ព័ត៌មានអន្តរជាតិ

លោក គីស៊ីដា ទំនងជានឹងជំនួស តំណែងរដ្ឋមន្ត្រី ៤រូប នៅថ្ងៃស្អែក ចំពេលមានរឿង អាស្រូវរៃអង្គាសប្រាក់

Kyodo

តូក្យូ៖ ប្រភពរដ្ឋាភិបាល បានឲ្យដឹងថា នាយករដ្ឋមន្ត្រីជប៉ុនលោក ហ្វូមីអូ គីស៊ីដា គ្រោងនឹងជំនួសតំណែង រដ្ឋមន្ត្រីចំនួន ៤រូប រួមទាំងអ្នកនាំពាក្យរដ្ឋាភិបាល កំពូលផងដែរ នៅព្រឹកថ្ងៃព្រហស្បតិ៍ ស្អែកនេះ ជុំវិញការជាប់ពាក់ព័ន្ធ ក្នុងរឿងអាស្រូវរៃអង្គាស ថវិកានយោបាយ ដែលផ្តោតលើបក្សពួកដ៏ធំបំផុត របស់គណបក្សកាន់អំណាច។

នៅក្នុងការវិវឌ្ឍន៍ ដាច់ដោយឡែកមួយ ប្រភពស៊ើបអង្កេតបានឲ្យដឹងថា បក្សសម្ព័ន្ធប្រជាធិបតេយ្យសេរី ត្រូវបានគេ សង្ស័យថា បានបញ្ជូនត្រឡប់មកវិញ នូវប្រាក់ចំណូលរបស់គណបក្ស ដែលមានចំនួនប្រហែល ៥០០លានយ៉េន (៣,៤លានដុល្លារ) ដល់សមាជិក ដែលលើស ពីកូតាលក់សំបុត្រ របស់ពួកគេក្នុងរយៈពេល ៥ឆ្នាំកន្លងមករហូត ដល់ឆ្នាំ២០២២ ។

ការចោទប្រកាន់ស្រដៀងគ្នាអំពីប្រាក់ចំណូលរបស់គណបក្ស ដែលរាយការណ៍មិនគ្រប់គ្រាន់បានលេចចេញ សម្រាប់បក្សពួកផ្ទាល់របស់លោក គីស៊ីដា កាលពីថ្ងៃអង្គារ ដោយមន្ត្រីបក្សពួកបានឲ្យដឹងថា ការរាយការណ៍តិចតួចនេះហាក់ដូចជាកំហុសផ្នែករដ្ឋបាល។

យោងតាមប្រភពស៊ើប អង្កេតបានឱ្យដឹងថា ក្នុងចំណោមរឿងអាស្រូវទាំងនេះ ប្រធានខុទ្ទកាល័យ និងអ្នកនាំពាក្យកំពូលលោក Hirokazu Matsuno ត្រូវបានចោទប្រកាន់ពីបទខកខាន ក្នុងការរាយការណ៍ អំពីប្រាក់ចំណូលជាង ១០លានយ៉េន ដែលរកបានពីព្រឹត្តិការណ៍ ដែលរៀបចំដោយក្រុមផ្ទៃក្នុង។

កាលពីថ្ងៃអង្គារ សភាតំណាងរាស្រ្តរបស់ប្រទេសជប៉ុន បានបោះឆ្នោតទម្លាក់សំណើមិនទុកចិត្តមួយប្រឆាំងនឹងលោក Matsuno ដែលដាក់ដោយគណបក្សប្រឆាំងប្រជាធិបតេយ្យរដ្ឋធម្មនុញ្ញជប៉ុននាំមុខគេ ដែលបានអះអាងថា រឿងអាស្រូវកំពុងរំខានលោក ពីតួនាទីជាអ្នកនាំពាក្យ ៕
ប្រែសម្រួល ឈូក បូរ៉ា

To Top