ព័ត៌មានអន្តរជាតិ

នាយករដ្ឋមន្ត្រី​ប៉ាឡេស្ទីន ​ចោទ​អ៊ីស្រាអែល​ថា ​បាន​ប្រែក្លាយ​តំបន់​ហ្គាហ្សា ​ទៅ​ជា​កន្លែង​មិន​អាច​រស់​នៅ​បាន

រូបភាពពី៖​ XINHUA

រ៉ាម៉ាឡា៖ នាយករដ្ឋមន្ត្រីប៉ាឡេស្ទីន លោក Mohammed Ishtaye បានឲ្យដឹងថា អ៊ីស្រាអែលកំពុងស្វែងរកការប្រែក្លាយតំបន់ហ្គាហ្សាស្ទ្រីប ទៅជា “កន្លែងដែលមិនអាចរស់បាន” ដោយមានបំណងបង្ខំឱ្យប្រជាជនហ្គាហ្សា ផ្លាស់ទីលំនៅចេញពីទឹកដីរបស់ពួកគេ។

លោក Ishtaye បានឲ្យដឹងនៅឯកិច្ចប្រជុំគណៈរដ្ឋមន្ត្រីប្រចាំសប្តាហ៍ថា “ផែនការផ្លាស់ទីលំនៅនៅតែស្ថិតនៅលើតុរបស់អ៊ីស្រាអែល ​ប៉ុន្តែ​គ្មាន​កន្លែង​សម្រាប់​យើង ​ក្រៅ​ពី​ស្រុក​កំណើត ​និងទឹក​ដី​របស់​យើង​នោះទេ”។

លោកបានលើកឡើងថា “មានការអត់ឃ្លានដោយចេតនា នៅគ្រប់ទីកន្លែងនៅក្នុងតំបន់ហ្គាហ្សាស្ទ្រីប ជាពិសេសនៅភាគខាងជើង” ។ “អ្នកណាដែលនៅរស់រានមានជីវិតពីការទម្លាក់គ្រាប់បែកអាចស្លាប់ដោយភាពអត់ឃ្លាន ហើយអ្នកណា ដែលរួចផុតពីភាពអត់ឃ្លានអាចស្លាប់ដោយសារអវត្តមាននៃការព្យាបាល”។

លោកបន្ដថា “កងទ័ពអ៊ីស្រាអែលបានរុញច្រានពលរដ្ឋហ្គាហ្សា ពីភាគខាងជើងទៅភាគខាងត្បូងដោយកម្លាំង ហើយឥឡូវនេះការទម្លាក់គ្រាប់បែកកំពុងផ្តោតលើភាគខាងត្បូងហ្គាហ្សា រួមទាំងតំបន់ Khan Younis និង Deir al-Balah ហើយពួកគេទាំងអស់ត្រូវបានរុញឆ្ពោះទៅកាន់ច្រក Rafah ភាគខាងត្បូងឆ្ងាយពីតំបន់ហ្គាហ្សាស្ទ្រីប”។

យោងតាមអង្គការសហប្រជាជាតិ​ប្រជាជនប្រមាណ ១,៩ លាននាក់នៅហ្គាហ្សា ឬ ៨៥ ភាគរយនៃចំនួនប្រជាជនរបស់ខ្លួន ត្រូវបានជម្លៀសផ្ទៃក្នុង ដែលមួយចំនួនត្រូវបានផ្លាស់ទីលំនៅជាច្រើនដង។

ប្រជាជនជិត ១,៣លាននាក់នៃជនភៀសខ្លួន ត្រូវបានចុះឈ្មោះនៅក្នុង ១៥៤ កន្លែងរបស់ទីភ្នាក់ងារជំនួយ និងការងាររបស់អង្គការសហប្រជាជាតិ សម្រាប់ជនភៀសខ្លួនប៉ាឡេស្ទីន នៅទូទាំងតំបន់នេះ រួមទាំងជាង ១,១លាននាក់នៅក្នុងជម្រក ៩៧ របស់ទីភ្នាក់ងារនៅភាគកណ្តាល និងភាគខាងត្បូងនៃតំបន់ហ្គាហ្សា៕ ប្រែសម្រួល ឈូក បូរ៉ា

To Top