ព័ត៌មានអន្តរជាតិ

Update៖ លោក Zelensky ទៅបំពេញទស្សនកិច្ចមួយ នៅក្នុងប្រទេសណ័រវេសន៍

AFP

អូស្លូ ៖ ប្រភពពីទីភ្នាក់ងារ Xinhua បានផ្សព្វផ្សាយនៅថ្ងៃទី១៤ ខែធ្នូ ឆ្នាំ២០២៣ថា រដ្ឋាភិបាលណ័រវេសន៍បានឲ្យដឹងនៅក្នុងសេចក្តីថ្លែងការណ៍មួយថា កាលពីថ្ងៃពុធ លោក Volodymyr Zelensky ប្រធានាធិបតីអ៊ុយក្រែន បានធ្វើដំណើរទៅដល់ទីក្រុង Oslo ដើម្បីបំពេញទស្សនកិច្ច នៅក្នុងប្រទេសណ័រវេសន៍ ។
លោក Jonas Gahr Store នាយករដ្ឋមន្រ្តីណ័រវេសន៍ នឹងជួបជាមួយលោក Zelensky ដើម្បីពិភាក្សាអំពីប្រធានបទផ្សេងៗ រួមទាំងការគាំទ្របន្ថែមទៀតរបស់ណ័រវេសន៍សម្រាប់អ៊ុយក្រែន ។

លោក Store បានថ្លែងនៅក្នុងសេចក្តីថ្លែងការណ៍ថា “ខ្ញុំរីករាយដែលមានឱកាសដើម្បីស្វាគមន៍លោក Volodymyr Zelensky មកកាន់ប្រទេសណ័រវេសន៍។ ខ្ញុំទន្ទឹងរង់ចាំការពិភាក្សាប្រកបដោយស្ថាបនារបស់យើង” ។ លោក Store បានថ្លែងយ៉ាងដូច្នេះនៅក្នុងសេចក្តីថ្លែងការណ៍ដោយកត់សម្គាល់ថា ណ័រវេសន៍នឹងបន្តផ្តល់ការគាំទ្រជាគោលដៅ និងយូរអង្វែងដើម្បីជួយដល់អ៊ុយក្រែន ។

លោក Zelensky ក៏នឹង ចូលរួមកិច្ចប្រជុំកំពូល Nordic ដែលនឹងប្រព្រឹត្តទៅនៅទីក្រុង Oslo នៅថ្ងៃដដែលនោះ ដែលនឹងចូលរួមដោយ ប្រធានាធិបតីហ្វាំងឡង់ Sauli Niinisto នាយករដ្ឋមន្ត្រីអ៊ីស្លង់ Katrin Jakobsdottir នាយករដ្ឋមន្ត្រីដាណឺម៉ាក Mette Frederiksen និងនាយករដ្ឋមន្ត្រី ស៊ុយអែត Ulf Kristersson និងមានការរៀបចំដោយលោក Store ៕
ប្រែសម្រួលដោយ៖ ម៉ៅ បុប្ផាមករា

To Top