ម៉ូស្គូ៖ ប្រធានាធិបតីរុស្ស៊ី លោក វ្ល៉ាឌីមៀ ពូទីន បានឲ្យដឹងថា ការអភិវឌ្ឍន៍តំបន់អាកទិករបស់រុស្ស៊ី គឺជាអាទិភាព ដែលមិនអាចប្រកែកបាន សម្រាប់ប្រទេសរបស់លោក នេះបើយោងតាមការចុះផ្សាយរបស់ទីភ្នាក់ងារសារព័ត៌មានចិនស៊ិនហួ។
វិមានក្រឹមឡាំងបានដកស្រង់សម្តីលោក ពូទីន ដែលបានឲ្យដឹងនៅក្នុងកិច្ចប្រជុំមួយ ស្តីពីការអភិវឌ្ឍន៍ការតាំងទីលំនៅរឹងមាំនៅតំបន់អាកទិក។ លោក ពូទីន បានលើកឡើងថា ការអភិវឌ្ឍន៍របស់ Artic ត្រូវបានភ្ជាប់ដោយផ្ទាល់ទៅនឹងសក្តានុពលថាមពលរបស់រុស្ស៊ី សមត្ថភាពដឹកជញ្ជូន និងសន្តិសុខ និងការពារជាតិរបស់ប្រទេស។
លោកបានបន្តថា “ការអភិវឌ្ឍយ៉ាងទូលំទូលាយបន្ថែមទៀតនៃទឹកដីទាំងនេះ គឺជាអាទិភាពមិនអាចប្រកែកបានសម្រាប់យើង”។ លោកបន្ដថា គម្រោងវិនិយោគធំៗបានកំពុងអភិវឌ្ឍយ៉ាងសកម្មនៅក្នុងតំបន់ រួមទាំងមជ្ឈមណ្ឌលសំណង់ Novatek សម្រាប់រចនាសម្ព័ន្ធ Offshore ដែលមានសមត្ថភាពធំ ដែលផ្តោតលើការផលិតឧស្ម័នធម្មជាតិរាវ។
ទន្ទឹមនឹងការអនុវត្តគម្រោងឧស្សាហកម្មធំៗ ថាមពល និងគម្រោងផ្សេងៗទៀត វាមានសារៈសំខាន់ណាស់ក្នុងការអភិវឌ្ឍន៍វិស័យសេវាកម្ម និងភាពជាសហគ្រិន ដើម្បីបង្កើតឱកាសកាន់តែច្រើន សម្រាប់ប្រជាជន។
លោកបានបន្ថែមថា វាមានសារៈសំខាន់ដូចគ្នាក្នុងការជំរុញការថែទាំសុខភាព ការអប់រំ ការដឹកជញ្ជូន ទេសចរណ៍ និងវិស័យផ្សេងៗទៀត ដើម្បីលើកកម្ពស់សុខុមាលភាពរបស់ប្រជាជន ដែលរស់នៅក្នុងទីក្រុងអាកទិករបស់រុស្ស៊ី៕ប្រែសម្រួល ឈូក បូរ៉ា