់រុស្ស៊ីប៉ុណ្ណោះ ប៉ុន្តែជាសញ្ញាថា ប្លុកនេះទំនងជាមិនបោះបង់គោលនយោបាយដាក់ទណ្ឌកម្មរបស់ខ្លួន ដើម្បីបង្ខំទីក្រុងម៉ូស្គូឱ្យបញ្ចប់ប្រតិបត្តិការយោធានោះទេ៕

ប្រែសម្រួល៖ស៊ុនលី

To Top