ព័ត៌មានអន្តរជាតិ

យន្តហោះចម្បាំង F-16 របស់អាមេរិក ធ្លាក់ពេលកំពុងហោះហ្វឹកហាត់ នៅកូរ៉េខាងត្បូង

AFP

បរទេស៖ ទីភ្នាក់ងារសារព័ត៌មានយ៉ុនហាប់ របស់កូរ៉េខាងត្បូង បានរាយការណ៍ដោយដកស្រង់ប្រភពពីយោធាថា យន្តហោះចម្បាំងប្រភេទ F-16 ដំណើរការដោយកងកម្លាំង សហរដ្ឋអាមេរិកនៅកូរ៉េ (USFK) បានធ្លាក់អំឡុងពេលសមយុទ្ធ ហ្វឹកហាត់នៅសមុទ្រលឿង នៅព្រឹកថ្ងៃចន្ទ ។

យោងតាមសារព័ត៌មាន RT ចេញផ្សាយនៅថ្ងៃទី១១ ខែធ្នូ ឆ្នាំ២០២៣ បានឱ្យដឹងដោយផ្អែកតាមការផ្សាយរបស់ យ៉ុនហាប់ថា ឧបទ្ទវហេតុនេះបានកើតឡើងនៅម៉ោងប្រហែល ៩ ព្រឹក ម៉ោងក្នុងស្រុក នៅឯឆ្នេរសមុទ្រភាគខាងលិចរបស់ប្រទេស កូរ៉េខាងត្បូង ក្បែរទីក្រុង Gunsan ក្នុងខេត្ត North Jeolla ។ អ្នកបើកយន្តហោះចម្បាំងបានចុចកៅអីសុវត្ថិភាពចេញ ហើយត្រូវបានជួយសង្គ្រោះនៅសមុទ្រ។ យ៉ាងណាក៏ដោយ មិនទាន់មានការបញ្ជាក់ជាផ្លូវការ អំពីព័ត៌មាននេះភ្លាមៗនោះទេ។

យន្តហោះចម្បាំង F-16 គឺជាយន្តហោះមួយ ក្នុងចំណោមយន្តហោះប្រហែល ៣០គ្រឿងដែលជាផ្នែកមួយនៃកងយន្តហោះចម្បាំងទី៨ របស់សហរដ្ឋអាមេរិក ដែលចែករំលែកមូលដ្ឋានអាកាស Kunsan ជាមួយទ្រព្យសម្បត្តិយោធាកូរ៉េខាងត្បូង។

ការធ្លាក់នេះជាឧបទ្ទវហេតុលើកទីពីរហើយនៅឆ្នាំនេះ៖ យន្តហោះ F-16 ដែលប្រតិបត្តិការដោយសហរដ្ឋអាមេរិកបានធ្លាក់ កាលពីខែឧសភានៅជិតមូលដ្ឋានអាកាស Osan នៅភាគពាយព្យនៃប្រទេសកូរ៉េខាងត្បូង។ យោធាអាមេរិកបាននិយាយនៅពេលនោះថា អ្នកបើកយន្តហោះដែលកំពុងចូលរួមក្នុង ទម្លាប់ហ្វឹកហាត់បានចុចកៅអីសុវត្ថិភាពចេញ ហើយត្រូវបានសង្គ្រោះដោយសុវត្ថិភាព ៕

ប្រែសម្រួលៈ ណៃ តុលា

To Top