បរទេស៖ នាយកដ្ឋានស៊ើបអង្កេតពិសេស (DSI) របស់ប្រទេសថៃ បានចោទប្រកាន់ជនសង្ស័យចំនួន ២២នាក់ ក្នុងនោះរួមមាន បុគ្គល ១២ នាក់ និងនីតិបុគ្គល ១០នាក់ ពាក់ព័ន្ធនឹងការរត់ពន្ធសាច់ជ្រូក និងរឹបអូសទ្រព្យសម្បត្តិ របស់ពួកគេដែលមានតម្លៃប្រហែល ៩០ លានបាត។
យោងតាមសារព័ត៌មាន បាងកក ប៉ុស្តិ៍ ចេញផ្សាយនៅថ្ងៃទី១៣ ខែធ្នូ ឆ្នាំ២០២៣ បានឱ្យដឹងថា លោកវីរសេនីយ៍ Nathapol Ditsayatham ប្រធានផ្នែកស៊ើបអង្កេតករណីរត់ពន្ធ បាននិយាយនៅក្នុងសន្និសីទសារព័ត៌មាន កាលពីថ្ងៃអង្គារថា នាយកដ្ឋានស៊ើបអង្កេតពិសេស ក៏បានកោះហៅនាយកប្រតិបត្តិនៃក្រុមហ៊ុន Rainbow Group Co Ltd ក៏ដូចជាមន្ត្រីម្នាក់ទៀតដែលជាប់ ពាក់ព័ន្ធក្នុងការរត់ពន្ធសាច់ជ្រូកនេះ។
លោកបន្តថា សំណុំរឿងពិសេសលេខ ៥៩/២៥៥៦ ត្រូវបានដាក់ទៅគណៈកម្មាធិការជាតិ ប្រឆាំងអំពើពុករលួយ (NACC) ពាក់ព័ន្ធនឹងការប្រព្រឹត្តមិនត្រឹមត្រូវ។
DSI ក៏បានបន្តស៊ើបអង្កេតករណីចំនួន ៩ ពាក់ព័ន្ធនឹងសេវាកម្មដឹកជញ្ជូនឯកជន ដែលត្រូវបានចោទប្រកាន់ថា បាននាំចូលសាច់ជ្រូករត់ពន្ធចំនួន ២.៣៨៥ កុងតឺន័រ ដែលមានទម្ងន់ជិត ៦០.០០០ តោន។ មន្ត្រីមួយក្រុមមកពីទីភ្នាក់ងាររដ្ឋាភិបាលចំនួនពីរ ត្រូវបានគេរាយការណ៍ថា មានការទាក់ទងទៅនឹងប្រតិបត្តិការនេះ។
លោក Nathapol បានបន្តថា ការឆ្មក់ចូលនៅឃ្លាំងស្តុកសាច់ជ្រូក ចំនួនពីរកន្លែងក្នុងខេត្ត Nakhon Pathom បានរកឃើញថាក្រុមហ៊ុនដឹកជញ្ជូនឯកជនចំនួន ៣ ខាងលើបានបង់ថ្លៃរត់ពន្ធដល់ភ្នាក់ងារ ដើម្បីគេចពីពន្ធនាំចូល។ លោកបន្ថែមថា “DSI នឹងកោះហៅតំណាងឃ្លាំងនៅខេត្ត Nakhon Pathom ក្នុងសប្តាហ៍នេះ។ ប្រាក់ចំនួន ២៥៩ លានបាតត្រូវបានផ្ទេរទៅឱ្យពួកគេដោយក្រុមហ៊ុន Wealthy & Healthy Foods Co. ទោះជាយ៉ាងណាក៏ដោយ គ្មានការជួញដូរណាមួយត្រូវបាន ធ្វើឡើងបន្ទាប់ពីប្រតិបត្តិការនេះទេ។ ប្រាក់នោះត្រូវបានផ្ទេរទៅឱ្យក្រុមហ៊ុន ពីរផ្សេងទៀតមុនពេលបញ្ជូនទៅបរទេស»៕
ប្រែសម្រួលៈ ណៃ តុលា