ព័ត៌មានអន្តរជាតិ

មន្រ្តីសុខភាពរបស់ថៃ ប្រាប់ឪពុកម្តាយ ឱ្យការពារកូន ពីកម្រិតបំពុលខ្យល់ PM2.5

The Nation

បរទេស៖ នៅពេលដែលផ្សែងអ័ព្ទកម្រិត PM2.5 (ភាគល្អិតនិចលតូចៗក្នុងខ្យល់អាចបង្កផលប៉ះពាល់ដល់សុខភាព) ត្រលប់មកប្រទេសថៃ វិញក្នុងរដូវត្រជាក់ នាយកដ្ឋាន សេវាកម្មវេជ្ជសាស្រ្ដ (DMS) បានណែនាំឪពុកម្តាយអំពីរបៀបការពារ កូនរបស់ពួកគេពីផលប៉ះពាល់ដែលបំផ្លាញសុខភាព នៃការបំពុលខ្យល់នេះ។ ធូលី PM2.5 អាចចូលជ្រៅក្នុងសួត បង្កើនហានិភ័យនៃបញ្ហា សុខភាពដូចជាជំងឺបេះដូង និងជំងឺហឺត។

យោងតាមសារព័ត៌មាន The Nation របស់ថៃ ចេញផ្សាយនៅថ្ងៃទី១៣ ខែធ្នូ ឆ្នាំ២០២៣ បានឱ្យដឹងថា នាយករង នាយកដ្ឋានសេវាកម្មវេជ្ជសាស្រ្ដ លោកវេជ្ជបណ្ឌិត Weerawut Imsamran បានបញ្ជាក់កាលពីថ្ងៃអង្គារថា ការបំពុលបរិយាកាស PM2.5 បង្កគ្រោះថ្នាក់ដល់សុខភាព ជាពិសេស ចំពោះអ្នកជំងឺផ្លូវដង្ហើម និងកុមារតូចៗ ជាមួយនឹងការប៉ះពាល់យូរ ដែលនឹងបង្កើនហានិភ័យ នៃជំងឺមហារីកសួត។

វេជ្ជបណ្ឌិត Akarathan Jitnuyanont នាយកវិទ្យាស្ថានសុខភាព កុមារជាតិ Queen Sirikit បាននិយាយថា ឪពុកម្តាយត្រូវបានណែនាំ ឱ្យបញ្ឈប់សកម្មភាពខាងក្រៅ សម្រាប់កុមារ ក្នុងអំឡុងពេលដែលមានកំហាប់ PM2.5 កម្រិតខ្ពស់។

ប្រទេសថៃដាក់កម្រិតសុវត្ថិភាព PM2.5 នៅកម្រិត 37.5 មីក្រូក្រាមក្នុងមួយម៉ែត្រគូប (µg/m3) នៃខ្យល់ក្នុងរយៈពេល ២៤ ម៉ោង។ ទោះជាយ៉ាងណាក៏ដោយ អង្គការសុខភាពពិភពលោកបានណែនាំថា ការប៉ះពាល់ជាមធ្យមរយៈពេល ២៤ ម៉ោងមិនគួរលើសពី 15 µg/m3 ឡើយ។

លោក Akarathan បាននិយាយថា “ប្រសិនបើការចេញទៅក្រៅ ដោយជៀស មិនរួច គឺត្រូវប្រាកដថា កុមារពាក់ការការពារ សមរម្យ រួមទាំងរបាំងមុខ N95” ។ ឪពុកម្តាយអាចសម្អាត ច្រមុះរបស់កូនពួកគេជាមួយនឹងទឹកអំបិល ដើម្បីលាងជម្រះភាគ ល្អិតល្អ និងធ្វើឱ្យដង្ហើមរបស់ពួកគេប្រសើរឡើង បន្ទាប់ពីចំណាយពេល នៅខាងក្រៅក្នុងខ្យល់កខ្វក់។

វេជ្ជបណ្ឌិត Akarathan ក៏បានណែនាំផងដែរអំពីការផ្សាភ្ជាប់តំបន់ក្នុងផ្ទះដោយបិទបង្អួច និងទ្វារទាំងអស់ ដោយបន្ថែមថា ម៉ាស៊ីនបន្សុតខ្យល់ដែលមានតម្រង HEPA (ប្រសិទ្ធភាពខ្ពស់ក្នុងការស្រូបយកភាគល្អិត) អាចជួយកាត់បន្ថយកម្រិត PM2.5 នៅក្នុងកន្លែងបិទជិត ៕
ប្រែសម្រួលៈ ណៃ តុលា

To Top