ប៉េកាំង៖ ប្រធានាធិបតីចិនលោក ស៊ី ជីនពីង បានឲ្យដឹងនៅក្នុងកិច្ចពិភាក្សារបស់លោក ជាមួយមេដឹកនាំបក្សកុម្មុយនិស្តវៀតណាម លោក Nguyen Phu Trong ថាទីក្រុងប៉េកាំង ត្រៀមខ្លួនជាស្រេចក្នុងការធ្វើឱ្យ ស៊ីជម្រៅភាពជាដៃគូទ្វេភាគី និងកសាង “សហគមន៍ដែលមានអនាគតរួមគ្នា” ។
ទីភ្នាក់ងារព័ត៌មានចិនស៊ិនហួ ចេញផ្សាយថា ប្រទេសចិន បានចាត់ទុកទំនាក់ទំនងរបស់ខ្លួន ជាមួយវៀតណាមថាជា “អាទិភាព” នៅក្នុងទំនាក់ទំនងការទូតសង្កាត់របស់ខ្លួន ដោយលោក ស៊ី បានប្រាប់មេដឹកនាំ ខណៈដែលលោកបានមក បំពេញទស្សនកិច្ចនៅប្រទេសនេះជាលើកដំបូង ចាប់តាំងពីឆ្នាំ២០១៧ ។
លោក ស៊ី បានបន្ថែមថា ជាមួយនឹងកិច្ចខិតខំប្រឹងប្រែងរួមគ្នា ទំនាក់ទំនងចិន-វៀតណាមនឹង “ចូលទៅក្នុងដំណាក់កាលថ្មី នៃការជឿទុកចិត្តគ្នាទៅវិញទៅមក ផ្នែកនយោបាយ កិច្ចសហប្រតិបត្តិការសន្តិសុខរឹងមាំជាងមុន កិច្ចសហប្រតិបត្តិការផ្តល់ផលប្រយោជន៍ឱ្យគ្នាទៅវិញទៅមកកាន់តែស៊ីជម្រៅ” ។
ដំណើរទស្សនកិច្ចរបស់លោក ស៊ី ធ្វើឡើងបន្ទាប់ពីសហរដ្ឋអាមេរិក និងវៀតណាម បានប្រកាសក្នុងអំឡុងដំណើរទស្សនកិច្ច របស់លោកប្រធានាធិបតីលោក ចូ បៃដិន ទៅកាន់ទីក្រុងហាណូយកាលពីខែកញ្ញា អំពីការធ្វើឱ្យប្រសើរឡើងនូវទំនាក់ទំនង របស់ពួកគេទៅកាន់ចំណាត់ថ្នាក់ការទូតខ្ពស់បំផុត របស់ប្រទេសអាស៊ីអាគ្នេយ៍ ស្របជាមួយនឹងទំនាក់ទំនង របស់ខ្លួនជាមួយប្រទេសចិន និងរុស្ស៊ី។
ក្នុងដំណើរទស្សនកិច្ចរយៈពេល ពីរថ្ងៃរបស់លោក លោក ស៊ី ជីនពីង ក៏គ្រោងជួបជាមួយប្រធានាធិបតីវៀតណាម លោក Vo Van Thuong និងលោកនាយករដ្ឋមន្ត្រី Pham Minh Chinh ផងដែរ នេះបើយោងតាមការចុះផ្សាយ របស់ទីភ្នាក់ងារសារព័ត៌មានចិនស៊ិនហួ។
ប្រទេសជិតខាងអាស៊ីទាំងពីរ បានជាប់ពាក់ព័ន្ធនឹងជម្លោះទឹកដី នៅសមុទ្រចិនខាងត្បូង ប៉ុន្តែរក្សាទំនាក់ទំនងសេដ្ឋកិច្ចរឹងមាំ។ ចិនជាដៃគូពាណិជ្ជកម្មធំជាងគេ របស់វៀតណាម ខណៈវៀតណាមជាដៃគូពាណិជ្ជកម្មធំជាងគេទី៤ របស់ចិន ៕
ប្រែសម្រួល ឈូក បូរ៉ា