យូអិន៖ ឧត្តមស្នងការអង្គការសហប្រជាជាតិទទួលបន្ទុកសិទ្ធិមនុស្ស លោក Volker Turk បានលើកឡើងពីសារៈសំខាន់នៃសន្តិភាព និងសន្តិសុខក្នុងការការពារ និងការលើកកម្ពស់សិទ្ធិមនុស្ស ដោយលើកឡើងថា វិធានការទាំងអស់គួរតែរួមចំណែកដល់ការទប់ស្កាត់ភាពតានតឹង និងជម្លោះ។
លោក Turk បានឲ្យដឹងនៅក្នុងព្រឹត្តិការណ៍រំលឹកខួបលើកទី៧៥ នៃសេចក្តីប្រកាសជាសកលស្តីពីសិទ្ធិមនុស្សថា “យើងនៅទីនេះ ដើម្បីកសាងឡើងវិញនូវមូលដ្ឋានគ្រឹះនៃក្តីសង្ឃឹម និងសង្ឃឹមថាឥឡូវនេះយើងត្រូវការច្រើនជាងពេលណាទាំងអស់” ។
ដោយបានហៅសិទ្ធិមនុស្សថា ជាគុណសម្បត្តិសាធារណៈសកល លោកបានលើកឡើងថា បុគ្គលគ្រប់រូបមានសិទ្ធិរស់នៅក្នុងសន្តិភាព ហើយបានជំរុញឱ្យមេដឹកនាំពិភពលោកចូលរួម ការឆ្លុះបញ្ចាំងយ៉ាងស៊ីជម្រៅអំពីរបៀប ដែលយើងអាចផ្លាស់ប្តូរសិទ្ធិមនុស្សត្រឡប់ទៅចំណុចកណ្តាលនៃការសម្រេចចិត្ត ដើម្បីទប់ស្កាត់ គ្រោះមហន្តរាយនៃសង្គ្រាម។
ការបិទព្រឹត្តិការណ៍រយៈពេលពីរថ្ងៃនៅថ្ងៃអង្គារម្សិលមិញនេះ ត្រូវបានសហការរៀបចំដោយការិយាល័យសិទ្ធិមនុស្សអង្គការសហប្រជាជាតិ និងរដ្ឋាភិបាលនៃប្រទេសស្វីស នេះបើយោងតាមការចុះផ្សាយរបស់ទីភ្នាក់ងារសារព័ត៌មានចិនស៊ិនហួ។
លោកបន្ដថា “វាជាវេនរបស់យើងឥឡូវនេះ ដើម្បីទទួលយកភារកិច្ចដ៏ជ្រាលជ្រៅ និងប្រកបដោយចក្ខុវិស័យនេះ ក្នុងការធានាថា សិទ្ធិមនុស្សក្លាយជាគោលដៅសំខាន់ និងជារបាំងការពារ ហើយថាយើងខិតខំស្វែងរកដំណោះស្រាយ ចំពោះបញ្ហាប្រឈមដ៏លំបាកបំផុតនៃពេលវេលារបស់យើង”៕ ប្រែសម្រួល ឈូក បូរ៉ា