ព័ត៌មានអន្តរជាតិ

លោក Wang Yi ឧទ្ទេសនាមអំពីដំណើរទស្សនកិច្ច ផ្លូវរដ្ឋនៅវៀតណាម របស់លោក Xi Jinping អគ្គលេខាធិការ នៃគណៈកម្មាធិការ មជ្ឈិមបក្សកុម្មុយនីស្តចិន និងជាប្រធានរដ្ឋចិន

ពីថ្ងៃទី១២ ដល់ថ្ងៃទី១៣ ខែធ្នូ ឆ្នាំ២០២៣ តបតាមការអញ្ជើញរបស់លោកNguyen Phu Trọng អគ្គលេខាធិការ នៃគណៈកម្មាធិការមជ្ឈិមបក្សកុម្មុយនីស្តវៀតណាម និងលោក Vo Van Thuong ប្រធានរដ្ឋ នៃប្រទេសវៀតណាម លោក Xi Jinping អគ្គលេខាធិការនៃគណៈកម្មាធិការមជ្ឈិមបក្សកុម្មុយនីស្តចិន និងជាប្រធានរដ្ឋចិនបានបំពេញទស្សនកិច្ចផ្លូវរដ្ឋនៅប្រទេសវៀតណាម ។ បន្ទាប់ពីបញ្ចប់ដំណើរទស្សនកិច្ចលើកនេះ លោក Wang Yi សមាជិកការិយាល័យនយោបាយ នៃគណៈកម្មាធិការមជ្ឈិមបក្សកុម្មុយនីស្តចិននិងជារដ្ឋមន្ត្រីការបរទេសចិន បានឧទ្ទេសនាមអំពីសភាពការណ៍ដំណើរទស្សនកិច្ច លើកនេះទៅកាន់អ្នកសារព័ត៌មានដែលបានអមដំណើរទស្សនកិច្ច ។

លោក Wang Yi បានថ្លែងថា ដំណើរទស្សនកិច្ចផ្លូវរដ្ឋនៅវៀតណាមរបស់លោក Xi Jinping អគ្គលេខាធិការនៃគណៈកម្មាធិការមជ្ឈិមបក្សកុម្មុយនីស្តចិន និងជាប្រធានរដ្ឋចិនទទួលបានភាពជោគជ័យដោយគាប់ប្រសើរនិងមានសារសំខាន់ជាប្រវតិ្តសាស្ត្រ ហើយបានក្លាយជានិមិត្តសញ្ញាថ្មីនៃទំនាក់ទំនងរវាងបក្សនិងរដ្ឋ នៃប្រទេសទាំងពីរចិននិងវៀតណាម ។

ទីមួយ ទំនាក់ទំនងរវាងចិននិងវៀតណាមបានឡើងដល់កម្រិតថ្មី អគ្គលេខាធិការបក្សទាំងពីររូបបានកំណត់ទិសដៅថ្មី នៃទំនាក់ទំនងរវាងបក្សនិងរដ្ឋ នៃប្រទេសទាំងពីរ ហើយបានប្រកាសថា នឹងចាប់ដៃគ្នាកសាងសហគមន៍រួមវាសនារវាងចិននិងវៀតណាម ប្រកបដោយអត្ថន័យជាយុទ្ធសាស្ត្រ លើមូលដ្ឋានធ្វើឱ្យស៊ីជម្រៅនូវទំនាក់ទំនង ភាពជាដៃគូសហប្រតិបតិ្តការយុទ្ធសាស្ត្រគ្រប់ជ្រុងជ្រោយ បានជាទំនាក់ទំនងរវាងចិននិងវៀតណាម បានឡើងដល់កម្រិតថ្មី ។

ទីពីរ កិច្ចសហប្រតិបតិ្តការជាក់ស្តែងទទួលបានសមិទ្ធផលថ្មី ក្នុងអំឡុងពេលដំណើរទស្សនកិច្ចលើកនេះ ភាគីទាំងពីរបានចុះហត្ថលេខាលើកិច្ចព្រមព្រៀងសហប្រតិបតិ្តការចំនួនជាង៣០ច្បាប់​​ ដែលគ្របដណ្តប់គ្រប់វិស័យ ដូចជា “ខ្សែក្រវាត់និងផ្លូវ” កិច្ចសហប្រតិបតិ្តការខាងការអភិវឌ្ឍ សេដ្ឋកិច្ចឌីជីថល ការអភិវឌ្ឍបៃតង គមនាគមន៍និងដឹកជញ្ជូន ការត្រួតពិនិត្យនិងចត្តាឡីស័ក កិច្ចសហប្រតិបតិ្តការសន្តិសុខខាងការពារជាតិនិងការអនុវត្តច្បាប់ និងកិច្ចសហប្រតិបតិ្តការលើសមុទ្រជាដើម ដែលបានត្រួសត្រាយវិសាលភាពនិងភាពស៊ីជម្រៅ នៃទំនាក់ទំនងរវាងចិននិងវៀតណាម ។

ទីបី ចារទំព័រថ្មីដើម្បីបន្តពង្រឹងនិងពង្រីកចំណងមិត្តភាពប្រពៃណី ក្នុងអំឡុងពេលដំណើរទស្សនកិច្ចលើកនេះ លោកអគ្គលេខាធិការបក្ស Xi Jinping និងអ្នកដឹកនាំនៃប្រទេសវៀតណាមបានគូសបញ្ជាក់សារចុះសារឡើងពីសារសំខាន់ នៃការពង្រឹងនិងពង្រីកចំណងមិត្តភាពប្រពៃណីក្នុងបរិបទថ្មី ។ លោក Xi Jinping បានលើកឡើងថា កិច្ចសហប្រតិបតិ្តការរវាងចិន និងវៀតណាម គួរតែផ្តោតសំខាន់ទៅលើវិស័យជីវភាពរស់នៅរបស់ប្រជាជនថែមទៀត ជាពិសេសគឺត្រូវបង្កើនកិច្ចសហប្រតិបតិ្តការលើវិស័យយុវជននិងតំបន់ជាដើម បង្កើនការទទួលស្គាល់របស់ប្រជាជន នៃប្រទេសទាំងពីរចំពោះសហគមន៍រួម វាសនារវាងចិននិងវៀតណាម ក៏ដូចជាពង្រឹងមូលដ្ឋាន នៃក្តីបំណងរបស់ប្រជាជននិងមូលដ្ឋានក្នុងសង្គមជាបន្តបន្ទាប់ផងដែរ ៕ អត្ថបទ និងរូបភាពដោយវិទ្យុមិត្តភាពកម្ពុជាចិន

To Top