ម៉ូស្គូ៖ ប្រធានាធិបតីរុស្ស៊ី លោក វ្ល៉ាឌីមៀ ពូទីន បានឲ្យដឹងថា រុស្ស៊ីនឹងបន្តបង្កើនការត្រៀម ខ្លួនប្រយុទ្ធរបស់កងកម្លាំង ជើងទឹករបស់ខ្លួន ហើយនឹងអនុវត្តផែនការទាំងអស់ សម្រាប់ការសាងសង់នាវាមុជទឹក និងនាវាលើផ្ទៃទឹក។

មេដឹកនាំរុស្ស៊ីបានធ្វើការកត់សម្គាល់ក្នុងពិធីលើកទង់ជាតិ សម្រាប់នាវាមុជទឹកដើរដោយ ថាមពលនុយក្លេអ៊ែរចំនួនពីរ គឺ Alexander III និង Krasnoyarsk ដែលនឹងចូលរួមជាមួយកងទ័ពជើងទឹករុស្ស៊ី ។
លោកបន្ដថា “យើងនឹងពង្រឹង បរិមាណនៃការត្រៀម ខ្លួនប្រយុទ្ធរបស់កងទ័ពជើងទឹករុស្ស៊ី កម្លាំងទ័ពជើងទឹករបស់យើង នៅក្នុងតំបន់អាក់ទិក ចុងបូព៌ា សមុទ្រខ្មៅ សមុទ្របាល់ទិក និងសមុទ្រកាសព្យែន” ។ នេះធ្វើឡើងនៅឯកន្លែងផលិតនាវា Sevmash ក្នុងទីក្រុង Severodvinsk នៃប្រទេសរុស្ស៊ី។
លោក ពូទីន បានលើកឡើងថា “យើងកំពុងបំពាក់ឱ្យកងទ័ពជើងទឹកជាប់លាប់ជាមួយនឹងឧបករណ៍ និងសព្វាវុធទំនើបបំផុត និងការបង្កើនការផលិតជាបន្ដបន្ទាប់” នេះបើយោងតាមការចុះផ្សាយ របស់ទីភ្នាក់ងារសារព័ត៌មានចិនស៊ិនហួ។
Alexander III គឺជានាវាមុជទឹកបំពាក់កាំជ្រួចមីស៊ីលផ្លោង លំដាប់ទី៧ ដែលត្រូវបានដាក់ឱ្យដំណើរការ។ នាវា Krasnoyarsk គឺជានាវាថាមពលនុយក្លេអ៊ែរ លំដាប់ទី៤។ ពួកគេទាំងពីរត្រូវបានបំពាក់ដោយមីស៊ីលផ្លោងអន្តរទ្វីប Bulava ។
មេដឹកនាំរុស្ស៊ីបានបន្ដថា នាវាថ្នាក់ទាំងអស់របស់ប្រទេស និងនាវាមុជទឹកថ្មី នឹង “ការពារសន្តិសុខរបស់រុស្ស៊ី ប្រកបដោយភាពជឿជាក់ និងធានាបាននូវការរារាំងជាយុទ្ធសាស្ត្រ សម្រាប់ឆ្នាំខាងមុខ”។
លោកបានបន្ថែមថា នាវាមុជទឹកប្រភេទ Borei ៣គ្រឿងទៀតកំពុងត្រូវបានសាងសង់ ដូច្នេះមាននាវា Yasen-class ចំនួន៥ រួមទាំងនាវាមុជទឹកដើរដោយថាមពលនុយក្លេអ៊ែរ Arkhangelsk ផងដែរ៕
ប្រែសម្រួល ឈូក បូរ៉ា
