ព័ត៌មានអន្តរជាតិ

ចិន​ត្រៀម​ខ្លួន​ បង្កើន​ការ​នាំ​ចូល​ ទំនិញ​ពីវៀតណាម

VN Express

បរទេស៖ ក្នុងជំនួបពិភាក្សាកាល ពីថ្ងៃពុធនៅវិមានប្រធានាធិបតី លោក Thuong បានសម្តែងនូវបំណងចង់ឱ្យវៀតណាម និងចិនចែករំលែកបទពិសោធន៍អភិវឌ្ឍន៍ និងបង្កើនកិច្ចសហប្រតិបត្តិការ ជាក់ស្តែងលើគ្រប់វិស័យ ជាពិសេសក្នុងការជំរុញ ទំនាក់ទំនងពាណិជ្ជកម្ម និងវិនិយោគដ៏រឹងមាំ និងមានប្រសិទ្ធភាព។

យោងតាមសារព័ត៌មាន VN EXPRESS ចេញផ្សាយនៅថ្ងៃទី១៤ ខែធ្នូ ឆ្នាំ២០២៣ បានឱ្យដឹងថា លោក Thuong បានស្នើឱ្យបង្កើនទំនាក់ទំនងដឹកជញ្ជូន និងពង្រីកកិច្ចសហប្រតិបត្តិការលើវិស័យកសិកម្ម បរិស្ថាន វិទ្យាសាស្ត្រ និងបច្ចេកវិទ្យា និងការថែទាំសុខភាព ដូចដែលបានរាយការណ៍ ដោយក្រសួងការបរទេស។

លោកក៏បានស្នើឱ្យបង្កើនការផ្លាស់ប្តូរប្រជាជន និងជំរុញឱ្យមានការចូលរួមរវាងប្រជាពលរដ្ឋ ជាពិសេសយុវជន ដើម្បីជំរុញការយោគយល់គ្នា និងមិត្តភាព តាមរយៈការពង្រឹងមូលដ្ឋានសង្គមសម្រាប់ទំនាក់ទំនងរវាងបក្សទាំងពីរ និងប្រជាជាតិទាំងពីរ។

លោក ស៊ី ជិនពីង ប្រធានាធិបតីចិន បានរំលឹកឡើងវិញនូវការប្តេជ្ញាចិត្ត របស់ប្រទេសចិនក្នុង ការបង្កើនការនាំចូល ពីប្រទេសវៀតណាម ជាពិសេសផលិតផល កសិកម្មដែលមានគុណភាពខ្ពស់ ជំរុញសហគ្រាសចិនឱ្យបង្កើន ការវិនិយោគដែលមានគុណភាពខ្ពស់ ដែលឆ្លុះបញ្ចាំងពីការរីកចម្រើនផ្នែកវិទ្យាសាស្ត្រ និងបច្ចេកវិទ្យារបស់ប្រទេសចិន។

លោក ស៊ី បានបង្ហាញ ក្តីសង្ឃឹម សម្រាប់ការពង្រឹងមូលដ្ឋាន គ្រឹះនយោបាយ រវាងប្រទេសទាំងពីរ និងការពង្រឹងកិច្ច សហប្រតិបត្តិការ ជាក់ស្តែង ដើម្បីជំរុញការងើបឡើងវិញ និង ការអភិវឌ្ឍសេដ្ឋកិច្ច ព្រមទាំងជំរុញការតភ្ជាប់ យុទ្ធសាស្ត្ររវាងសេដ្ឋកិច្ចទាំងពីរ។

លោកបានគាំទ្រសម្រាប់ការធ្វើ សមាហរណកម្មប្រកប ដោយប្រសិទ្ធភាពនៃគំនិតផ្តួចផ្តើម “ខ្សែក្រវាត់ និងផ្លូវ” ជាមួយក្របខ័ណ្ឌ “ច្រករបៀងពីរ ខ្សែក្រវ៉ាត់មួយ” ការបង្កើតខ្សែសង្វាក់ផ្គត់ផ្គង់ និងផលិតកម្មក្នុងតំបន់ប្រកបដោយស្ថិរភាព បង្កើនកិច្ចសហប្រតិបត្តិការក្នុងសហគ្រាសរដ្ឋ និងការបង្កើនការប្រើប្រាស់រូបិយប័ណ្ណក្នុងស្រុកក្នុងពាណិជ្ជកម្មទ្វេភាគី៕

ប្រែសម្រួលៈ ណៃ តុលា

To Top